ជាតិ
លោក ធន់ ហ៊ិន អ្នកបកប្រែសៀវភៅរឿងមហាភារតៈ ទទួលមរណភាព លោក ធន់ ហ៊ិន រូបភាព៖វិទ្យុផ្កាឈូក
× លោក ធន់ ហ៊ិន ជាអ្នកបកប្រែសៀវភៅរឿង មហាភារតៈ បានទទួលមរណភាព នៅម៉ោង៣នឹង៤០នាទីរសៀល ថ្ងៃទី៧មិថុនា ឆ្នាំ២០១៩ ក្នុងអាយុ៧៤ឆ្នាំ ដោយរោគាពាធ។
លោក ធន់ ហ៊ិន កើតនៅថ្ងៃទី៧កញ្ញា ១៩៤៥ ក្នុងឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ លោក រៀននៅសាលាបឋមសិក្សាបំពេញវិជ្ជាអង្គរកា នៅដើមទសវត្សទ១៩៥០ និងសិក្សានៅវិទ្យាល័យព្រះឧទ័យ ក្រុងតាកែវ ហើយបន្តនិស្សិតសាស្ត្រាចារ្យសិក្សាបឋមភូមិ ផ្នែកភាសាបារាំងនៅដើមទសវត្ស១៩៧០។
លោក ធន់ ហ៊ិន ធ្លាប់ជាគ្រូបំពេញវិជ្ជានៅកណ្ដាលទសវត្ស ១៩៦០ ហើយជាគ្រូបង្រៀនភាសាបារាំងនៅវិទ្យាល័យសន្តិភាព ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥។ លោក ចាប់ផ្ដើមចូលធ្វើការនៅក្រសួងការបរទេស នៅឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨០ ធ្វើជាអ្នកការទូតនៅទីក្រុង ញូវដេលី ប្រទេសឥណ្ឌា។ នៅឆ្នាំ១៩៨៣ បានចូលរួមជាញឹកញាប់ក្នុងគណៈប្រតិភូសាធារណរដ្ឋប្រជាមានិតកម្ពុជា ទៅបំពេញបេសកកម្មនៅបរទេស។ លោក ធន់ ហ៊ិន បានទៅបំពេញការងារក្រុងញូវយ៉ក និងក្រុងវ៉ាស៊ីនតោន កាលពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៥ និងបំពេញបេសកកម្មនៅរុស្ស៊ី ឆ្នាំ២០០៤ ដល់២០០៧ បន្ទាប់មកចូលនិវត្តន៍នៅឆ្នាំ២០០៨។
ដោយឡែកសៀវភៅ មហាភារតៈ ដែលលោកបានបកប្រែ ជាសៀវភៅទាក់ទងនឹងផ្នែកអប់រំ វិធីសាស្ត្រ មហាកាព្យ និងយុទ្ធវិធីដឹកនាំប្រទេស ដែលមានដើមកំណើតក្នុងប្រទេសឥណ្ឌា។
សៀវភៅនេះ បានសម្ពោធ កាលពីថ្ងៃទី២៦ឧសភា ឆ្នាំ២០១៨។ ក្រៅពីនេះ លោក ធន់ ហ៊ិន បានបកប្រែឯកសារ និងរៀបរៀងសៀវភៅជាច្រើនដូចជា សៀវភៅអភិសមាចរ សៀវភៅវេយ្យាករណ៍ខ្មែរ សៀវភៅរាជស័ព្ទខ្មែរ និងសៀវភៅរាមាយណជាដើម៕
Tag:
មរណភាព
លោក ធន់ ហ៊ិន
© រក្សាសិទ្ធិដោយ thmeythmey.com