ជាតិ
លោក ធន់ ហ៊ិ​ន អ្នកបកប្រែ​សៀវភៅ​រឿង​មហាភារតៈ ទទួលមរណភាព​
08, Jun 2019 , 5:29 pm        
រូបភាព
លោក ធន់ ហ៊ិន រូបភាព៖វិទ្យុផ្កាឈូក ​
លោក ធន់ ហ៊ិន រូបភាព៖វិទ្យុផ្កាឈូក ​
​លោក ធន់ ហ៊ិ​ន ជា​អ្នកបកប្រែ​សៀវភៅ​រឿង មហាភារតៈ បានទទួល​មរណភាព នៅ​ម៉ោង​៣​នឹង​៤០​នាទី​រសៀល ថ្ងៃទី​៧​មិថុនា ឆ្នាំ​២០១៩ ក្នុង​អាយុ​៧៤​ឆ្នាំ ដោយ​រោគាពាធ​។

 
​លោក ធន់ ហ៊ិ​ន កើត​នៅ​ថ្ងៃទី​៧​កញ្ញា ១៩៤៥ ក្នុង​ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ លោក រៀន​នៅ​សាលាបឋមសិក្សា​បំពេញវិជ្ជា​អង្គរកា នៅ​ដើម​ទសវត្ស​ទ​១៩៥០ និង​សិក្សា​នៅ​វិទ្យាល័យ​ព្រះ​ឧទ័យ ក្រុង​តាកែវ ហើយ​បន្ត​និស្សិត​សាស្ត្រាចារ្យ​សិក្សា​បឋមភូមិ ផ្នែក​ភាសា​បារាំង​នៅ​ដើម​ទសវត្ស​១៩៧០​។ 
 
​លោក ធន់ ហ៊ិ​ន ធ្លាប់ជា​គ្រូ​បំពេញវិជ្ជា​នៅ​កណ្ដាល​ទសវត្ស ១៩៦០ ហើយ​ជា​គ្រូបង្រៀន​ភាសា​បារាំង​នៅ​វិទ្យាល័យ​សន្តិភាព ក្នុង​ខេត្តកំពង់ស្ពឺ ឆ្នាំ​១៩៧៣ ដល់​ឆ្នាំ​១៩៧៥​។ លោក ចាប់ផ្ដើម​ចូលធ្វើការ​នៅ​ក្រសួងការបរទេស នៅ​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨០ ធ្វើជា​អ្នកការទូត​នៅ​ទីក្រុង   ញូ​វ​ដេលី ប្រទេស​ឥណ្ឌា​។ នៅ​ឆ្នាំ​១៩៨៣ បាន​ចូលរួម​ជា​ញឹកញាប់​ក្នុង​គណៈប្រតិភូ​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា ទៅ​បំពេញបេសកកម្ម​នៅ​បរទេស​។ លោក ធន់ ហ៊ិ​ន បាន​ទៅ​បំពេញការងារ​ក្រុង​ញូវយ៉ក និង​ក្រុង​វ៉ាស៊ីនតោន កាលពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​១៩៩៥  និង​បំពេញបេសកកម្ម​នៅ​រុស្ស៊ី ឆ្នាំ​២០០៤ ដល់​២០០៧ បន្ទាប់មក​ចូលនិវត្តន៍​នៅ​ឆ្នាំ​២០០៨​។​
 
​ដោយឡែក​សៀវភៅ មហាភារតៈ  ដែល​លោក​បាន​បកប្រែ ជា​សៀវភៅ​ទាក់ទង​នឹង​ផ្នែក​អប់រំ វិធីសាស្ត្រ មហាកាព្យ និង​យុទ្ធវិធី​ដឹកនាំ​ប្រទេស ដែលមាន​ដើមកំណើត​ក្នុងប្រទេស​ឥណ្ឌា​។

សៀវភៅ​នេះ  បាន​សម្ពោធ កាលពី​ថ្ងៃទី​២៦​ឧសភា ឆ្នាំ​២០១៨​។ ក្រៅពីនេះ លោក ធន់ ហ៊ិ​ន បាន​បកប្រែ​ឯកសារ និង​រៀបរៀង​សៀវភៅ​ជាច្រើន​ដូចជា សៀវភៅ​អភិ​សមាចរ សៀវភៅ​វេយ្យាករណ៍​ខ្មែរ សៀវភៅ​រាជ​ស័ព្ទ​ខ្មែរ និង​សៀវភៅ​រាមាយណ​ជាដើម​៕
 

Tag:
 មរណភាព​
  លោក ធន់ ហ៊ិ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com