ជាតិ
សង្គមជាតិ
បិទក្លិប«លុច្សសារី»បណ្តោះអាសន្ន ក្រោយរកឃើញគ្រឿងញៀន និងឃាត់ខ្លួនមនុស្សជាង៤០០នាក់
× ភ្នំពេញ៖ សមត្ថកិច្ចបានបិទក្លិប «លុច្សសារី» ដែលស្ថិតនៅសង្កាត់បឹងរាំង រាជធានីភ្នំពេញ បណ្តោះអាសន្ន ក្រោយរកឃើញថ្នាំញៀនមួយចំនួន និងឃាត់ខ្លួនមនុស្សជាង៤០០នាក់។ នេះបើយោងតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។
ប្រតិបត្តិការឆែកឆេរ និងបិទក្លិបនេះ ធ្វើឡើងកាលពីម៉ោងប្រមាណ ៤ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមិថុនា ក្រោមការដឹកនាំពី លោក ស ថេត ស្នងការរាជធានីភ្នំពេញ។ តាមអគ្គស្នងការនគរបាលជាតិដដែល អ្នកដែលត្រូវបានឃាត់នៅក្នុងប្រតិបត្តិការនេះ ភាគច្រើន ជាជនជាតិចិន និងវៀតណាម ហើយពួកគេ ត្រូវបានបញ្ជូនទៅអគ្គស្នងការនគរបាលជាតិដើម្បី សួរនាំបន្ត។ យ៉ាងណាក៏ដោយ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពីចំនួនពិតប្រាដកថាតើមានជនជាតិ ចិន វៀតណាម និងខ្មែរ មានប៉ុន្មាននាក់ និងចំនួនអ្នកប្រើគ្រឿងញៀនប៉ុន្មាននៅឡើយទេ។ តាមលោក ឆាយ គឹមខឿន អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា កម្លាំងសមត្ថកិច្ចកំពុងបន្តការស៊ីបសួរនៅឡើយ។
ក្លិបកម្សាន្ត «លុច្សសារី» មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ នេះមិនមែនជាលើកទី១ឡើយ ដែលសមត្ថកិច្ចបានរកឃើញគ្រឿងញៀន នៅក្នុងក្លិបកម្សាន្ត។ កាលពីថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចក្រោមការដឹកនាំផ្ទាល់ របស់លោក ស ថេត បានបិទក្លិប Rock ក្រោយមកឃើញគ្រឿងញៀនដល់ទៅជាង៥០គីឡូក្រាម និងចាប់បានអ្នកជួញដូរនិងអ្នកសេពគ្រឿងញៀនជាង៣០០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com