សុខភាព
អន្តរជាតិ
បើ​ហូប​ទឹក​ច្រើនពេក​ក្នុងពេល​ខ្លី អាចធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​បានទេ​?
08, Jun 2019 , 4:59 pm        
រូបភាព
​មនុស្ស​ភាគច្រើន​និយាយថា ពេល​មេឃ​ក្តៅ ឬ​នៅពេល​លេង​កីឡា​ហត់ ចូរ​ពិសា​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​ផ្គត់ផ្គង់​បរិមាណ​ទឹក​ដែល​បាន​បាត់បង់​ចេញពី​ខ្លួនប្រាណ​។ តើ​អាចទៅរួច​ទេ នៅពេលដែល​អ្នក​ហូប​ទឹក​ច្រើនពេក ក្នុងពេល​ខ្លី​អាចធ្វើ​ឲ្យ​អ្នកស្លាប់ ឬ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បាន​?

 
​បើតាម​ការចុះផ្សាយ​ដោយ​គេហទំព័រ​វេជ្ជសាស្ត្រ webmd.com ការស្លាប់​ដោយ​ហូប​ទឹក​ច្រើន​លឿន​ខ្លាំងពេក​ពិតជា​រឿង​មួយ​ដែល​កម្រ ប៉ុន្តែ​វា​នៅតែ​អាច​កើតមានឡើង​។ លំនាំ​នេះ​ត្រូវបាន​គេ​ឲ្យ​ឈ្មោះ​បច្ចេកទេស​ថា «Hyponatremia» ឬ «Water Intoxication» ជា​ភាសា​ខ្មែរ​មានន័យថា​«​ស្រវឹង​ទឹក​»​។ 
 
​វា​មាន​គ្រោះថ្នាក់​នៅពេលដែល​បរិមាណ​អំបិល ឬ​សូ​ដ្យូ​ម​នៅក្នុង​ឈាមមាន​ការធ្លាក់ចុះ​ខ្លាំង​ក្នុង​ល្បឿន​លឿន​។ វេជ្ជបណ្ឌិត Sharon Bergquist មកពី​សាកលវិទ្យាល័យ​ពេទ្យ Emory នៃ​រដ្ឋ​អា​ត្ល​ង់​តា បាន​និយាយថា​៖«​ហេតុការណ៍​ប្រភេទ​នេះ ពិត​ជាមាន​លក្ខណៈ​កម្រ​ខ្លាំងណាស់​។ មនុស្ស​ភាគច្រើន​អាច​កើតមាន​បញ្ហា​ខ្វះ​សារជាតិ​ទឹក ជៀស​ជាង​លើស​សារជាតិ​ទឹក​នៅក្នុង​ខ្លួន​»​។ 
 
​បើ​អ្នក​ហូប​ទឹក​លើសពី ៤ ទៅ​៥​លីត្រ​ក្នុងពេល​តែមួយ នោះ​អ្នក​អាច​នឹងមាន​បញ្ហា ពីព្រោះថា​តម្រងនោម​របស់​មនុស្ស​អាច​ចម្រោះ​បរិមាណ​ទឹក​ប្រមាណ​តែ​កន្លះ​លីត្រ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ោង​។ បរិមាណ​អំបិល ឬ​សូ​ដ្យូ​ម​ជា​អ្នករក្សា​លំនឹង​នៅក្នុង​កោសិកា​។ បើ​កម្រិត​ទឹក​មានការ​កើនឡើង​ជ្រុល នោះ​លំនឹង​ក្នុង​កោសិការ​នឹងមាន​ភាពមិនប្រក្រតី ឬ​អាចធ្វើ​ឲ្យ​កោសិការ​រីក​រហូតដល់​ងាប់​បាន​។​
 
 បរិមាណ​ទឹក​ច្រើនពេក​ក៏​អាចធ្វើ​ឲ្យ​ខួរក្បាល​ទទួលរង​នូវ​ផលប៉ះពាល់​ផងដែរ​។ ហេតុដូចនេះ​ហើយ​ទើប​ទារក​តូចៗ ត្រូវបាន​គ្រូពេទ្យ​ណែនាំ​មិន​ឲ្យ​ហូប​ទឹក ពីព្រោះ​ខ្លួនប្រាណ និង​តម្រងនោម​ពួកគេ​មាន​ទំហំ​នៅ​តូច​នៅឡើយ​៕

Tag:
 ទឹក​
  សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com