ជាតិ
សេដ្ឋកិច្ច
អ្នក​បោះ​ដុំ​នំ​បញ្ចុក ត្រូវប៉ាន់​ខ្លាំង ដោយមាន​ការបញ្ជាទិញ​ច្រើន​ពី​អាជ្ញាធរ​
08, Jun 2019 , 8:44 pm        
រូបភាព
​ពលរដ្ឋ​ដែល​ប្រកប​របរ​ធ្វើ​នំ​បញ្ចុក​លក់ បាន​ឲ្យ​ដឹងថា ចំនួន​នៃ​កា​រក​ម្ម៉​ង់​នំ​បញ្ចុក​មានការ​កើនឡើង​ខ្លាំង ខណៈ​ថ្ងៃទី​៩​មិថុនា ជិត​ឈាន​មកដល់​។ អ្នកស្រី តោ សុ​ចន្ទ​រដ្ឋា អ្នកធ្វើ​នំ​បញ្ចុក​នៅ​ម្តុំ​បឹង​ទំពុន ខណ្ឌមានជ័យ បាន​លើកឡើងថា អ្នកស្រី​ទទួលបាន​ការ​កក់​ឲ្យ​ធ្វើ​នំ​បញ្ចុក ក្នុង​ថ្ងៃទី​៩​ខាងមុខនេះ ចំនួន​៨០០​គីឡូក្រាម ដែល​ចំនួន​នេះ​ កើន​ជាង​ពាក់កណ្ដាល នៃ​ថ្ងៃ​ធម្មតា ដែលមាន​ត្រឹម​៤០០​គីឡូក្រាម​។

 
​អ្នកស្រី សុ​ចន្ទ​រដ្ឋា បាន​អះអាងថា អ្នក​​ក​ម្ម៉​ង់​ភាគច្រើន ​ជាចៅ​​សង្កាត់​។ អ្នកស្រី បញ្ជាក់ថា អ្នកស្រី មិនបាន​ដំឡើង​តម្លៃ​នំបញ្ចុករបស់ខ្លួនឡើយ ពោលគឺតម្លៃ២ពាន់រៀល ក្នុង​មួយ​គីឡូក្រាម ​ដូច​ថ្ងៃ​ធម្មតា​ដដែល​។ តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ អ្នកស្រី ប្រាប់​និយាយ​ដូច្នេះ​ថា​៖«​យើង​មិនហ៊ាន​ទទួល​ច្រើន​នោះទេ ព្រោះ​ខ្លាច​ធ្វើ​មិនទាន់​ឲ្យ​គេ​»​។​
 
​លោក រឿន ម៉ៅ ជា​អ្នកធ្វើ​នំ​បញ្ចុក​លក់​នៅ​ភូមិ​កំពង់ចម្លង ឃុំ​ព្រែ​កតា​លប ខេត្តកណ្ដាល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សម្រាប់​ថ្ងៃ​៩​មិថុនា​នេះ លោក​ទទួល​បានការ​កម្ម៉​ង់​ឲ្យ​ធ្វើ​នំ​បញ្ចុក​ច្រើន​រហូតដល់​ទៅ​ជាង​មួយ​តោន ដែល​ចំនួន​នេះ​កើនឡើង​ជាង​ពាក់កណ្ដាល​នៃ​ថ្ងៃ​ធម្មតា ប៉ុន្តែ​លោក​មិនបាន​ទទួល​ធ្វើ​ច្រើន​នោះទេ ព្រោះ​លោក​ខ្លាច​ធ្វើ​មិនទាន់​ឲ្យ​អតិថិជន​។ ហើយ​អ្នក​ដែល​មក​កក់​នំ​បញ្ចុក​របស់លោក​ភាគច្រើន​ជា​មេភូមិ​។ 
 
​លោក​បាន​មានប្រសាសន៍ថា​៖«​មាន​គេ​មក​ក​ម្ម៉​ង់​ច្រើន​សម្រាប់​ថ្ងៃ​៩​មិថុនា ដែលមាន​ចំនួន​ជាង​មួយ​ពាន់គីឡូ ខណៈ​ពីមុន​ត្រឹម ២ ទៅ ៣​រយ​គីឡូប៉ុណ្ណោះ​។ ប៉ុន្តែ​ខ្ញុំ​មិនហ៊ាន​ទទួល​ច្រើន​នោះទេ គឺទទួល​ត្រឹម​ជាង​៤០០​គីឡូប៉ុណ្ណោះ​»​។ 
 
​លោក រឿន ម៉ៅ ដែលមាន​បទពិសោធ​ជាង​២០​ឆ្នាំ ក្នុងការ​ធ្វើ​នំ​បញ្ចុក បាន​បន្តថា ថ្វី​ដ្បិត​មាន​ការបញ្ជាទិញ​ច្រើន​យ៉ាងណាក្តី​ ក៏​តម្លៃ​លក់​នៅតែ​ធម្មតា គឺ ២ ពាន់​រៀល​ ក្នុង​មួយ​គីឡូក្រាម​។ 
 
​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​៩​មិថុនា នឹងមាន​ព្រឹត្តិការណ៍​ហូប​នំ​បញ្ចុក​ទូទាំងប្រទេស ដែល​បំផុសបំផុល​ដោយ​សម្តេច ហ៊ុន សែន និងលោក សម រង្ស៊ី​៕

Tag:
 កម្ពុជា​
  នំ​បញ្ចុក
© រក្សាសិទ្ធិដោយ thmeythmey.com