ជាតិ
លោក ហ៊ុន ម៉ា​នី រំឭក​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​លើ​លំហូរ​ចូល​នៃ​វប្បធម៌​បរទេស​
08, Jun 2019 , 12:29 pm        
រូបភាព
​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ លោក ហ៊ុន ម៉ា​នី ​ដឹកនាំ​ប្រតិភូ​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា ឆ្ពោះទៅកាន់​ខេត្តតាកែវ កំពត និង​ខេត្ត​កែប​។ លោក ហ៊ុន ម៉ា​នី បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ និង​អាជ្ញាធរខេត្ត យកចិត្តទុកដាក់​ខ្ពស់​លើ​លំហូរ​ចូល​នៃ​វប្បធម៌​បរទេស​។


 
​ក្នុង​ដំណើរ​បេសកកម្ម​ទៅកាន់​ខេត្តតាកែវ កែប និង​កំពត កាលពីដើម​សប្តាហ៍​នេះ តំណាងរាស្ត្រ ហ៊ុន ម៉ា​នី បាន​រំឭក​ដល់​ថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត​នីមួយៗ ឱ្យមាន​ការយកចិត្តទុកដាក់ និង​ថែរក្សា​ឲ្យ​បាន​នូវ​សុ​ខុ​ដុម​នីយកម្ម​នៃ​ការរស់នៅ​ក្នុងសង្គម​។ លោក ហ៊ុន ម៉ា​នី បានលើកឡើង​យ៉ាងនេះ ខណៈដែល​លោក​សង្កេតឃើញ​ភាព​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ និង​ការហូរចូល​នូវ​វប្បធម៌​បរទេស​តាមរយៈ​ភ្ញៀវទេសចរ ការធ្វើ​អាជីវកម្ម ការវិនិយោគ​ជាដើម​។​


លោក ហ៊ុន ម៉ានី ដឹក​នាំ​កិច្ច​ប្រជុំ​គណៈកម្មការទី៧ នៅ​ខេត្ត​កំពត
 
​ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា វប្បធម៌ កិច្ចការ​សាសនា និង​ទេសចរណ៍​នៃ​រដ្ឋសភា បាន​ថ្លែងថា​វប្បធម៌​ជាការ​ផ្សារភ្ជាប់​ប្រវត្តិសាស្ត្រ​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល ជាពិសេស ការថែរក្សា​វប្បធម៌​នៃ​ការរស់នៅ និង​អាច​ធានាបាន​នូវ​សុ​ខុ​ដុម​នីយកម្ម​សង្គម​។ សម្រាប់​លោក ហ៊ុន ម៉ា​នី វប្បធម៌​ជាការ​អប់រំ​ផ្នត់គំនិត និង​ឥរិយាបថ​ក្នុងសង្គម ហើយ​ការអប់រំ​តាមរយៈ​វប្បធម៌ នឹងធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចេះ​អធ្យាស្រ័យ​គ្នា​។ 
 
​លោក ហ៊ុន ម៉ា​នី បាន​បន្ថែមថា​៖ «​វប្បធម៌​កំពុង​មានការ​ប្រឈម​ក្នុង​បរិបទ​សាកលភាវូបនីយកម្ម នាពេល​បច្ចុប្បន្ន និង​អនាគត​។ ក្នុងន័យនេះ យើង​នឹង​អាច​ប្រឈម​ជាមួយ​ឥទ្ធិពល​វប្បធម៌​បរទេស​ដែល​ហូរ​ចូលមក​។ ដូច្នេះ យើងទាំងអស់គ្នា​ត្រូវមាន​ស្មារតី​ថែរក្សា​អត្តសញ្ញាណ ទំនៀម​ទំលាប់ ប្រពៃណី​ខ្មែរ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ក្នុងសង្គម និង​ភាពជា​ខ្មែរ​អោយបាន​ជាដាច់ខាត​»​។ 


លោក ហ៊ុន ម៉ានី ទៅទស្សនកិច្ចនៅសហគមន៍ត្រពាំងសង្កែក្នុងខេត្តកំពត
 
​សូមបញ្ជាក់ថា ក្នុង​ដំណើរ​បេសកកម្ម​រាជធានី​ខេត្ត រយៈពេល​៥​ថ្ងៃនេះ លោក ហ៊ុន ម៉ា​នី បាន​ដឹកនាំ​គណៈប្រតិភូ​ជួបប្រជុំ​ជាមួយ​អភិបាល​ខេត្តតាកែវ​, ខេត្ត​កែប និង​ខេត្តកំពត ដោយ​ពាក់ព័ន្ធ​នឹង​ការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​។ ជាមួយគ្នានេះ លោក ហ៊ុន ម៉ា​នី ដែលជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក៏​ឆ្លៀតពេល​ជួប​សំណេះសំណាល​ជាមួយ​សមាជិក នៅតាម​បណ្ដា​ខេត្ត​ទាំងបី​។ ក្នុង​បេសកកម្ម​ដដែល លោក ហ៊ុន ម៉ា​នី ក៏បាន​ទៅ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​តំបន់​ទេសចរណ៍​សហគម​ន៍​ត្រពាំង​សង្កែ​ក្នុង​ខេត្តកំពត​ផងដែរ​៕ 
 

លោក ហ៊ុន​ ម៉ានី ទៅទស្សនកិច្ចនៅសារមន្ទីរខេត្តតាកែវ


Tag:
 ហ៊ុន ម៉ា​នី​
  សស​យក​
  វប្បធម៌​
  បរទេស​
© រក្សាសិទ្ធិដោយ thmeythmey.com