ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
កៅអី​ក្រុមប្រឹក្សា​៖ ខ្មែរ​រួបរួម​ជាតិ​បាន​៤៤ ហ្វ៊ុន​ស៊ិន​បុិច​បាន​៣៦ ក្រៅពីនេះ​បាន​CPPទាំងអស់
08, Jun 2019 , 2:29 pm        
រូបភាព
ដោយ: ថ្មីៗ
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បានប្រកាស​លទ្ធផល​ផ្លូវការ​ហើយ​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣​នេះ ដែល​ហៅ​ជាទូទៅ​ថា បោះឆ្នោតក្រុមប្រឹក្សា​។ ក្នុងចំណោម​គណបក្ស​ទាំង​៧ ដែល​ចូលរួម​ប្រកួត មានតែ​៣​គណបក្ស​ទេ ដែល​ទទួលបាន​អាសនៈ​។


 
​បើតាម​លទ្ធផល គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​រាជធានី ខេត្ត ចំនួន​៥៥០ និង​អាសនៈ​ក្រុង ស្រុក ខណ្ឌ ចំនួន​៣៤៨៤ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​អាសនៈ​រាជធានី ខេត្ត ចំនួន​៦ និង អាសនៈ​ក្រុង ស្រុក ខណ្ឌ ចំនួន​៣៨ គណបក្ស​ហ្វ៊ុន​ស៊ិន​បុិច ទទួលបាន​អាសនៈ​រាជធានី ខេត្ត ចំនួន​៣ និង អាសនៈ​ក្រុង ស្រុក ខណ្ឌ ចំនួន​៣៣​។ សរុប​អាសនៈ​ទាំងអស់ មាន​៤១១៤ ដោយ​ក្នុងនោះ អាសនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត មាន​៥៥៩ ហើយ​អាសនៈ​ក្រុង ស្រុក ខណ្ឌ មាន​៣៥៥៥​។ 
 
​គណបក្ស​៤​ទៀត ដែល​មិនបាន​អាសនៈ រួមមាន គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ និង គណបក្ស​ខ្មែរ​សាធារណរដ្ឋ​។ 
 
 
​ក្រោយ​អវត្តមាន​គណបក្សប្រឆាំង អាសនៈ​នៅ​គ្រប់លំដាប់​ថ្នាក់ បាន​ធ្លាក់​ទៅលើ​គណបក្សកាន់អំណាច​។ ការបោះឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី​៤ កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ គណបក្សកាន់អំណាច ទទួលបាន​អាសនៈ​ទាំងអស់ ហើយ​ការបោះឆ្នោត​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ក៏​គណបក្សកាន់អំណាច ទទួលបាន​អាសនៈ​ទាំងអស់​ដែរ​។​
 
​ចំណែក អាសនៈ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ជាង​៥​ពាន់​របស់​អតីត​គណបក្សប្រឆាំង ក៏ត្រូវ​យកទៅ​ចែក​ឲ្យ​គណបក្សកាន់អំណាច​ស្ទើរ​ទាំងអស់ ដោយ​គណបក្ស​ផ្សេង​ទទួលបាន​តិចតួច​ប៉ុណ្ណោះ​។ 
 
​អាច​និយាយបានថា បច្ចុប្បន្ន អាសនៈ​ទាំង​៤​កន្លែង គឺ​អាសនៈ​រដ្ឋសភា អាសនៈ​ព្រឹទ្ធសភា អាសនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង អាសនៈ​ឃុំ សង្កាត់ សុទ្ធតែ​ក្តោប​ក្តាប់​ដោយ​គណបក្សកាន់អំណាច​៕ 
 

Tag:
 បោះឆ្នោតក្រុមប្រឹក្សា​
 លទ្ធផល​បោះឆ្នោត
 បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com