ជាតិ
RUPP និង​វិទ្យាស្ថាន​វ៉ាន់ដា រៀបចំ​កម្មវិធី​បរិភោគ​នំ​បញ្ចុក តាម​ការអំពាវនាវរ​បស់​ប្រមុខ​រដ្ឋាភិបាល​
09, Jun 2019 , 10:45 am        
រូបភាព
រូបភាពពីហ្វេសប៊ុកវិទ្យាស្ថានវ៉ាន់ដាគណេន្យ
រូបភាពពីហ្វេសប៊ុកវិទ្យាស្ថានវ៉ាន់ដាគណេន្យ
​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) និង វិទ្យាស្ថាន​វ៉ាន់ដា រៀបចំ​កម្មវិធី​ហូប​នំ​បញ្ចុក​នៅ​ថ្ងៃទី​៩​មិថុនា​នេះ ក្រោយពី​សម្ដេច ហ៊ុន សែន ប្រកាស​ឲ្យ​យក​ថ្ងៃនេះ បរិភោគ​នំ​បញ្ចុក ដើម្បី​សាមគ្គីភាព និង​ឯកភាព​ជាតិ​។

 
​លោក ជេ​ត ជាលី សាកលវិទ្យាធិកា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​អះអាងថា ការរៀបចំ​កម្មវិធី​ប​រិ​ភោគ​ជុំគ្នា​នេះ គឺ​មិនមែនជា​និន្នាការ​នយោបាយ​អ្វី​នោះទេ ។​ប៉ុន្តែ​វា​ជាការ​កាត់បន្ថយ​ការចំណាយ​ប្រចាំឆ្នាំ សម្រាប់​ការជួបជុំ​រវាង​និស្សិត និង​សាស្ត្រាចារ្យ​របស់​សាលា ស្របតាម​ការអំពាវនាវ​របស់​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ប៉ុណ្ណោះ​។ បើតាម​លោក ជេ​ត ជាលី លោកគ្រូ​-​អ្នកគ្រូ និស្សិត និង​អ្នកចូលរួម​ទាំងអស់  អាច​នាំគ្នា​ពិសារ​នំ​បញ្ចុក​ដោយ​រីករាយ ដោយ​មិន​គិតពី​បក្សនយោបាយ​ណាមួយ​ឡើយ ។ 
 
​សាកលវិទ្យាធិកា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​(Thmey Thmey)​តាម​ទូរស័ព្ទ​ថា​៖ «​ការរៀប​ចំនេះ មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ ហើយ​ដូច​សម្ដេច​បានលើកឡើង​ថា ការបរិភោគ​នំ​បញ្ចុក​នេះ គឺជា​ការ​សាម​គី្គ​ភាព​។ រាល់​ឆ្នាំ​សាលា​តែងមាន​កម្មវិធី​ជួបគ្នា គ្រាន់តែ​ឆ្នាំមុន​ដុត​គោ ឆ្នាំនេះ​នំ​បញ្ចុក ដោយ​ឆ្នាំមុន​អស់​លុយ​ច្រើនពេក​។ ហើយ​សម្ដេច​បាន​លើ​ឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​ពី​ការហូប​នំ​បញ្ចុក ហើយ​ខ្ញុំ​និង​គ្នា​របស់ខ្ញុំ​ជាច្រើន​ក្នុង​ក្រុម​បានសម្រេច​ធ្វើ​អ៊ីចឹងទៅ​។ ក្រុមការងារ​នៅ​សាកលវិទ្យាល័យ​ទាំងអស់​មាន​អ្នក​និន្នាការ​បក្សនយោបាយ​ច្រើន ហើយ​គ្រប់គ្នា​អាច​ចូលរួមបាន​ទាំងអស់​។​» 
 
​លោក ជេ​ត ជាលី ថា​មិនទាន់​ដឹងថា មាន​អ្នក​ចូល​ប៉ុន្មាន​នាក់ ក្នុង​កម្មវិធី​បរិភោគ​នំ​បញ្ចុក​នេះ​ទេ ។ ជុំវិញ​ការរៀបចំ​កម្មវិធី​នេះ ថវិកា​ខាង​សាលា​និង​អ្នកចូលរួម​ជា​អ្នករៀបចំ​ធ្វើឡើង​។​
 
​ចំណែក​វិទ្យាស្ថាន វ៉ាន់ដា ក៏បាន​រៀបចំ​កម្មវិធី​ជួបជុំ​បរិភោគ​នំ​បញ្ចុក​នេះដែរ​។ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Vanda Institute of Accounting បាន​សរសេរ​ដូច្នេះ​ថា «​ទិវា​នំ​បញ្ចុក​សាមគ្គី និង​បង្រួបបង្រួម​ជាតិ​។ តោះ​តោះ មក​ញាំ​នំ​បញ្ចុក​ទាំងអស់គ្នា នៅ​ថ្ងៃអាទិត្យ ទី​៩ ខែ​មី​ថុ​នា ឆ្នាំ ២០១៩ នៅ​លំហែរ​សិក្សា នា​ម៉ោង ៨​ព្រឹក​»​។ 
 
​អ្នកទទួលបន្ទុក​លើ​ផ្នែក​រៀបចំ​នៃ​វិ​ទ្យ​ស្ថាន​វ៉ាន់ដា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា អ្នកចូលរួម​គឺ​បុគ្គលិក​ប្រមាណ​៣០០​នាក់ នៃ​ចំនួន​នំ​បញ្ចុក​ប្រហែល​៥០​គីឡូ​៕

Tag:
 RUPP
  វ៉ាន់ដា​
  នំ​បញ្ចុក
© រក្សាសិទ្ធិដោយ thmeythmey.com