ជាតិ
សង្គមជាតិ
អ្នកលក់​នំ​បញ្ចុក​៖ ប៉ុន្មាន​ថ្ងៃនេះ មាន​ភ្ញៀវ​ទិញ​នំ​បញ្ចុក​ច្រើន​ខុសពី​ធម្មតា​
08, Jun 2019 , 6:29 pm        
រូបភាព
​ភ្នំពេញ​៖ ពលរដ្ឋ​ដែល​ប្រកបមុខរបរ​លក់​នំ​បញ្ចុក មាន​ក្តី​រីករាយ​ដែលមាន​ភ្ញៀវ​ចូល​ទិញ​ច្រើន ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។ មិន​ថា​លក់​នំ​បញ្ចុក​តាម​ផ្សារ តាម​កន្លែង​កម្សាន្ត និង​អ្នកលក់​បញ្ចុក​ដាក់រ​ទះ ឬ​ដើរ​លក់​តាមផ្លូវ​នានា​នោះទេ ពួកគេ បាន​លើកឡើងថា នំ​បញ្ចុក​លក់ដាច់​ច្រើនជាង​រាល់ដង ហើយ​ពេលខ្លះ​លក់​មិនទាន់​អ្នកទិញ​ផង​។


 
​អ្នកស្រី អ៊ី បូរ ជា​អ្នកលក់​នំ​ក​ញ្ចុ​ក នៅ​ទល់មុខ​វត្ត​បទុម​វ​តី ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បាន​និយាយថា ក្នុង​រយៈពេល​ជិត​មួយ​សប្តាហ៍​ចុងក្រោយ​នេះ មាន​ភ្ញៀវ​ចូល​ទិញ​ច្រើន មិន​ថា​ទិញ​ហូប​នៅ​កន្លែង និង​ខ្ចប់​ទេ ដោយ​ក្នុង​មួយថ្ងៃ អ្នកស្រី អាច​លក់​នំ​បញ្ចុក​បាន​រហូត​៤០​គីឡូក្រាម បើ​ធៀប​នឹង​កន្លងមក​លក់​នំ​បញ្ចុក​បាន​ត្រឹម​៣០​គីឡូក្រាម​ក្នុង​មួយថ្ងៃ​។ ទឹក​សម្ល​ដែល​អ្នកស្រី​ធ្វើ​លក់​ជាមួយ​នំ​បញ្ចុក​មាន​សម្លប្រហើរ សម្លការី និង​សម្ល​ណាំ​យ៉ា ជាមួយ​តម្លៃ​៦០០០​ទៅ​៧០០០​រៀល​ក្នុង​មួយ​ចាន​។ តម្លៃ​នំ​បញ្ចុក​គឺ​អាស្រ័យទៅលើ​ប្រភេទ​ទឹកស​ម្ល​នីមួយៗ​។ 
 
​ស្រី្ត​វ័យ​ជាង​៦០​ឆ្នាំ​រូបនេះ ​ក្រៅពី​ធ្វើ​ទឹក​សម្ល​ផ្សេងៗ ដើម្បី​លក់​ជាមួយ​នំ​បញ្ចុក​ជាប្រចាំ​ថ្ងៃ អ្នកស្រី អ៊ី បូរ ដែល​ប្រកបមុខរបរ​ជា​អ្នកលក់​នំ​បញ្ចុក​ជិត​៣០​ឆ្នាំ​មកហើយ​នោះ ក៏​ទទួល​ធ្វើ​សម្លការី​សម្រាប់​នំ​បញ្ចុក​គីឡូក្រាម ដែល​ចៅសង្កាត់​ចតុមុខ រក​ឱ្យជួយ​ធ្វើ​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​បរិភោគ នៅ​ថ្ងៃទី​៩ មិថុនា​នេះ​។ ស្រី្ត​វ័យ​ជាង​៦០​ឆ្នាំ​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​សម្រាប់​ថ្ងៃទី​៩​មិថុនា ខ្ញុំ ក៏​ចូលរួម​ដែរ​។ ខ្ញុំ​ឱ្យ​កូន ក្មួយ បង ប្អូន ពលរដ្ឋ​យើង​បិ​រ​ភោគ គឺ​មិន​គិត​ប្រាក់​ចំនួន​១០០​ចាន​ផងដែរ​»​។​


 
​ការចូលរួម​នេះ គឺ​ដើម្បី​ជួយ​លើកកម្ពស់​នំ​ក​ញ្ចុ​ក​ខ្មែរ និង​ដើម្បី​ចូលរួម​ក្នុង​ទិវា​ហូប​នំ​បញ្ចុក​រួមគ្នា​ទូទាំងប្រទេស​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី អ៊ី បូរ​។ បើតាម​អ្នកស្រី ក្រោយ​ការប្រកាស​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ ចូលរួម​ហូប​នំ​បញ្ចុក​នៅ​ថ្ងៃទី​៩​មិថុនា មាន​ភ្ញៀវ​ចូលមក​ហូ​ម​ច្រើន​តែម្តង​។ «​ជាធម្មតា​នំ​បញ្ចុក​របស់ខ្ញុំ​ចាប់ផ្តើម​លក់​នៅ​ម៉ោង​១០​ព្រឹក​រហូត ដល់​៩​ឬ​១០​យប់ ប៉ុន្តែ​ថ្ងៃនេះ​ខ្ញុំ​លក់​អស់ និង​បិទ​ហាង នៅ​ម៉ោង​៦​ល្ងាច​»​។​
 
​ជាមួយគ្នានេះ ទីតាំង​លក់​នំ​បញ្ចុក​ដែល​នៅក្បែរ​ហាង​នំ​បញ្ចុក អ្នកស្រី អ៊ី បូរ ក៏​លក់ដាច់​ច្រើនជាង​ធម្មតា​ផងដែរ​។ អ្នកស្រី នួន ប៉ុក ជា​ម្ចាស់​ហាង​លក់​នំ​បញ្ចុក​នេះ បាន​និយាយថា​៖« ២-៣​ថ្ងៃនេះ នំ​បញ្ចុក​លក់ដាច់​ច្រើន មាន​ភ្ញៀវ​ប្រុស​-​ស្រី​ប្លែក យុវជន សិស្សសាលា​នាំគ្នា​មកជា​ក្រុមៗ​ចូល​ហូប ប៉ុន្តែ​មិនសូវ​មានការ​កំ​ម៉​ង់​ខ្ចប់​ទៅខាង​ក្រៅ​ទេ​។ ខ្ញុំ​អាច​លក់​នំ​បញ្ចុក​អស់​៣០​គីឡូក្រាម​ក្នុង​មួយថ្ងៃ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ដែល​ពីមុខ​ខ្ញុំ​លក់​នំ​បញ្ចុក​បាន​ត្រឹម​១៥​ទៅ​២០​គីឡូក្រាម​ក្នុង​មួយថ្ងៃ​។ ខ្ញុំ​លក់​នំ​បញ្ចុក​ដាច់​ប៉ុន្មាន​ថ្ងៃនេះ ដូច​លក់ដាច់​នៅ​ថ្ងៃ​ដែលមាន​បុណ្យទាន​ជាតិ​ធំៗ​អ៊ីចឹង​»​។​
 
​អ្នកលក់​ម្នាក់ទៀត នៅ​ផ្សារ​រាត្រី​ទួល​ទំពូង គឺ​អ្នកស្រី ជុំ ពៅ ក៏​អះអាងថា អ្នកស្រី លក់ដាច់​ខុសពី​ធម្ម​ដែរ​។ អ្នកស្រី មានប្រសាសន៍ថា «​ប៉ុ​នា្ម​ន​ថ្ងៃនេះ ខ្ញុំ​លក់​នំ​ប​ញ្ជុ​ក​ដាច់​ខ្លាំង មាន​ភ្ញៀវ​ចូល​ទិញ​ហូប​ច្រើន​ទាំង​នៅ​ហូប​នៅ​កន្លែង និង​ខ្ចប់​យកទៅ​ហូប​នៅ​កន្លែង​ផ្សេងៗ​»​។ 
 
​អ្នកស្រី លក់​នំ​បញ្ចុក​អស់​ជាង​២០​គីឡូ​ក្នុង​មួយ​យប់ ដែល​សមល្មម​ជាមួយ​ទឹក​ប្រហើរ​ខ្មែរ និង​សម្លការី ដែល​ធ្វើ​លក់​ជាប្រចាំ​។ អ្នកស្រី​បាន​និយាយ​ដូច្នេះ​៖«​មែនទែន​ទៅក្រោយ​សម្តេច មានប្រសាសន៍ គឺមាន​ភ្ញៀវ​ច្រើន​មក​ទិញ​តែម្តង​។ លក់​មិន​សល់​ឬ​ចោល​ដូច​មុនៗ​ទេ​។ និយាយ​អ៊ីចឹង​មិន​មានន័យថា​ពេលមុនៗ​លក់​មិន​ដាច់ ឬ​មិន​អស់​នោះទេ គឺ​លក់ដាច់​ដែរ គ្រាន់តែ​ប្រើពេល​វេលា​យូរ​ប៉ុណ្ណោះ​។ ពីមុខ​នំ​បញ្ចុក យើង​លក់​អស់​នៅ​ម៉ោង​១០-១០​យប់ តែ​ឥឡូវ​យើង​លក់​ត្រឹម​ម៉ោង​៨-៩​យប់ គឺ​អស់ហើយ​។ បើ​មានទឹក​សម្ល បន្ត​លក់​គឺ​លក់ដាច់​ទៀត ព្រោះ​មាន​គេ​សួររក​ទិញ​ច្រើនណាស់​»​។ 
 
​សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី ជា​អ្នក​បំផុសបំផុល ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ពិសា​នំ​បញ្ចុក​នៅ​ថ្ងៃទី​៩​មិថុនា​។ ប្រមុខ​រដ្ឋាភិបាល ចាត់ទុក​ព្រឹត្តិការណ៍​នេះ ថា​ជាការ​លើកតម្កើង​និង​ជំរុញ​ការទិញ​ផលិតផល​ក្នុងស្រុក ហើយក៏​អាច​បង្ហាញ​ពី​សាមគ្គី​និង​ឯកភាព​ជាតិ​ផងដែរ​៕

Tag:
 នំ​បញ្ចុក
© រក្សាសិទ្ធិដោយ thmeythmey.com