អន្តរជាតិ
សាលារៀនមួយនៅឥណ្ខាទទួលយកសំណល់ប្លាស្ទិកពីក្មេងៗ ជំនួសលុយថ្លៃបង់សាលា
×
ដោយ៖ យ៉ន សុខន
វាជារឿងធម្មតាដែលសិស្សានុសិស្សនៃមកដល់ថ្នាក់រៀនដោយស្ពាយកាបូបផ្ទុកសម្ភារៈសិក្សាដូចជា ប៊ិច បន្ទាត់ និងសៀវភៅជាដើម ប៉ុន្តែសាលារៀនមួយនៅឥណ្ឌា សិស្សសាលារៀនដោយដៃកាន់ស្បោងដែលពេញដោយសម្រាមប្លាស្ទិក។
ឥណ្ឌាជាប្រទេសដ៏ធំមួយនៃទ្វីបអាស៊ីដែលកំពុងជួបប្រទះនឹងបញ្ហាកាកសំណល់ប្លាស្ទិកធ្ងន់ធ្ងរ ដែលមានបរិមាណជាមធ្យម ២៦, ០០០តោន ក្នុងមួយថ្ងៃ។ ជាមួយគ្នានេះដែរ តំបន់ Pamohi នៅជើងភ្នំហិមាល័យដែលស្ថិតនៅភូមិភាគពាយ័ព្យនៃរដ្ឋអាសាម(Assam) ប្រជាជននាំគ្នាដុតសំណល់ប្លាស្ទិកដើម្បីអាំងភ្លើងនៅរដូវរងាចំពេលដែលអាកាសធាតុត្រជាក់ខ្លាំង។
យ៉ាងណាក៏ដោយ បញ្ហាទាំងអស់នេះត្រូវបានដោះស្រាយ។ ដើម្បីជួយកាត់បន្ថយបញ្ហាកាកសំណល់ប្លាស្ទិកផង និងជួយសិស្សក្រីក្រផង លោក Parmita Sarma ហើយនិង Mazin Mukhtar បានប្រើគំនិតច្នៃប្រឌិតមួយដោយរៀបចំបង្កើតសាលារៀន Akshar Foundation School។ គំនិតច្នៃប្រឌិតនោះគឺ គេបានស្នើឱ្យឪពុកម្តាយក៏ដូចជាអាណាព្យាបាលរបស់សិស្សនៅក្នុងសហគមន៍ប្រមូលសំណល់ប្លាស្ទិកមកបង់ថ្លៃឲ្យសាលាជំនួសលុយវិញ ។
ស្ថាបនិកមួយរូបលោក Mukhtar បានបោះបង់អាជីពផ្នែកវិស្វកម្មអវកាសដើម្បីធ្វើការជាមួយគ្រួសារមួយចំនួនដែលរស់នៅក្រោមលក្ខខណ្ឌជីវភាពមិនអំណោយផលនៅអាមេរិក មុននឹងត្រឡប់ទៅកាន់ឥណ្ឌា និងបានជួបនឹងលោក Sarma ដែលជាបុគ្គលិកបានបញ្ចប់ការសិក្សាផ្នែកសង្គមកិច្ច។
ពេលបានជួបគ្នា ពួកគេបានអភិវឌ្ឍគំនិត ដោយស្នើឱ្យកុមារម្នាក់ៗ នាំមកសាលានូវវត្ថុជាសំណល់ប្លាស្ទិកចំនួន២៥ រៀងរាល់សប្តាហ៍។ បើទោះបីជាអង្គការធ្វើការងារមនុស្សធម៌មួយ និងត្រូវបានទ្រទ្រង់ដោយមូលនិធិសប្បុរសធម៌ក៏ដោយ ការធ្វើបែបនេះគឺជួយជំរុញទឹកចិត្តក្នុងភាពជាម្ចាស់សហគមន៍ក្នុងចំណោមប្រជាជនទាំងអស់។
សាលារៀ់នមួយនេះមានសិស្សចូលរៀនលើសមួយរយនាក់ហើយ។ វាបានជួយលើកលើកកម្ពស់ការការពារបរិស្ថាននិងការផ្លាស់ប្តូរការរស់នៅនៅក្នុងស្រុកដោយលុបបំបាត់ពលកម្មកុមារដែរ។ ដោយសារមធ្យោបាយនេះហើយ គ្រួសារក្រីក្រអាចមានលទ្ធភាពក្នុងការផ្តល់ឱកាសឱ្យកូនសិក្សាបានយូរអង្វែងដែរ។
ផ្ទុយពីការចាកចេញពីសាលានៅវ័យក្មេងៗដើម្បីធ្វើការងាររកប្រាក់កម្រៃប្រហែល២,៥ដុល្លារក្នុងមួយថ្ងៃនៅការដ្ឋានវាយបំបែកថ្ម សិស្សធំៗ ត្រូវបានគេជួលឱ្យទៅបង្រៀនក្មេងតូចៗក្នុងសាលា។ ទាំងនេះហើយ វាបានជួយឲ្យពួកគេអភិវឌ្ឍចំណេះដឹង និងអាចរកប្រាក់កម្រៃច្រើនជាងមុនដែរ។
ប្រភព៖ World Economic Forum
© រក្សាសិទ្ធិដោយ thmeythmey.com