អន្តរជាតិ
តើ​ថាមពល​កម្តៅ​ផែនដី​ជា​អ្វី​? ហើយ​គេ​អាច​បំ​លែង​វា​ទៅជា​អគ្គិសនី​បាន​ដោយ​របៀប​ណា​?
08, Jun 2019 , 8:59 pm        
រូបភាព
រូបភាព៖SIRIUS ENERGY
រូបភាព៖SIRIUS ENERGY
​ពេលដែល​ពិភពលោក​កំពុង​តែមាន​តម្រូវការ​ថាមពល​ដើម្បី​ទ្រទ្រង់​ការរស់នៅ​របស់​ប្រជាជន រោងចក្រ​ផលិត​ថាមពល​នានា​កំពុងតែ​ព្យាយាម​ទាញយក​ថាមពល និង​អគ្គីសនី​ទាំងនោះ​ចេញមក​ពី​ប្រភព​នានា​កាន់តែខ្លាំង​។

 
​ប្រភព​ទាំងនោះ​មានដូចជា ឥន្ធនៈផូស៊ីល មានដូចជា​ប្រេង ធ្យូង និង​ឧស្ម័ន ថាមពល​ពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ថាមពលវារីអគ្គីសនី ថាមពល​នុយ​ក្លេ​អែរ​ជាដើម​។ ក្នុងនោះ នៅមាន​ប្រភព​ថាមពល​មួយ​ប្រភេទ​ទៀត ដែល​មនុស្ស​ភាគច្រើន​មិនទាន់បាន​ស្គាល់ ឬ​យល់ច្បាស់​អំពី​ដំណើរការ​វា​នៅឡើយ​ទេ​។ នោះ​គឺ «​ថាមពល​កម្តៅ​ផែនដី​»​។ តើ​វា​ជា​អ្វី​? ហើយ​វា​ដំណើរការ​ដូចម្តេច​?
 
​ទូរទស្សន៍ National Geographic បាន​និយាយថា ថាមពល​កម្តៅ​ផែនដី ជា​ថាមពល​កម្តៅ​ដែល​ផែនដី​ផលិត​នៅ​ស្រទាប់​ខាងក្រោម​ជ្រៅ​។ ពេលខ្លះ​វា​អាចមាន​វត្តមាន​នៅតាម​ទីជម្រៅ​រាក់ តែ​ពេលខ្លះ​វា​មាន​វត្តមាន​នៅក្នុង​ជម្រៅ​ច្រើន​ពាន់​ម៉ែត្រ​ចុះទៅ​ខាងក្រោម​។ ថាមពល​នេះ​ត្រូវបាន​មនុស្ស​ទាញយក​មកប្រើប្រាស់​អស់​ជាច្រើន​ពាន់​ឆ្នាំ​មកហើយ តែ​មិនមែន​ក្នុង​គោលបំណង​ផលិត​អគ្គីសនី​នោះទេ​។​
 
 កាលពី​សម័យបុរាណ​គេ​ប្រើប្រាស់​វា​សម្រាប់​ងូត​សម្អាតខ្លួន សម្រាក​លំហែកាយ ឬ​ចម្អិន​អាហារ​ជាដើម​។ អាងទឹក​ក្តៅ​ធម្មជាតិ​តាម​ព្រៃភ្នំ ដែលមាន​នៅតាម​ប្រទេស​ត្រជាក់ៗ ដូចជា​នៅតាម​ប្រទេសមួយ​ចំនួន​ក្នុង​ទ្វីបអឺរ៉ុប ឬ​ប្រទេស​ជប៉ុន ភាគច្រើន​មាន​ភាពល្បីល្បាញ​សម្រាប់​ទេសចរ សុទ្ធសឹងតែ​ជា​លទ្ធផល​នៃ​ថាមពល​កម្តៅ​ផែនដី​។ តំបន់​ទេសចរណ៍ តេ​រ​ទឹក​ពុះ ស្ថិតនៅ​ខេត្តកំពង់ស្ពឺ​ក៏​ជា​ឧទាហរណ៍​ល្អ​មួយ​ដែរ​។ 
 
​ប៉ុន្តែ​អ្នកជំនាញ​អាច​ទាញយក​ថាមពល​កម្តៅ​នោះ ដោយ​បំ​លែង​វា​ទៅជា​ថាមពលអគ្គីសនី​បាន​។ ក្នុងការ​ទាញយក រោងចក្រ​ឧស្សាហកម្ម​ថាមពល​នោះ​ត្រូវ​ជីក​ទៅ​ក្រោម​ក្នុង​ជម្រៅ​ជិត​២០០០ ម៉ែត្រ​។ ក្រោយមក គេ​នឹង​បុក​បំពង់​នៅតាម​ទីតាំង​ណាមួយ​ដែល​សម្បូរ​ទឹក​នៅ​ខាងក្រោម​។ ជាធម្មតា វត្តមាន​ទឹក​ដែល​មាននៅ​ខាងក្រោម​នោះ​ត្រូវបាន​បង្កើន​សី​តុ​ណ្ណ​ភាព​ដោយ​ថាមពល​កម្តៅ​ផែនដី​រហូត​ទៅដល់​ចំណុចរំពុះ ក្លាយទៅជា​ចំហាយ​ទឹក​។ តែដោយសារ​តែ​វា​មិនមាន​ផ្លូវ​ដើម្បី​ធ្វើដំណើរ​ចេញមក​ខាងលើ ចំហាយ​ទឹក​ទាំងនោះ​នៅតែ​បន្ត​នៅ​ខាងក្រោម​ដី​ដដែល​។ ប៉ុន្តែ នៅពេលដែល​បំពង់​អណ្តូង​បាន​ជីក​ទៅដល់ ចំហាយ​ទឹក​ក្តៅ​ទាំងនោះ​នឹង​បុក​ឡើង​មកលើ​ក្នុង​ល្បឿន​លឿន លាយឡំ​ជាមួយនឹង​សម្ពាធ​ខ្ពស់ ប៉ះទង្គិច​ជាមួយនឹង​តួប៊ីន​នៅ​ខាងក្នុង​រោងចក្រ​។ នៅពេលដែល​តួប៊ីន​ចាប់ផ្តើម​មាន​ចលនា ថាមពល​ម៉ាញេ​ទិច​ត្រូវបាន​ផលិតឡើង ដើម្បី​ផលិត​ថាមពលអគ្គីសនី​។ រោងចក្រ​ថាមពល​កម្តៅ​ផែនដី​ដំបូង​គេ​ត្រូវបាន​គេ​សាងសង់ឡើង​នៅ​តំបន់ Larderello ប្រទេស​អ៊ីតាលី ក្នុង​ឆ្នាំ​១៩០៤​។ 
 
​ប្រទេស​ជាង​២០​នៅក្នុង​ពិភពលោក​កំពុង​ប្រើប្រាស់​ប្រភព​ថាមពល​នេះ​។ ចំណែក​អាមេរិក​គឺជា​ប្រទេស​ដែល​ផលិត​អគ្គីសនី​បាន​ច្រើនជាងគេ​ពី​ប្រភព​ថាមពល​មួយ​នេះ​។ គុណសម្បត្តិ​របស់​វា​គឺ​នៅត្រង់ថា ថាមពល​នេះ​អាច​ផលិត​អគ្គីសនី​បាន​គ្រប់ពេលវេលា​។ ដោយឡែក ថាមពលខ្យល់​អាច​កាត់​បន្ថយ​នៅពេលដែល​មិនសូវមាន​ខ្យល់​បក ឯ​ថាមពល​ពន្លឺព្រះអាទិត្យ​មិនអាច​ផលិត​អគ្គីសនី​បានល្អ​នោះទេ នៅពេលដែល​មេឃ​ស្រទំ​មិនសូវ​ក្តៅ​។ វា​ក៏​ប្រើប្រាស់​ថវិកា​តិច​ក្នុងការ​សាងសង់ និង​ស្រួល​មើលថែទាំ​ផងដែរ​។ តែ​វា​មានគុណ​វិបត្តិ​មួយ គឺ នៅពេលដែល​ចំហាយ​ទឹក​ចេញមក​ខាងក្រៅ វា​លាយឡំ​នឹង​ឧស្ម័ន​ដទៃទៀត​ដូចជា អ៊ីដ្រូសែន​ស៊ុ​ល​ផាត ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​មនុស្ស​ដែរ​៕ 

Tag:
 ​កម្តៅ​ផែនដី​
  ថាមពល​
© រក្សាសិទ្ធិដោយ thmeythmey.com