ជាតិ
សង្គមជាតិ
នំ​បញ្ចុក ទាក់ទង​នឹង «​រឿង​ធនញ្ជ័យ និង រឿង​អ្នកស្រែ​ពីរ​នាក់​ប្តី​-​ប្រពន្ធ​»
09, Jun 2019 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នំ​បញ្ចុក ដែលមាន​ឈ្មោះ​ដើម​ថា នំ​ប៉េ​ន​ចុក គឺជា​ប្រភេទ​នំ​ដែល​ធ្វើ​ពី​អង្គរ​ដែល​បាន​កិន​រូ​ច ហើយ​សូន​ជា​សាច់​ម្សៅ​ដុំៗ​រួច​ស្ងោរ​ឲ្យ​ឆ្អិន​ហើយ​សង្កត់​ជាមួយ​ឈើ ដើម្បី​រោយ​ជា​សរសៃ ហើយ​ដាក់​ចូលក្នុង​ទឹក​ពុះ ទើប​ស្រង់​ចាប់​ជា​ចង្វាយៗ​ដាក់ចូល​កញ្ច្រែង​។ នំ​បញ្ចុក បាន​ក្លាយជា​អាហារ​ម្យ៉ាង​សម្រាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ពិសា​ជាមួយ​អន្លក់​ខ្ចីៗ​។ ជាទូទៅ​នំ​បញ្ចុក មាន​ពីរ​ប្រភេទ គឺ​នំ​បញ្ចុក​សម្ល​ខ្មែរ និង​នំ​បញ្ចុក​សម្ល​គិរី​។


 
​នំ​បញ្ចុក មាននៅ​ក្នុង​ដំណាល​រឿងព្រេង​ខ្មែរ «​ធនញ្ជ័យ​»​។ កាលពីព្រេងនាយ​មាន​បុរស​ម្នាក់​ជា​អ្នកប្រាជ្ញ​ឈ្មោះថា ធនញ្ជ័យ បាន​និរទេស​ខ្លួន​ទៅកាន់​ប្រទេស​ចិន ហើយ​បុរស​នោះ​ក៏បាន​ធ្វើ​នំ​បញ្ចុក​លក់ ដែល​ធ្វើ​ឲ្យ​ប្រជាជន​ចិន​ចូលចិត្ត​ពិសា​។ បន្ទាប់មក​ក៏បាន​ល្បី​ដល់​ព្រះរាជា​ចិន​ហៅ​ឲ្យ​ចូលគាល់ ដើម្បី​សាក​នំ​បញ្ចុក​របស់​ធនញ្ជ័យ ទ្រង់​ក៏​ពេញចិត្ត ហើយ​ធនញ្ជ័យ​ក៏​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ​ដើម្បី​លក់​នំ​បញ្ចុក​។ 
 
​ម្យ៉ាងទៀត គេ​ដំណាល​ថា កាលពីព្រេងនាយ មាន​ប្តី​ប្រពន្ធ​ពីរ​នាក់​ជា​អ្នកធ្វើ​ស្រែចម្ការ​រស់នៅក្នុង​តំបន់​ទឹកសាប ដែលជា​តំបន់​ទឹក​លិច​។ ដោយសារតែ​តំបន់​នោះ​មិនសូវ​ជា​អំណោយផល​ក្នុងការ​ធ្វើស្រែ​ចម្ការ ដូច្នេះ​ប្តី​ប្រពន្ធ​ពីរ​នាក់​នោះ​បានតែ​ដាំ​ស្រូវ​វារ​តែប៉ុណ្ណោះ​។ ស្រូវ​វារ ជា​ស្រូវ​ដែល​ផ្តល់​អង្ក​របាយ​រឹង មាន​ពណ៌​ក្រហម​ទ្រង់​ផ្កាឈូក ទើប​ប្តី​ប្រពន្ធ​ពីរ​នាក់​នោះ​បែក​ជា​គំនិត​ធ្វើជា​នំ​បញ្ចុក ដែលមាន​លក្ខណៈ​ទន់​ប​ន្តិ​ច ងាយស្រួល​ទំពា​។ មួយវិញទៀត តំបន់​ដែល​ពួកគេ​រស់នៅ​ក៏​សម្បូរ​ត្រី ពួកគេ​តែងតែ​បង់​ត្រី​មក​ធ្វើជា​ប្រហុក ធ្វើជា​ត្រីឆ្អើរ សម្រាប់​បរិភោគ​។ 
 
​ពួកគេ​ទាំងពីរ​បានដាក់​ឈ្មោះ​ឲ្យ​នំ​នោះ​ថា «​នំ​សរសៃ​ស្រូវ​វារ​» នៅពេលដែល អ្នកស្រែ​ធ្វើ​នំ​សរសៃ​ស្រូវ​វារ​នេះ​ម្ដងៗ ហើយ​ពួកគាត់​តែងតែ​យក​ម្រាមដៃ ស្រវា​ចាប់​នំ​បរិភោគ ជា​ទម្លាប់​ធម្មតា តាម​ជីវភាព​រស់នៅ​បែប​អ្នកស្រែ​ក្រីក្រ និង​តែងតែ​ដួស​ផ្ញើ​ញាតិសន្ដាន​ក្នុងភូមិ​ផងដែរ​។ 
 
​លុះ​អ្នកភូមិ​បាន​ភ្លក់​ស្នាដៃ​របស់​ពួកគាត់​ហើយ​ឃើញថា​ឆ្ងាញ់ អ្នកស្រុក​ក៏បាន​មកសុំ​រៀន​ក្បួន​ធ្វើ​នំ និង​ក្បួន​ធ្វើ​ទឹកស​ម្ល​ពី​គាត់ ដើម្បី​យកទៅ​ផ្សំ​ច្នៃ​ធ្វើ​ទឹកស​ម្ល សម្រាប់​បរិភោគ​តាម​ភូមិ តាម​ចំណូលចិត្ត​រៀងៗ​ខ្លួន ជា​បន្តៗ​រៀងមក​។ ដល់​ថ្ងៃមួយ មាន​រាជកុមារ​វ័យ​ប្រមាណ​៧​វស្សា នាំ​ពល​សេនា​ជិះសេះ​ដើរលេង នៅតាម​ស្រុកភូមិ ក៏បាន​ប្រទះឃើញ អ្នកស្រុក​ចោមរោម អ្នកស្រែ​លក់​នំ​សរសៃ​ស្រូវ​វារ​នេះ ហើយ​អួតថា​ឆ្ងាញ់​មាត់​គ្រប់គ្នា រួច​រាជកុមារ​ក៏​ចង់​សាកមើល​នឹង​គេ​ដែរ តែ​ដោយ​តំបន់​នោះ មាន​ភាពក្រីក្រ គេ​ហូប​នំ​សរសៃ​ស្រូវ​វារ​នេះ​ដោយ​ប្រើ​ម្រាមដៃ​គ្រប់ៗ​គ្នា ម្ល៉ោះហើយ​រាជកុមារ​ក៏​ប្រែចិត្ត​រារែក មិន​ហ៊ាន​សាកល្បង ព្រោះ​ខ្លាច​ប្រឡាក់​ដៃ​។ 
 
​រីឯ​អ្នកស្រែ​ទាំងពីរ​នាក់ កាលបើ​បានដឹងថា រាជកុមារ​ចង់​សោយ​នំ​របស់ខ្លួន ក៏​ទូល​សុំ​ឲ្យ​ស្នំ​ឯក ដែលជា​មេដោះ​របស់​រាជកុមារ យកដៃ​ចាប់​នំ​សរសៃ​ស្រូវ​វារ​ទៅ​បញ្ចុក​រាជកុមារ​នោះ​។ ដោយ​ការ​ចង់ដឹង នូវ​រសជាតិ​សម្ល​ដ៏​សែន​ឈ្ងុយ​ឈ្ងប់​ប្លែក​ពី​ធម្មតា រាជកុមារ​ក៏​យល់ព្រម​ឲ្យ​ស្នំ​ឯក​បញ្ចុក​។ 
 
​គ្រានោះ រាជកុមារ​ក៏មាន​សេចក្ដីសោមនស្ស​នឹង​រស​ជាតិ​នំ​សរសៃ​ស្រូវ​វារ​ដ៏​ឆ្ងាញ់​មួយ​ចាន​នោះ​ក្រៃលែង ព្រមទាំង​ប្រទាន​រង្វាន់​មួយចំនួន​ដល់​អ្នកស្រែ​ដែល​ធ្វើ​នំ​ឆ្ងាញ់​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​នោះ​។ នៅពេល​រាជកុមារ យាង​ត្រឡប់​ទៅ​រាជវាំង​វិញ ក៏​តែងតែ​ទទូច​ឲ្យ​ព្រះ​មាតា តាមរក​ទិញ «​នំ​ដែល​ស្នំ​បញ្ចុក​» នោះ​ពី​អ្នកស្រែ យកមក​សោយ​នៅក្នុង​រាជវាំង​។ ដោយសារ​ខ្ជិល​ដេញ​ស្នំ​ឲ្យ​រត់​ទៅ​ទិញ​នំ ពី​អ្នកស្រែ​នោះ​ជា​រៀងរាល់​ព្រឹក ព្រះរាជ​មាតា បាន​បញ្ជា​ឲ្យ​សេនា​ទៅ​គាស់​ហៅ អ្នកស្រែ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​នោះមក​ធ្វើ​នំ​សម្រាប់​រាជកុមារ​សោយ​ជាប្រចាំ​ក្នុង​រាជវាំង​។ 
 
«​នំ​សរសៃ​ស្រូវ​វារ​» ក៏​លែងមាន​នរណា​ហៅ​តទៅទៀត​ដែរ គឺ​គេ​ទម្លាប់​នាំគ្នា ហៅថា «​នំ​ដែល​ស្នំ​បញ្ចុក​» ជំនួស​វិញ​។ តែ​យូរៗ​ទៅ ក៏ត្រូវ​គេ​ហៅ​កាត់ៗ​ខ្លីៗ​ថា «​នំ​បញ្ចុក​» បន្ត​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ​។ 
 
​គួរ​បញ្ជាក់ថា នំ​បញ្ចុក ជា​អាហារ​ដែល​អាច​ជំនួស​បាយ​បាន ហើយ​គេ​អា​ចរក​ទិញ​បាន​នៅ​ទីកន្លែង​ផ្សេងៗ ដូចជា នៅតាម​ផ្សារ និង​តាម​តូប​លក់ដូរ  ជាពិសេស​មាន​ពលរដ្ឋ​ខ្លះ​រែក​លក់​នៅតាម​ផ្លូវ​ផងដែរ​។ ជាទូទៅ នំ​បញ្ចុក ត្រូវបាន​ផលិតឡើង​ដោយ​គ្រួសារ​តូចៗ​។ នំ​បញ្ចុក​» ភាគច្រើន​គេ​បរិភោគ​ក្នុងពេល​មាន​បុណ្យទាន​ជួបជុំ​ក្រុមគ្រួសារ ឬ​ក្នុងពេល​មាន​ពិធីជប់លៀង​អ្វីមួយ​ជាដើម​។ 
 
​ទន្ទឹមនឹងនេះ រដ្ឋាភិបាល​កម្ពុជា ក៏បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ពិសារ​នំ​បញ្ចុក​ជុំគ្នា​នៅ​ថ្ងៃទី​៩ ខែមិថុនា ដើម្បី​បង្ហាញ​ពី​សាមគ្គី​ជាតិ និង​ជំរុញ​ការទិញ​ផលិតផល​ក្នុងស្រុក​។​
​ការបកស្រាយ​ខាងលើនេះ គឺ​ផ្អែក​តាម​ឯកសារ​របស់​លោកស្រី កែវ ច័ន្ទបូរណ៍​៕ 
 

Tag:
 នំ​បញ្ចុក
© រក្សាសិទ្ធិដោយ thmeythmey.com