ជាតិ
អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ជប៉ុន​បន្ថែម​ការសិក្សា​ពី​លទ្ធភាព​ទាញយក​រ៉ែ​ទង់ដែង​នៅ​កម្ពុជា​
09, Jun 2019 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​ជប៉ុន Japan Oil, Gas and Metals Corp (JOGMEC) ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ជប៉ុន បានប្រកាស​ស្វែងរក​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ដូចគ្នា ដើម្បី​សហការ​សិក្សា​ពី​លទ្ធភាព ដែល​អាច​ឈានដល់​ការទាញយក​រ៉ែ​ទង់ដែង និង​រ៉ែ​ស័ង្កសី​នៅ​កម្ពុជា បន្ទាប់ពី​បាន​សិក្សា និង​ឃើញ​មាន​រ៉ែ​ទាំងពីរ​នៅ​តំបន់​ដែល​ខ្លួន​រុករក​។​
 
​ទោះបី​ជាការ​ឈានដល់​ការទាញយក​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ជាច្រើន ហើយ​ត្រូវការ​ពេលវេលា​យូរ​ទៀត មន្ត្រីជាន់ខ្ពស់​ពី​ក្រសួង​រ៉ែ និង​ថាមពល បានបង្ហាញ​ការ​ស្វា​គម​ចំពោះ​កា​រវិ​វ​ត្តិ​ន៍​នេះ ដោយ​បញ្ជាក់ថា ការប្រកាស​លទ្ធផលរ​ក​ឃើញ​បឋម​របស់ JOGMEC នឹងធ្វើ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន ចាប់អារម្មណ៍​ពី​ឱកាស​ក្នុង​វិស័យ​រ៉ែ​នៅ​កម្ពុជា​។​
 
​យោងតាម​ការរាយការណ៍​របស់​កាសែត​ជប៉ុន ក្យូ​ដូ កាលពី​ថ្ងៃ​ពុធ JOGMEC តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន Nittetsu Mining Co បានទទួល​អាជ្ញាប័ណ្ណ​រុករក​រ៉ែ ពី​រដ្ឋាភិបាល​កម្ពុជា កាលពី​ខែមេសា ឆ្នាំ​២០១៨ ដើម្បី​សិក្សា​ពី​សក្តានុពល​រ៉ែ នៅ​ខេត្តស្ទឹងត្រែង​។​
 
​ក្រុមហ៊ុន​បានលើកឡើង​នៅក្នុង​របាយការណ៍​រប​ស់​ខ្លួន ដោយ​ត្រូវបាន​រាយការណ៍​បន្ត​ដោយ ក្យូ​ដូ​ថា JOGMEC បាន​រកឃើញថា មាន​រ៉ែ​ទង​ដែង​នៅ​តំបន់​នោះ ដែលជា​ផ្នែក​មួយ​នៃ​ខ្សែក្រវាត់​រ៉ែ ភ្ជាប់​ពី​ប្រទេសជិតខាង​មក​។​
 
​លោក លោក ម៉េង ស​ក្ដ​ធារ៉ា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល (MME) បាន​លើកឡើងថា​ដំណាក់កាល​ដែ ល​ក្រុមហ៊ុន JOGMEC បាន​ឈានដល់​នាពេលនេះ គ្រាន់តែ​ដំណាក់កាល​ដំបូង​នោះទេ ហើយ​ការ​ខិត​ទៅដល់​ការ​អាច​ទាញយក​ផល​បាន នៅ​ត្រូវការ​ឆ្លងកាត់   លក្ខខណ្ឌ​ច្រើន​ទៀត ដែល​យ៉ាងហោចណាស់ ក៏ត្រូវ​ការ​ពេល ២ ទៅ ៣ ឆ្នាំ​ដែរ​។ លោក​បន្ត ថា ក្រុមហ៊ុន​អាច​នឹង​បោះបង់​វិញ​ក៏​ថា​បាន ប្រសិនបើ​សិក្សា​លម្អិត​ទៅ ហើយ​ឃើញ​លទ្ធផល​មិន​សម​នឹង​ប្រតិបត្តិការ​នោះ​។ លោក​បញ្ជាក់ថា​៖«​វា​គ្រាន់តែ​ជា​សញ្ញា​វិជ្ជមាន​មួយ តែ​ដើម្បី​ឲ្យ​វា​អាច​ចេញ​ជា​រូបរាង នឹង​ឈានដល់​ការធ្វើ​ទាញយក​រ៉ែ នៅ​ត្រូវការ​រយៈពេល​យូរ​ទៀត​ណាស់​។ JOGMEC ប្រៀបបាន​ដូចជា​ស្ពាន សម្រាប់​ភ្ជាប់​ក្រុមហ៊ុន​ជប៉ុន​ដែល​ចង់​ធ្វើ​អាជីវកម្ម​នៅក្រៅ​ប្រទេស​ក្នុង​វិស័យ​រ៉ែ​។ ដូច្នេះ​តាមរយៈ​ក្រុមហ៊ុន JOGMEC វា​បានបង្ហាញ​សក្កា​នុព​ល​របស់​កម្ពុជា ហើយ​អាច​នឹងធ្វើ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន ចាប់អារម្មណ៍​យើង​ច្រើនជាង​មុន​»​។​
 
​លោក​បន្តថា ការទាញយក​ភោគផល​ពី​ធនធាន​រ៉ែ ទាំង​លើគោក និង​បាតសមុទ្រ ដែល​សាធារណជន​បាន​រង់ចាំ​ជា​យូរ អាច​នឹង​ចេញ​ជា​ផ្លែផ្កា​ចាប់ពី​ចុងឆ្នាំ ២០១៩ នេះ​ទៅ​។​
 
​បន្ទាប់ពី​បាន​ចំណាយពេល​រុករក​អស់​ជាច្រើន​ឆ្នាំ ក្រុមហ៊ុន​រ៉ែ​មាស ២ គឺ​ក្រុមហ៊ុន Mesco Gold (Cambodia) របស់​ប្រទេស​ឥណ្ឌា និង​ក្រុមហ៊ុន​រ៉ែ Renaissance Minerals (Cambodia) Limited មាន​មូលដ្ឋាន​នៅ​ប្រទេស អូស្ដ្រាលី បាន​ឈាន​កាន់តែ​ជិត​ដល់​ដំណាក់កាល​ចម្រាញ់​មាស នៅ​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​កំពុង​ដំឡើង​រោងចក្រ​កែច្នៃ​រ៉ែ​មាស ដែល​អាចឈាន​ដល់​ការ​ចម្រាញ់​រ៉ែ​មាស នៅ​ចុងឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ជា​បន្តបន្ទាប់​។​
 
​ទាក់ទង​នឹង​រ៉ែ​បាតសមុទ្រ​វិញ ក្រុមហ៊ុន KrisEnergy Ltd មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី ដែល​ប្រតិបត្តិការ​ប្លុក A នៅក្នុង​សមុទ្រ​របស់​កម្ពុជា រំពឹងថា នឹង​អាច​សម្រេច​តាម​ការគ្រោងទុក​របស់​ខ្លួន ក្នុងការ​ទាញយក​ដំណក់​ប្រេង​លើកដំបូង​នៅ​កម្ពុជា នៅ​ចុងឆ្នាំ​នេះដែរ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com