FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ ម៉ា​កាវ​សម្រេច​មិន​បញ្ជូន​ក្រុម​ទៅលេង​ជើង​ទី​ពីរ​នៅ​ស្រីលង្កា ព្រោះ​បារម្ភ​បញ្ហា​សុវត្ថិភាព​
08, Jun 2019 , 11:49 pm        
រូបភាព
ដោយ: ថ្មីៗ
ទោះបីជា​មានប្រៀប​ជើង​ទីមួយ ១-០ នា​ការប្រកួត​ជម្រុះ​បឋម World Cup ឆ្នាំ​២០២២ នៅ​ទឹកដី​របស់ខ្លួន​ក៏ដោយ សហព័ន្ធ​កីឡាបាល់ទាត់​ម៉ា​កាវ (MFA) បានសម្រេច​ចិត្ត​មិន​បញ្ជូន​ក្រុម​ទៅលេង​ជើង​ទី​ពីរ​នៅ​ទឹកដី​ស្រីលង្កា​វិញ​ឡើយ ក្រោម​ហេតុផល​ព្រួយបារម្ភ​ពី​បញ្ហា​សុវត្ថិភាព​។​



អត្ថបទទាក់ទង

«​ក្រោយ​មាន​បញ្ហា​ភេរវកម្ម​កន្លងមក​ថ្មីៗ​នេះ​នៅ​ស្រីលង្កា និង​ដើម្បី​សុវត្ថិភាព​ក្រុម​ទាំងមូល យើង​បាន​ទាក់ទង FIFA, AFC និង​សហព័ន្ធ​កីឡាបាល់ទាត់​ស្រីលង្កា ដើម្បី​ពិភាក្សា និង​ចរចា​ដើម្បី​ឲ្យ​ការប្រកួត​នេះ​ប្រព្រឹត្តទៅ​នៅ​ទឹកដី​កណ្តាល​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការពិភាក្សា​ជាង​មួយខែ​រវាង​ភាគី​ពាក់ព័ន្ធ​នៅតែ​សម្រេច​លេង​នៅ​ទឹកដី​ក្នុងប្រទេស​ស្រីលង្កា​ដដែល​»​។ នេះ​ជាការ​រៀបរាប់​របស់​ស​ហ​ព័ន្ធ​កីឡាបាល់ទាត់​ម៉ា​កាវ (MFA) នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​។​

ម៉ា​កាវ ដែល​បានឈ្នះ​ស្រីលង្កា ១-០ កាលពី​ជើង​ទីមួយ​នា​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩ នោះ នឹងត្រូវ​បាត់បង់​ឱកាស​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ការឈាន​ទៅកាន់​វគ្គ​បន្ត​។ MFA បាន​អះអាងថា ពួកគេ​ទុក​សុវត្ថិភាព​កីឡាករ​ជា​អាទិភាព​។ «​យើង​មិនអាច​ធានា​សុវត្ថិភាព​ក្រុម​នៅពេលដែល​ពួកគេ​រស់នៅ​ស្រីលង្កា​ឡើយ ហើយ​យើង​ក៏​មិនអាច​យក​ជីវិត​កីឡាករ​ទៅ​ប្រឈម​នឹង​គ្រោះថ្នាក់​នោះដែរ​។ ដូច្នេះ​យើង​សម្រេច​មិន​បញ្ជូន​ក្រុម​ទៅ​ប្រកួត​នៅ​ទឹកដី​ស្រីលង្កា​នៅ​ថ្ងៃទី​១១ ខែមិថុនា ឡើយ​»​។​



MFA បញ្ជាក់ថា នេះ​មិនមែនជា​ការសម្រេចចិត្ត​ដ៏​ងាយស្រួល​នោះឡើយ ដោយ​សុំ​ការយោគយល់​ពី​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន​ផងដែរ​។​

ទោះបីជាយ៉ាងណាក៏ដោយ ក្រុម​កីឡាករ​បានបង្ហាញឆន្ទះ​របស់ខ្លួន ដោយអះអាងថា ពួក​គេពិតជាចង់​លេងជើងទីពីរខ្លាំងណាស់ ហើយទាមទារឲ្យ MFA គោរពតាម​ការសម្រេច​ចិត្តរបស់ពួកគេ៕






Tag:
 World Cup
  ម៉ាកាវ
  ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com