ជាតិ
សង្គមជាតិ
ស្លាប់ដល់ទៅ១១នាក់ និងរបួស២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅស្រុកភ្នំស្រួច
08, Jun 2019 , 8:45 pm        
រូបភាព
រូបពីស្នងការខេត្តកំពង់ស្ពឺ
រូបពីស្នងការខេត្តកំពង់ស្ពឺ
មានមនុស្សស្លាប់១១នាក់ និង ២នាក់ទៀតរបួស ដោយសារគ្រោះចរាចរណ៍ដ៏រន្ធត់មួយ ដែលកើតឡើងរវាងរថយន្ត៣គ្រឿងបុកគ្នា ដោយក្នុងនោះបណ្តាលឲ្យរថយន្ត២គ្រឿងឆេះ នៅគីឡូម៉ែត្រលេខ៨៥-៨៦ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រលប់ថ្ងៃទី៨ ខែមិថុនានេះ។



អគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រង់សម្តីរបស់លោក តាប់ លន ស្នងការរងខេត្តកំពង់ស្ពឺ ទៅចុះផ្សាយថា ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ គឺបង្កឡើងដោយរថយន្តហាយឡែនឌ័រ ដែលធ្វើដំណើរពីទិសខាងកើត ទៅទិសខាងលិច ហើយពេលមកដល់ចំណុចកើតហេតុ រថយន្តហាយឡែនឌ័រនោះ ក៏បានបើកវ៉ារថយន្តមួយគ្រឿង ក៏ជ្រុលទៅបុករថយន្តក្រុង២៤កៅអីរបស់ក្រុមហ៊ុនវិរៈប៊ុនថាំ ក្នុងទិសដៅបញ្ច្រាស់គ្នា។

លោកស្នងការរងរូបនេះ បញ្ជាក់ថា ពេលនោះ រថយន្តហាយឡែនឌ័រ បានខ្ទាតទៅបុករថយន្តទូរីស ហើយក៏ឆេះតែម្តង។ លោក អះអាងថា «ក្នុងរថយន្តហាយឡែនឌ័រ ស្លាប់៦នាក់ និងខាងរថយន្តក្រុង ស្លាប់៥នាក់»។

ក្រោយកើតហេតុ សមត្ថកិច្ច បានដឹកជនរងគ្រោះទៅព្យាបាល។ ចំណែកសាកសព សមត្ថកិច្ចកំពុងស្វែងរកក្រុមគ្រួសារ៕

© រក្សាសិទ្ធិដោយ thmeythmey.com