សុខភាព
អន្តរជាតិ
បើហូបទឹកច្រើនពេកក្នុងពេលខ្លី អាចធ្វើឲ្យគ្រោះថ្នាក់ដល់ជីវិតបានទេ?
× មនុស្សភាគច្រើននិយាយថា ពេលមេឃក្តៅ ឬនៅពេលលេងកីឡាហត់ ចូរពិសាទឹកឲ្យបានច្រើន ដើម្បីផ្គត់ផ្គង់បរិមាណទឹកដែលបានបាត់បង់ចេញពីខ្លួនប្រាណ។ តើអាចទៅរួចទេ នៅពេលដែលអ្នកហូបទឹកច្រើនពេក ក្នុងពេលខ្លីអាចធ្វើឲ្យអ្នកស្លាប់ ឬមានគ្រោះថ្នាក់ធ្ងន់ធ្ងរបាន?
បើតាមការចុះផ្សាយដោយគេហទំព័រវេជ្ជសាស្ត្រ webmd.com ការស្លាប់ដោយហូបទឹកច្រើនលឿនខ្លាំងពេកពិតជារឿងមួយដែលកម្រ ប៉ុន្តែវានៅតែអាចកើតមានឡើង។ លំនាំនេះត្រូវបានគេឲ្យឈ្មោះបច្ចេកទេសថា «Hyponatremia» ឬ «Water Intoxication» ជាភាសាខ្មែរមានន័យថា«ស្រវឹងទឹក»។
វាមានគ្រោះថ្នាក់នៅពេលដែលបរិមាណអំបិល ឬសូដ្យូមនៅក្នុងឈាមមានការធ្លាក់ចុះខ្លាំងក្នុងល្បឿនលឿន។ វេជ្ជបណ្ឌិត Sharon Bergquist មកពីសាកលវិទ្យាល័យពេទ្យ Emory នៃរដ្ឋអាត្លង់តា បាននិយាយថា៖«ហេតុការណ៍ប្រភេទនេះ ពិតជាមានលក្ខណៈកម្រខ្លាំងណាស់។ មនុស្សភាគច្រើនអាចកើតមានបញ្ហាខ្វះសារជាតិទឹក ជៀសជាងលើសសារជាតិទឹកនៅក្នុងខ្លួន»។
បើអ្នកហូបទឹកលើសពី ៤ ទៅ៥លីត្រក្នុងពេលតែមួយ នោះអ្នកអាចនឹងមានបញ្ហា ពីព្រោះថាតម្រងនោមរបស់មនុស្សអាចចម្រោះបរិមាណទឹកប្រមាណតែកន្លះលីត្រប៉ុណ្ណោះក្នុងមួយម៉ោង។ បរិមាណអំបិល ឬសូដ្យូមជាអ្នករក្សាលំនឹងនៅក្នុងកោសិកា។ បើកម្រិតទឹកមានការកើនឡើងជ្រុល នោះលំនឹងក្នុងកោសិការនឹងមានភាពមិនប្រក្រតី ឬអាចធ្វើឲ្យកោសិការរីករហូតដល់ងាប់បាន។
បរិមាណទឹកច្រើនពេកក៏អាចធ្វើឲ្យខួរក្បាលទទួលរងនូវផលប៉ះពាល់ផងដែរ។ ហេតុដូចនេះហើយទើបទារកតូចៗ ត្រូវបានគ្រូពេទ្យណែនាំមិនឲ្យហូបទឹក ពីព្រោះខ្លួនប្រាណ និងតម្រងនោមពួកគេមានទំហំនៅតូចនៅឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com