កីឡាជាតិ
ជាតិ
​ស៊ិន កក្កដា ប្រាប់​មូលហេតុ​គ្មានឈ្មោះ​ក្នុង​ជម្រើសជាតិ​លើកដំបូង និង​ស្នើ​កុំ​សន្និដ្ឋាន​ច្រឡំ​លើ​ខ្លួន​
08, Jun 2019 , 11:16 am        
រូបភាព
ដោយ: ថ្មីៗ
«​ហេតុអ្វី​ខ្ញុំ​មិនមាន​ឈ្មោះ​ពីដំបូង​នៅ​ក្រុម​ជម្រើសជាតិ​?»​។ នេះ​ជា​សំណួរ​របស់ ស៊ិន កក្កដា ពាក់ព័ន្ធ​នឹង​វត្តមាន​របស់ខ្លួន​ពេល​ហាត់​ក្នុង​ក្រុម​ជម្រើសជាតិ ទាំង​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​២៥​នាក់​ដំបូង​។ សារព័ត៌មាន និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក មួយចំនួន​តូច បានផ្តល់​ការសន្និដ្ឋាន​ផ្ទាល់ខ្លួន​ទាក់ទង​នឹង​ករណីនេះ ដោយ​សរសេរថា កក្កដា ចូល​ហាត់​ជម្រើសជាតិ​វិញ ដោយសារតែ​ឃើញ​ការសន្យា​ផ្តល់ប្រាក់​របស់​អ្នកចាត់ការ​ទូទៅ លោក Keisuke Honda​។ កក្កដា ខកចិត្ត​យ៉ាងខ្លាំង ហើយ​នៅ​ថ្ងៃទី​៨ ខែមិថុនា នេះ ខ្សែបម្រើ​ក្លិប​វិសាខា បាន​បកស្រាយ ខណៈ​កំពុងមាន​វត្តមាន​នៅក្នុង​ដូ​ហា ប្រទេស​កាតា​។​



«​គឺ​ដោយសារ​ខ្ញុំ​ត្រូវបាន ក្លិប Chainat FC នៅ​ប្រទេស​ថៃ អញ្ជើញ​ឲ្យ​ហាត់​សាកល្បង​សមត្ថភាព (TEST) ជាមួយនឹង​ក្លិប​នៅ​ថ្ងៃទី​០៤ ខែមិថុនា​ឆ្នាំ​២០១៩ រយ​:​ពេល​មួយ​សប្ដាហ៍ ហើយ​បើជា​ប់ ខ្ញុំ​នឹងចូលរួម​ជា​ក្លិប សម្រាប់​ជើង​ទី​២ នៃ​លី​គ​កំពូល​ថៃ ក្នុងនាម​ជា​កីឡាករ​កូតា​អាស៊ាន​»​។ នេះ​ជាការ​បកស្រាយ​របស់ ស៊ិន កក្កដា​។​
ខ្សែបម្រើ​វ័យក្មេង​រូបនេះ បាន​បន្ថែមថា មួយថ្ងៃ​មុនពេល​ចេញដំណើ​រ គ្រូបង្វឹក​ជម្រើសជាតិ បាន​ពិភាក្សា​ជាមួយ​រូបគេ និង​ថ្នាក់ដឹកនាំ​ក្លិប​វិសាខា​។  «​ចុងក្រោយ យើង​ក៏បាន​សម្រេច​គ្នា​ថា ខ្ញុំ​ត្រូវ​ចូលរួម​ជម្រើសជាតិ​»​។ នេះ​ជាការ​ពន្យល់​របស់ កក្កដា​។​

«​ខ្ញុំ​ត្រូវ​បាត់បង់​ឱកាស​មាស​មួយ​ដែល​អាច​លេង​នៅ​លី​គ​ថៃ តែ​ខ្ញុំ​បានទទួល​ឱកាស​ដែលមាន​តម្លៃ​ដ៏​ធំធេង​មួយ គឺ​ខ្ញុំ​មាន​ចំណែក​ក​ចូលរួម​ជាមួយ​ជម្រើសជាតិ ក្នុង​យុទ្ធនា​ការប្រកួត​World Cup វគ្គ​ដំបូង ដែល​វា​ជា​សុបិន​របស់​កីឡាករ​បាល់ទាត់​គ្រប់រូប​»​។​



សូមបញ្ជាក់ថា កក្កដា មាន​វត្តមាន​ចូល​ហាត់​ក្នុង​ក្រុម​ជម្រើសជាតិ មុន​ការប្រកួត​ជម្រុះ​បឋម World Cup ជើង​ទីមួយ ជាមួយ​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃទី​៦ ខែមិថុនា បន្ទាប់ពី​មាន​សំណេរ​ជា​ភាសា​ខ្មែរ​ដ៏​ភ្ញាក់ផ្អើល​មួយ​របស់លោក Keisuke Honda នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​។
​ក្នុងនោះ លោក Honda បានលើកឡើង​ពី​ការផ្តល់ប្រាក់​ឧបត្ថម្ភ​៥​ដុល្លារ​ក្នុង​១​ថ្ងៃ សម្រាប់​អ្នក​ដែល​មានបំណង​ហ្វឹកហាត់​ជាមួយ​លោក ជាមួយ​ក្តី​សុបិន World Cup​។

«​ខ្ញុំ​មានការ​សោកស្ដាយ​ដែលមាន​សារព័ត៌មាន​ខ្លះ បាន​ចុះផ្សាយ​ដោយ​ខុសពី​ការពិត ដែលថា​ខ្ញុំ​កំពុង​រិះគន់​ទៅលើ​លោកគ្រូ Honda​។ តាមពិតទៅ ខ្ញុំ​គ្រាន់តែ​ចង់​ឆ្លើយតប​ទៅកាន់​បុគ្គល​មួយចំនួន​ដែលថា​ខ្ញុំ​ទៅ​ហាត់​ដើម្បី​ប្រាក់​៥​ដុល្លារ រហូត​មាន​អ្នកយល់ច្រឡំ តិះដៀល​ប្រមាថ​ដល់​ឪពុកម្ដាយ​ខ្ញុំ ដោយសារ​រឿងនេះ​»៕



Tag:
 ជម្រើសជាតិ
  Asian Cup
  World Cup
  ស៊ិន កក្កដា
© រក្សាសិទ្ធិដោយ thmeythmey.com