ជាតិ
ផ្ទុះអាវុធនៅវត្តសារាវ័ន្ដ៖ ជនបង្កឆ្លើយថា ខឹងនឹងព្រះសង្ឃស្រោចទឹកឲ្យបែរជារកស៊ីដាក់
× ភ្នំពេញ៖ សមត្ថកិច្ច បានឃាត់ខ្លួនស្ត្រីម្នាក់ពីបទប៉ុនប៉ងឃាតកម្ម (ដកអាវុធខ្លីបាញ់ចំនួន២គ្រាប់) និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។ នេះបើតាមការចុះផ្សាយ របស់អគ្គស្នងការនគរបាលជាតិ។
ស្ត្រីរូបនេះត្រូវបានឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីបានប្រើកាំភ្លើងខ្លីបាញ់ចំនួន២គ្រាប់ នៅចំណុចកុដ្ឋិលេខ២៣ ក្នុងវត្តសារ៉ាវ័ន្ត នាសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យ៉ាងណាក៏ដោយហេតុការណ៍នេះ មិនបានបណ្តាលឲ្យមានអ្នកណារងរបួសនោះឡើយ។ ក្រោយរឿងហេតុនេះ ជនសង្ស័យត្រូវបាននាំទៅ អធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីសាកសួរបន្ថែម និងកសាងសំណុំរឿងតាមនីតិវិធី។
បើតាមអគ្គស្នងការនគរបាលជាតិ ស្ត្រីរូបនេះសារភាពថាមូលហេតុដែលខ្លួន ទៅបាញ់២គ្រាប់ នៅវត្តសារាវ័ន្ត ខឹងព្រះសង្ឃស្រោចទឹកលើករាសីឲ្យ តែបែរជារកស៊ីដាក់ទៅវិញ។ ចំពោះអាវុធខ្លីដែលប្រើក្នុងថ្ងៃកើតហេតុនោះ ស្ត្រីរូបនេះប្រាប់ថា បានទិញនៅប្រទេសថៃ កាលពីខែមេសាកន្លងទៅ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចអះអាងដែលផ្អែកលើផលទ្ធផលធ្វើតេស្តទឹកនោមថា ស្ត្រីរូបនេះ មិនធ្លាប់ប្រើប្រាស់គ្រឿងញៀននោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com