ជាតិ
សេដ្ឋកិច្ច
អ្នកបោះដុំនំបញ្ចុក ត្រូវប៉ាន់ខ្លាំង ដោយមានការបញ្ជាទិញច្រើនពីអាជ្ញាធរ
× ពលរដ្ឋដែលប្រកបរបរធ្វើនំបញ្ចុកលក់ បានឲ្យដឹងថា ចំនួននៃការកម្ម៉ង់នំបញ្ចុកមានការកើនឡើងខ្លាំង ខណៈថ្ងៃទី៩មិថុនា ជិតឈានមកដល់។ អ្នកស្រី តោ សុចន្ទរដ្ឋា អ្នកធ្វើនំបញ្ចុកនៅម្តុំបឹងទំពុន ខណ្ឌមានជ័យ បានលើកឡើងថា អ្នកស្រីទទួលបានការកក់ឲ្យធ្វើនំបញ្ចុក ក្នុងថ្ងៃទី៩ខាងមុខនេះ ចំនួន៨០០គីឡូក្រាម ដែលចំនួននេះ កើនជាងពាក់កណ្ដាល នៃថ្ងៃធម្មតា ដែលមានត្រឹម៤០០គីឡូក្រាម។
អ្នកស្រី សុចន្ទរដ្ឋា បានអះអាងថា អ្នកកម្ម៉ង់ភាគច្រើន ជាចៅសង្កាត់។ អ្នកស្រី បញ្ជាក់ថា អ្នកស្រី មិនបានដំឡើងតម្លៃនំបញ្ចុករបស់ខ្លួនឡើយ ពោលគឺតម្លៃ២ពាន់រៀល ក្នុងមួយគីឡូក្រាម ដូចថ្ងៃធម្មតាដដែល។ តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកស្រី ប្រាប់និយាយដូច្នេះថា៖«យើងមិនហ៊ានទទួលច្រើននោះទេ ព្រោះខ្លាចធ្វើមិនទាន់ឲ្យគេ»។
លោក រឿន ម៉ៅ ជាអ្នកធ្វើនំបញ្ចុកលក់នៅភូមិកំពង់ចម្លង ឃុំព្រែកតាលប ខេត្តកណ្ដាលបានប្រាប់សារព័ត៌មានថ្មីៗថា សម្រាប់ថ្ងៃ៩មិថុនានេះ លោកទទួលបានការកម្ម៉ង់ឲ្យធ្វើនំបញ្ចុកច្រើនរហូតដល់ទៅជាងមួយតោន ដែលចំនួននេះកើនឡើងជាងពាក់កណ្ដាលនៃថ្ងៃធម្មតា ប៉ុន្តែលោកមិនបានទទួលធ្វើច្រើននោះទេ ព្រោះលោកខ្លាចធ្វើមិនទាន់ឲ្យអតិថិជន។ ហើយអ្នកដែលមកកក់នំបញ្ចុករបស់លោកភាគច្រើនជាមេភូមិ។
លោកបានមានប្រសាសន៍ថា៖«មានគេមកកម្ម៉ង់ច្រើនសម្រាប់ថ្ងៃ៩មិថុនា ដែលមានចំនួនជាងមួយពាន់គីឡូ ខណៈពីមុនត្រឹម ២ ទៅ ៣រយគីឡូប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំមិនហ៊ានទទួលច្រើននោះទេ គឺទទួលត្រឹមជាង៤០០គីឡូប៉ុណ្ណោះ»។
លោក រឿន ម៉ៅ ដែលមានបទពិសោធជាង២០ឆ្នាំ ក្នុងការធ្វើនំបញ្ចុក បានបន្តថា ថ្វីដ្បិតមានការបញ្ជាទិញច្រើនយ៉ាងណាក្តី ក៏តម្លៃលក់នៅតែធម្មតា គឺ ២ ពាន់រៀល ក្នុងមួយគីឡូក្រាម។
សូមបញ្ជាក់ថា នៅថ្ងៃទី៩មិថុនា នឹងមានព្រឹត្តិការណ៍ហូបនំបញ្ចុកទូទាំងប្រទេស ដែលបំផុសបំផុលដោយសម្តេច ហ៊ុន សែន និងលោក សម រង្ស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com