ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្គាល់ “​ផ្កា​ក្លាំង​ពូ​” ឬ​អត់​? ប្រសើរ​ណាស់​ចំពោះ​សុខភាព ទប់ស្កាត់​ព្យាបាល​ជំងឺ​ជាច្រើន​
10, Jun 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ធ្លាប់​ស្គាល់ “​ផ្កា​ក្លាំង​ពូ​” ឬ​អត់​?  វា​ជា​គ្រឿងទេស​មួយ​ប្រភេទ​ដែល​ទទួលបាន​ការពេញនិយម​យ៉ាងខ្លាំង​ចំពោះ​លក្ខណៈសម្បត្តិ​ជា​ឱសថ​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់​បំបាត់​ការឈឺចាប់​និង​ដោះស្រាយ​បញ្ហា​សុខភាព​ផ្សេងៗ​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​អស្ចារ្យ​នៃ​ការទទួល​ទាន​ផ្កា​ក្លាំង​ពូ​ត្រឹមតែ ២ ក្នុង​មួយថ្ងៃ ៖  
 
១. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​
 
​នោះ​ក៏​ព្រោះតែ​ផ្កា​ក្លាំង​ពូ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ជួយ​បង្កើន​បរិមាណ​គ្រាប់​ឈាមស​ក្នុង​រាងកាយ​ប្រយុទ្ធប្រឆាំង​មេរោគ​ឆ្លង​ផ្សេងៗ​។​
 
២. បង្កើន​ការរំលាយ​អាហារ​
 
​ផ្កា​ក្លាំង​ពូ​មាន​ប្រសិទ្ធិភាព​បង្កើន​ការបញ្ចេញ​អង់ស៊ីម​រំលាយ​អាហារ​។ វា​ក៏​ជួយ​កាត់បន្ថយ​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​ផងដែរ​។ ម្យ៉ាងទៀត​ផ្កា​ក្លាំង​ពូ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ​ដែល​ជួយ​រក្សា​ពង្រឹង​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ទប់ស្កាត់​អាកា​រៈ​ទល់លាមក​។ 
 
៣. ព្យាបាល​អាកា​រៈ​ឈឺធ្មេញ​
 
​គ្រឿងទេស​នេះ​ក៏មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ជា​ថ្នាំស្ពឹក​ផងដែរ​។ ដូច្នេះ​ប្រសិនបើ​ឈឺធ្មេញ ចូរ​ដាក់​ម្ស៉ៅ​ផ្កា​ក្លាំង​ពូ​លើ​ធ្មេញ​ដែល​ឈឺ​។​
 
៤. បង្កើន​សុខភាព​ថ្លើម​
 
​ផ្កា​ក្លាំង​ពូ​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​សារធាតុ eugenol ដែលមាន​ប្រសិទ្ធភាព​ជួយ​សម្រួល​ដល់​មុខងារ​ថ្លើម​ឲ្យ​កាន់តែ​ប្រសើរឡើង​ជាង​មុន​ក្នុងការ​បន្សាប​ជាតិពុល​ក្នុង​រាងកាយ​។​
 
៥. កាត់បន្ថយ​ការឈឺចាប់​និង​ការ​រលាក​ក្នុង​រាងកាយ​
 
​សារធាតុ Eugenol នៃ​ផ្កាក្លាំពូ​ក៏មាន​លក្ខណៈសម្បត្តិ​បំបាត់​ការឈឺចាប់​និង​ប្រឆាំង​ការ​រលាក​ផងដែរ​។​អ្នក​អាច​បំបាត់​អាកា​រៈ​ឈឺក្បាល​យ៉ាង​ឆាប់រហ័ស​ដោយ​គ្រាន់តែ​ទទួលទាន​ផ្កា​ក្លាំង​ពូ ឬក៏​ត្រាំ​ផ្កា​ក្លាំង​ពូ​ក្នុង​ប្រេងដូង​រួច​ម៉ាស្សា​សៀតផ្កា​ជាមួយ​ប្រេង​នេះ​ជាការ​ស្រេច​។​
 
៦. ល្អ​សម្រាប់​សុខភាព​ឆ្អឹង​និង​សន្លាក់​
 
​នោះ​ក៏​ព្រោះតែ​ផ្កាក្លាំពូ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ flavonoids ម៉​ង់​កា​ណែ​ស និង eugenol ដែល​ជួយ​ពង្រឹង​សុខភាព​ឆ្អឹង​និង​សន្លាក់​គួរឱ្យកត់សម្គាល់​។ សមាសធាតុ​ទាំង​ប៉ុន្មាន​នេះ​ក៏​ជួយ​បង្កើន​ដង់ស៊ីតេ​ឆ្អឹង​ដែល​ពាក់ព័ន្ធ​ក្នុងការ​បង្កើត​ជាលិកា​ឆ្អឹង​និង​ការដឹកនាំ​ជាតិ​រ៉ែ​សំខាន់ៗ​ទៅកាន់​ឆ្អឹង​ផងដែរ​។​
 
៧. គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​
 
​ផ្កាក្លាំពូ គឺ​ប្រសើរ​ណាស់​សម្រាប់​អ្នក​ដែលមាន​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម ឬ​អ្នកជំងឺ​ទឹកនោមផ្អែម​។ នោះ​ក៏​ព្រោះតែ​ផ្កា​ក្លាំង​ពូ​ដើរតួនាទី​ដូច​អាំង​ស៊ុយ​លីន​ក្នុង​រាងកាយ​។ វា​ជួយ​នាំយក​ជាតិ​ស្ករ​ដែល​លើស​ចេញពី​ក្នុង​ឈាម​ទៅ​កោសិកា ហើយ​ស្ដារឡើងវិញ​នូវ​តុល្យភាព​ជាតិ​ស្ករ​ក្នុង​ឈាម​។​
 
៨. បំបាត់​ក្លិន​មាត់​មិនល្អ​និង​កំណកកំបោរ​ជាប់​ធ្មេញ​
 
​ប្រើប្រាស់​ម្ស៉ៅ​ផ្កា​ក្លាំង​ពូ ឬ​អ្នក​អាច​យក​ផ្កា​ក្លាំង​ពូ​មក​កិន​ខ្លួនឯង​ក៏បាន រួច​បន្ថែម​ប្រេង​អូ​លីវ​ចូល​បន្តិច សឹម​លាប​ល្បាយ​នេះ​លើ​តំបន់​ធ្មេញ​ដែល​ទទួលរង​ផលប៉ះពាល់​ជាការ​ស្រេច​។ វិធី​ងាយ​មួយទៀត​នោះ គឺ​អ្នក​គ្រាន់តែ​ទំពារ​ផ្កា​ក្លាំង​ពូ​ជំនួស​ស្ករ​កៅស៊ូ​ឲ្យ​បាន​ទៀងទាត់ ដើម្បី​កាត់បន្ថយ​ក្លិន​មាត់​មិនល្អ​និង​សម្លាប់​បាក់តេរី​ក្នុង​មាត់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com