ភ្នំពេញ៖ ក្រោយរៀនវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តបានត្រឹម៥ខែ ក្នុងគម្រោង«ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមមនុស្សដែលត្រូវបានគេរើសអើង តាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយ» ដែលមានរយៈពេល២ឆ្នាំ យុវជនទាំងនោះបានផលិតវីដេអូដំបូងរបស់ខ្លួនបានដោយជោគជ័យ។ ពួកគេប្ដេជ្ញាកែប្រែសង្គមនៅចំណុតខ្វះខាត តាមរយៈស្នាដៃរបស់ខ្លួន។ យុវជនទាំង១២រូប ដែលមកពីខេត្តរតនគិរី មណ្ឌលគិរី និងខេត្តបន្ទាយមានជ័យ នឹងយកចំណេះដែលខ្លួនទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ ទៅអនុវត្តន៍ក្នុងសហគមន៍របស់ពួកគេរៀងៗខ្លួន។
សូមអញ្ជើញស្តាប់បទយកការណ៍ដែលរៀបចំឡើងដោយ កញ្ញា ប៉ុ សាគុន នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖
ក្រោយពីសិក្សាវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្ត បានត្រឹមរយៈពេល៥ខែ ទីបំផុតសិក្ខាកាមទាំង១២រូប ដែលមកពីខេត្តរតនគិរី មណ្ឌលគិរី និងខេត្តបន្ទាយមានជ័យ បានបង្ហាញស្នាដៃរបស់ខ្លួន កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅនៅមជ្ឈមណ្ឌលបុប្ផាណ។ ការបង្ហាញស្នាដៃនេះ មានអ្នកចូលរួមទាំងជនជាតិខ្មែរ និងប្រទេសប្រមាណ១០០នាក់។ ភាពយន្តខ្លី ស្ដីពីជីវិតពិត ដែលមានរយៈពេលចន្លោះពី៧ ទៅ១០នាទី ក្នុងមួយចំណងជើង និងបញ្ចាំង១០ចំណងជើងនោះ ធ្វើឱ្យទស្សនិកជនស្ងៀមស្ងាត់ ពេលភាពយន្តបង្ហាញពីភាពតោកយ៉ាករបស់តួអង្គ។ ពេលខ្លះពួកគេក៏សើចសប្បាយ ពេលផ្ទាំងសំពត់ស រំលេចពីភាពកំប្លែងចេញពីជីវិតពិតទាំងនោះ។
កញ្ញា ហេង មិនា គឺជាយុវនារីមកពីខេត្តបន្ទាយមានជ័យ។ មិនា ផលិតភាពយន្តស្ដីពីជីវិតរបស់ស្ត្រីវ័យ៧០ឆ្នាំប្លាយមួយរូប ដែលប្រឹងទៅដកក្រឳឈូក ចេញពីបឹងដែលមានក្លិនស្អុយដោយសារសំរាម យកទៅលក់ចិញ្ចឹមជីវិត ព្រោះមិនអាចទីពឹងកូនបាន។ បើតាម មីនា តួអង្គក្នុងរឿង មានដំណើរជីវិតស្រដៀងនឹងម្ដាយរបស់ខ្លួន។ នារីកូនទី២ ក្នុងចំណោមបងប្អូន៥នាក់រូបនេះ ចង់បង្ហាញសង្គមពីវីរភាពរបស់ស្ត្រី។ កញ្ញាបញ្ជាក់ទាំងសំដីអាណិតតួអង្គក្នុងរឿងរបស់ខ្លួន ៖«ភាពយន្តឯកសារដែលខ្ញុំបានធ្វើមានឈ្មោះថា “បឹងចិញ្ចឹមជីវិត”។ ជីវិតរបស់ម៉ាក់យាយនោះដូចជាម៉ាក់របស់ខ្ញុំអ៊ីចឹង។ យាយមានអាយុ៧៣ឆ្នាំហើយ តែគាត់មិនពឹងកូនទេ ព្រោះកូនគាត់ក៏ក្រដែរ។ គាត់បានយកប្រាក់ដែលគាត់ខំរកមកនោះ ទៅជួយកូន និងចៅ របស់គាត់ថែមទៀតផង»។
កញ្ញាសង្ឃឹមថា ភាពយន្តនេះនឹងក្លាយជាផ្នែកមួយ ជួយអ្នកមានវិបត្តិផ្លូវចិត្ត៖«សម្រាប់ភាពយន្តនេះ ខ្ញុំចង់បង្ហាញកូនគ្រប់រូប គួរតែយកចិត្តទុកដាក់ចំពោះម្ដាយ ហើយត្រូវតែមានចិត្តតស៊ូ ដូចជាគាត់អ៊ីចឹង។ អ្នកខូចចិត្តរឿងស្នេហាភាគច្រើន គាត់គិតខ្លី គាត់ចង់សម្លាប់ខ្លួន តែគាត់មិនបានមើលពីជីវិតមនុស្សដែលនៅជុំវិញខ្លួន ពិបាកជាងគាត់ទៅទៀត។ ដូចលោកយាយរូបនេះ ប្ដីស្លាប់ចោល គាត់មានកូន តែកូនមិនអាចជួយអ្វីគាត់បានទេ។ គាត់ត្រូវរស់ជួយខ្លួនឯង»។
មានម្ដាយដែលដើរតួជាម្ដាយផង និងឪពុកផង ត្រូវទទួលរងបន្ទុកគ្រប់បែបយ៉ាង ធ្វើឱ្យនារីរាងខ្ពស់សប្បុរសរូបនេះ កោតសរសើរម្ដាយរបស់ខ្លួន ដែលអាចតស៊ូបាន។ មានឪពុកតែរស់ស្មើនឹងកូនកំព្រាដែរ ព្រោះតែឪពុកមានប្រពន្ធថ្មី ហើយតែងប្រើអំពើហិង្សាលើម្ដាយរបស់នាង មិនា ចង់បង្ហាញសង្គមពីការឈឺចាប់របស់ស្ត្រីគ្រប់រូប។
«បំណងទី១ ដែលខ្ញុំមករៀននេះ គឺចង់ថតភាពយន្តដែលនិយាយពីជីវិតម៉ាក់របស់ខ្ញុំ។ ម៉ាក់ជាមនុស្សក្លាហាន ជាមនុស្សពូកែ ជាមនុស្សស្រីដែលរឹងមាំ។ ម៉ាក់ទ្រាំរស់នៅជាមួយប្ដីដែលប្រើអំពើហឹង្សាទាំងផ្លូវចិត្តនិងកាយជាង២០ឆ្នាំព្រោះកូន។ ខ្ញុំចង់ផលិតភាពយន្តនេះរហូតទាល់តែខ្ញុំបានឃើញលទ្ធផលថា មនុស្សឈប់ប្រើអំពើហឹង្សាលើមនុស្សទន់ខ្សោយ»។ នេះជាការបញ្ជាក់របស់ មិនា ទាំងក្ដីអាណិតម្ដាយ»។
ដំអក់សំដីបន្តិចស្របពេលភ្នែកបញ្ឈរឡើងលើដើម្បីទប់ទឹកភ្នែក មិនា ដែលមានវ័យ២២ឆ្នាំ បានរៀនត្រឹមថ្នាក់ទី១២ប៉ុណ្ណោះ។ នាងត្រូវរកការងារធ្វើដើម្បីជួយសម្រាលបន្ទុកម្ដាយ និងជួយប្អូនឱ្យរៀនផង។ ទោះជាយ៉ាងណាជំនាញផលិតភាពយន្តជាក្ដីសង្ឃឹមតែមួយគត់ ដែលអាចឱ្យនារី មកពីខេត្តបន្ទាយមានជ័យរូបនេះ សម្រេចបំណងរបស់ខ្លួន។ «ខ្ញុំចង់បានជំនាញមួយច្បាស់លាស់ ដើម្បីថ្ងៃក្រោយខ្ញុំអាចរកប្រាក់បានច្រើន ជួយម្ដាយរបស់ខ្ញុំនិងប្អូនៗរបស់ខ្ញុំ»។ នេះជាការប្ដេជ្ញាចិត្តរបស់ មិនា។
ចំណែកលោក ឌិត រ៉ូដា ដែលទើបតែមានអាយុ១៨ឆ្នាំ ក៏មកពីខេត្តជាមួយ មិនា ដែរ។ មានម្ដាយជាបុគ្គលិកអង្គការ និងកំព្រាឪពុក រ៉ូដា ក៏រៀនបានត្រឹមថ្នាក់ទី១២ដែរ។ ភាពយន្តរបស់រ៉ូដា មានចំណងជើងថា “សង្ឃឹមថ្ងៃមួយ” ដែលស្ដែងឱ្យឃើញពីជីវិតរបស់ក្មេងស្រីម្នាក់ទទួលបន្ទុករកប្រាក់ចិញ្ចឹមគ្រួសារ និងឆ្លៀតពេលទៅរៀនខ្លះផង។ រ៉ូដា បន្ថែម៖«ប្អូនស្រីម្នាក់នោះគាត់រស់នៅមាត់លូ ដែលវាស្អុយខ្លាំង។ គាត់ត្រូវរកប្រាក់ចិញ្ចឹមគ្រួសារ ហើយឆ្លៀតពេលទៅរៀនមិនបានជាប់លាប់ផង»។
រ៉ូដា ធ្លាប់គិតថាខ្លួនពិបាករស់នៅពេលឃ្លាតពីគ្រួសារ តែគំនិតនេះបានរសាត់ពីជីវិតគេវិញ ក្រោយលោកបានថតពីខ្សែជីវិតរបស់កុមារីដែលរស់នៅជិតមាត់លូនោះ ៖«ខ្ញុំមកឆ្ងាយផ្ទះ តែបុប្ផាណាជួលផ្ទះឱ្យខ្ញុំស្នាក់នៅ ពេលខ្លះខ្ញុំគិតថាពិបាក។ ចុះគាត់ជាស្រី? ត្រូវរើសអេតចាយទាំងថ្ងៃទាំងយប់ ហើយគាត់ក៏មិនបានរៀនគ្រប់គ្រាន់ តើគាត់ពិបាកយ៉ាងណាទៅ»?
ចុះទៅដល់តំបន់ថតទាំងនោះផ្ទាល់ជាឧបសគ្គមួយសម្រាប់ រ៉ូដា ដែលមានក្រុមការងារតែ២នាក់នោះ។ ទោះជាយ៉ាងណា ផលិករកូនទោលរូបនេះ ពិតជាពេញចិត្តនឹងសមិទ្ធផលរបស់ខ្លួនយ៉ាងខ្លាំង ៖«ខ្ញុំមានមោទកភាពចំពោះស្នាដៃរបស់ខ្ញុំ។ ខ្ញុំពិតជាអរគុណបុប្ផាណា និងអ្នកឧបត្ថម្ភ ដែលបង្រៀនខ្ញុំផលិតភាពយន្តឯកសារនេះ។ ខ្ញុំនឹងខិតខំឱ្យអស់ពីលទ្ធភាព និងក្ដីស្រឡាញ់របស់ខ្ញុំ។ ដំបូងខ្ញុំធ្វើភាពយន្តឯកសារសិន បន្ទាប់មកខ្ញុំចង់ធ្វើភាពយន្តខ្នាតធំ»។
តាមពិតទៅបំណងប្រាថ្នាតាំងពីតូចរបស់ ឌិន រ៉ូដា គឺចង់ក្លាយជាផលិតករពេញដោយសមត្ថភាព ៖«ពេលឃើញគេធ្វើភាពយន្តបានល្អៗ ខ្ញុំពិតជាចង់មានស្នាដៃដូចគេដែរ។ បើសិនជាខ្ញុំស្លាប់ទៅក៏នៅមានស្នាដៃទុកឱ្យអ្នកជំនាន់ក្រោយដែរ។ បើសិនជាកុននោះរឹតតែល្អ ខ្មែរយើងក៏មានមុខមាត់នៅក្នុងឆាកអន្តរជាតិដែរ»។
នេះជាលើកទីមួយសម្រាប់សិក្ខាកាម ឡេង វុនណេង ដែលជាជនជាតិដើមភាគតិចទំពួន បានមកដល់រាជធានីភ្នំពេញ។ ហើយក៏ជាលើកដំបូងដែរ ដែលបុរសអាយុ១៨ឆ្នាំរូបនេះ បានឃើញកាមេរ៉ាផ្ទាល់។ ផលិតរឿងពិតក្រោមចំណងជើងថា“ស៊ីក្លូកេរ្តិ៍ខ្មែរ” វុនណេង ចង់បង្ហាញចំណុចទាំងនេះដល់ទស្សនិកជន ៖«វីដេអូរបស់ខ្ញុំចង់បង្ហាញពីកេរ្តិ៍ដំណែលពីដើមផង និងពីប្រវត្តិជីវិតរបស់អ្នកធាក់ស៊ីក្លូដែលមិនមានអ្វីប្រសើរឡើង។ ខ្ញុំចង់ផ្ញើសារដល់ប្រជាជនខ្មែរងាកមកគាំទ្រស៊ីក្លូវិញ»។
កូនច្បងក្នុងចំណោមបងប្អូន៣នាក់រូបនេះ ត្រូវចំណាយពេលប្រហែលមួយខែទម្រាំផលិតវីដេអូខ្លីមួយនេះបាន ៖«ខ្ញុំពេញចិត្តនិងស្នាដៃរបស់ខ្លួនឯងខ្លាំងណាស់។ ខ្ញុំមិនស្មានដល់ថាខ្លួនឯងអាចធ្វើបានល្អយ៉ាងនេះទេ។ ទោះវាមិនល្អឥតខ្ចោះ តែវាជាស្នាដៃរបស់ខ្ញុំ។ ពេលដែលខ្ញុំចុះទៅថត ខ្ញុំខ្លាចចោរឆក់ ប្លន់ ពេលខ្លះគេអាចសម្លាប់យើងក៏ថាបាន ព្រោះនៅទីនោះមានចោរច្រើនណាស់»។
អ្នករស់នៅភូមិនភាគឥស្សានរូបនេះ ខំនិយាយទាំងសម្ដីរដឺន ស្របពេលសំឡេងរើកៅអីរៀបចំទុកក្រោយការបញ្ចាំងរឿងលាន់ឮរំពង។ ការងារបន្ទាប់របស់ វុនណេង គឺបង្ហាញពីជីវិតរបស់ក្មេងស្រីក្នុងសហគមន៍របស់ខ្លួន៖«ខ្ញុំចង់ផលិតវីដេអូមួយដែលបង្ហាញពីស្ត្រី។ ខ្ញុំបានឃើញពីប្រព័ន្ធអប់រំសម្រាប់ក្មេងស្រីនៅក្នុងសហគមន៍របស់ខ្ញុំ។ ក្មេងស្រីបោះបង់ចោលការសិក្សាដើម្បីជួយធ្វើការ។ ម្ដាយឪពុកមិនឱ្យកូនស្រីរៀនច្រើនទេ អ្នកខ្លះរៀនត្រឹមថ្នាក់ទី៩អីហ្នឹងទេ។ ចាស់ពីដើមមានពាក្យមួយថា រៀនក៏ស៊ីបាយ មិនរៀនក៏ស៊ីបាយ គេសុខចិត្តឱ្យកូនធ្វើការដើម្បីបានប្រាក់បន្ថែម»។
លោក ជា សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណា កត់សម្គាល់ឃើញថាវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តលើកនេះសិក្ខាកាមហាក់មានទំនាក់ទំនងជិតស្និតជាមួយតួ ដែលធ្វើឱ្យភាពយន្តមានភាពរស់រវើក ៖«ជំនាន់នេះផ្ដោតលើជនជាតិដើមភាគតិច។ ភាសាដែលគាត់និយាយពេលខ្លះយើងពិបាកយល់គ្នាបន្តិច។ តែអ្វីដែលពិសេសគាត់មានលក្ខណៈពិសេសមួយក្នុងការបង្កើតទំនាក់ទំនងជាមួយនឹងតួ អាចធ្វើឱ្យតួនិយាយរឿងរបស់គាត់»។
លោក សុភាព បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗក្រោយការចាក់បញ្ចាំងភាពយន្តចប់ ថាសាច់រឿងទាំងនោះបានបង្ហាញពីការតស៊ូ ដូច្នេះអ្នកទស្សនាហាក់មិនអស់សង្ឃឹមក្នុងជីវិតឡើយ៖«គាត់រៀនលឿនក្នុងរយៈពេលតែ៥ខែទេ គាត់អាចចេញលទ្ធផល។ ក្នុងរយៈពេលតែប៉ុន្មានខែគាត់អាចកាន់កាមេរ៉ាបានល្អ ធ្វើឱ្យយើងមានអារម្មណ៍តាមសាច់រឿង។ រឿងរបស់គាត់គឺជារឿងវិជ្ជមាន បង្ហាញពីការតស៊ូរបស់មនុស្សម្នាក់ៗ ដូច្នេះគេមិនអស់សង្ឃឹមទេ»។
លោកបន្ថែមស្របពេលទស្សនិកជនទៅផ្ទះស្ទើរស្ងាត់មជ្ឈមណ្ឌលបុប្ផាណាទៅហើយនោះ៖« ឧទាហរណ៍មីងដែលមានជំងឺអេដស៍ គេរើសអើងគេដែរ តែគាត់មានវិធីរស់មួយ បានន័យថាគាត់មិនអស់សង្ឃឹម»។
ដោយសារមើលឃើញពីឥទ្ធិពលរបស់យុវជន ដែលរស់ក្នុងសហគមន៍ផ្ទាល់ គម្រោង"ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមមនុស្សដែលត្រូវបានគេរើសអើង តាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយ” បានជ្រើសរើសសិក្ខាកាមដែលរស់នៅក្នុងតំបន់ទាំងនោះមកសិក្សាវគ្គផលិតភាពយន្តនេះ។ ពួកគេនឹងក្លាយជាកម្លាំងសកម្មមួយបង្ហាញពីបញ្ហាក្នុងសហគមន៍ដែលពួកគេរស់នៅ។ «យើងត្រូវតែបណ្ដុះបណ្ដាលយុវជនដែលរស់នៅក្នុងសហគមន៍នោះ ព្រោះពួកគាត់ដឹងពីសុខទុក្ខក្នុងតំបន់នោះ»៕