ONE Championship
កីឡាជាតិ
ជាតិ
ហេតុផល​សំខាន់ៗ ដែល Onyedikachi ចង់​ហាត់​ជាមួយ ចាន់ រតនា
09, Jun 2019 , 8:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​ជើង​ខ្លាំង​គុន​ចម្រុះ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា Emmanuel Onyedikachi ដែល​គេ​ស្គាល់​តាមរយៈ​ការហ្វឹកហាត់​ជាមួយ​កីឡាករ​ជើងចាស់​និង​គ្រូបង្វឹក ចាន់ រតនា មុន​ឡើង​ប្រកួត​សង្វៀន ONE Championship នាពេល​កន្លងមក​នោះបាន​ថ្លែង​សារសំខាន់ៗ​ចំពោះ​គ្រូបង្វឹក​ផ្ដល់​ឲ្យ ដូចជា​ការរៀបចំ​បានល្អ​មុន​ការប្រកួត ការផ្ដល់​កម្លាំង​ស្មារតី ការផ្ដល់​បច្ចេកទេស និង ការ​ទូន្មាន​បំបាត់​ការភ័យខ្លាច​ជាដើម​។

 
Onyedikachi បាន​ថ្លែង​ដូច្នេះ ៖«​គាត់ [​ចាន់ រតនា​] រៀបចំ​សម្រាប់​ខ្ញុំ​បានល្អ​ផ្នែក​ស្មារតី​។ គាត់​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ពេលវេលា​ច្រើន​មិន​ខ្លាច​ហត់នឿយ ហើយ គាត់​ចាត់ទុកថា ជា​ផ្នែក​នៃ​ការហ្វឹកហាត់​មួយ​។​គាត់​ឲ្យ​ខ្ញុំ​យល់​អំពី​ការបំបាត់​ការភ័យខ្លាច​លើស​ង្វៀន​ហើយ មិនត្រូវ​ភ័យ​ទេ​ទោះ​ជួប​អ្នកណា​ក៏ដោយ​លើស​ង្វៀន ត្រូវ​ចង់​ឈ្នះ មិន​ខ្លាច​របួសស្នាម និង ត្រូវ​ចាត់ទុកជា​រឿង​ធម្មតា​។ លក្ខណៈ​បច្ចេកទេស គាត់​បាន​បង្ហាត់​ខ្ញុំ​ទៀងទាត់ និង មាន​ភាព​អំណត់​អត់ធន់ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សន្ទុះ​កាន់តែ​ខ្លាំងក្លា​។ ខ្ញុំ​ចាំ​ច្បាស់​ថា ខ្ញុំ​ត្រូវ​ស្រលាញ់​ការ​វៃ​របស់ខ្ញុំ​រៀងរាល់​នាទី ព្រោះ​យើង​ឡើងមក​ដើម្បី​វ៉ៃ ឬ ប្រកួត​»​។ 
 
​កីឡាករ​ដែល​ឡើង​សង្វៀន ONE បាន​ចំនួន ៣ ដង​រូបនេះ បាន​រៀនសូត្រ​ជាច្រើន​ក្នុង​រយៈកាល​កន្លងទៅ ក្នុងនាម​កីឡាករ​ត្រូវតែ​ដោះស្រាយ​ឲ្យ​បានល្អ​នៅលើ​សង្វៀន កីឡាករ​ផ្សេងគ្នា​ត្រូវតែមាន​វិធី​វ៉ៃ​ផ្សេងគ្នា​ដែរ មិនត្រូវ​បារម្ភ​អំពី​គូបដិបក្ខ ត្រូវមាន​ជំនឿ​ចិត្ត​ពេល​ឡើង​រេញ និង មុន​គ្រប់គ្រង​លើ​គូប្រកួត​ត្រូវ​គ្រប់គ្រង​ខ្លួនឯង​សិន​។ 


 
​មិន​ត្រឹម​បង្រៀន​ក្បាច់គុន​ប៉ុន្តែ "The Biafran Warrior" បានទទួល​ចិត្តសាស្ត្រ ឬ ពាក្យ​លើកទឹកចិត្ត ដូចជា ៖«​ទី​១ បើជា​កីឡាករ​វា​ជាការ​ងារ​របស់​អ្នក កុំ​ខ្វល់​រឿង​អ្វី គឺ វ៉ៃ​ទោះ​អ្នកណា​ក្ដី​។ ទី​២ ហាត់​ខ្លាំង និង​មាន​ទំនុកចិត្ត​វ៉ៃ ទោះ​វ៉ៃ​ឈរ ឬ វ៉ៃ​ជំហរ​ដេក​។ ទី​៣ កុំ​ផ្ដោតលើ​ដៃគូ​ពេក ផ្ដោតលើ​អ្វី​យើង​ត្រូវធ្វើ​ចំពោះ​គូប្រកួត​។ ទី​៤ ឈឺ​ក៏​ឈឺ​ចុះ ប៉ុន្តែ​ត្រូវ​ចង់​ឈ្នះ​។ ទី​៥​ជឿជាក់​លើ​ជ័យជម្នះ ដែល​អាច​កើតមាន និង ទី​៦ កុំ​បង្ហាញ​ភាព​ចាញ់​ច្រាប​មុន​ប្រកួត​ឲ្យ កុំ​ចាញ់​នឹង​បរិយាកាស​អ៊ូអរ​»​។ 
 
​អ្នកលេង​គុន​ចម្រុះ​វ័យ ៣២ ឆ្នាំ​រូបនេះ បង្ហើប​ថា ការដែល​ជ្រើសរើស​ក្លិប «​សិល្បៈ​» នៅ​កម្ពុជា​ជា​កន្លែង​ហ្វឹកហាត់ ព្រោះ​បានដឹងថា ចាន់ រតនា ជា​កីឡាករ​មានបទពិសោធន៍​ជោកជាំ ទាំង​ក្បាច់គុន​ខ្មែរ យុទ្ធ​គុនខម គុន​ចម្រុះ និង បាន​បង្ហាត់កីឡា​ករក​ម្រិ​ត​ពិភពលោក​ដើម្បី​ជួយ​ផ្លាស់ប្ដូរ​គុន​ខ្មែរ​នៅ​កម្ពុជា​។ ដ្បិត Onyedikachi ជា​ជនបរទេស ប៉ុន្តែ រតនា បាន​យកចិត្តទុកដាក់​ខ្ពស់ ហើយ ជឿថា​កម្រ​មាន​កីឡាករ​កម្ពុ​ជាណា​អាច​ទទួល​ឱកាស​បែប​នេះឡើយ​។ ម្ចាស់​ក្លិប «​សិល្បៈ​» បានផ្ដល់​ឲ្យ​រូបគេ​ច្រើនជាង​គ្រូបង្វឹក​ណា​ទាំងអស់​នៅ​កម្ពុជា ពេល​ទទួល​ការ​បង្វឹក គុន​ខ្មែរ និង គុន​ចម្រុះ​នោះឡើយ​។ 
 
Onyedikachi សង្កត់ធ្ងន់ថា ៖«​ខ្ញុំ​បាន​ដើរ​តាម​គន្លង ចាន់ រតនា​។ ខ្ញុំ​បានឃើញ គ្រូ រតនា កាល ១០​មុន គាត់​ស្រលាញ់​គុន​ខ្មែរ និង កា​រ៉ា​តេ​ដូ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​តែងតែ​ស្រមៃ​ក្លាយជា​អ្នក​ប្រយុទ្ធ​ដ៏​អង់អាច​។​ខ្ញុំ​ស្រមៃ​ឃើញ​ការ​ទាត់ និង ការ​វ៉ៃ​ចេញ​របស់គាត់​មាន​កម្លាំង​ខ្លាំងក្លា​។ កាលនោះ​ខ្ញុំ​ចង់​ណាស់ ប៉ុន្តែ​គ្មាន​សំណាង​ទេ​។ ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​អាចធ្វើ​បាន​ពេល​បាន​ជួប​គាត់ [​ចាន់ រតនា​] និង​បាន​ហាត់​ជាមួយ​គាត់​»​។ 
 
​គួរ​បញ្ជាក់ថា រហូតដល់​ពេលនេះ Emmanuel Onyedikachi ឡើង​សង្វៀន ONE បាន​ចំនួន ៣ ដង ឈ្នះ​ទាំង ៣ ដង នៅ​ឆ្នាំ ២០១៨​។ ប្រកួត​លើក​ទី​១ គេ​ឈ្នះ​កីឡាករ​ថៃ Nat Natchayangkul នៅ​ទឹក​ទី​៣ កាល​ខែ មីនា មុន​ឈ្នះ អ្នក​គុន​ចម្រុះ​មានបទពិសោធន៍​ជនជាតិ​ឥណ្ឌា Sandeep Kumar Dahiya នៅ​ទឹក​ទី​១ កាល ខែ កក្កដា និង ឈ្នះ កីឡាករ​ចិន Xiaoxiang Xie ក្នុង​ទឹក​ទី​៣ កាល​ខែ តុលា​ឆ្នាំ ២០១៨​។ នៅ​ឆ្នាំ ២០១៩ គេ​មិនទាន់​ត្រូវបាន​ចាប់​គូ​ឲ្យ "The Biafran Warrior" ឡើងជា​ថ្មី​ម្ដង​ឡើយ ប៉ុន្តែ​កីឡាករ​ដើមកំណើត​នី​ហ្សេ​រី​យ៉ា​រូបនេះ​រំពឹង​ទទួលបាន​ការប្រកួត​ឆាប់ៗ​នាពេលខាងមុខ​៕ 
 

Tag:
 MMA
  Emmanuel Onyedikachi
  ចាន់ រតនា
© រក្សាសិទ្ធិដោយ thmeythmey.com