អន្តរជាតិ
ប្រធានាធិបតី​វៀតណាម​៖ ការ​ជ្រើស​វៀតណាម​ជា​សមាជិក UNSC គឺជា​ការទទួលស្គាល់​ពី​កិត្យានុភាព​វៀតណាម​លើ​ឆាក​អន្តរជាតិ
09, Jun 2019 , 12:29 pm        
រូបភាព
ដោយ:
​ប្រមុខរដ្ឋ​វៀតណាម លោក Nguyen Phu Trong បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដើម្បី​អរគុណ​ដល់​សហគមន៍​អន្តរជាតិ ជាពិសេស​សមាជិក​មហា​សន្និបាត​អង្គការសហប្រជាជាតិ ដែល​បាន​បោះឆ្នោត​គាំទ្រ​ក្នុង​សំឡេង​ភាគច្រើន​ឲ្យ​វៀតណាម​ក្លាយជា​សមាជិក​មិន​អចិន្ត្រៃយ៍ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​សម្រាប់​អាណត្តិ​ពីរ​ឆ្នាំ​។​

 
​តាមរយៈ​សេចក្តី​ថ្លែង​ដែល​អះអាងថា​តំណាង​ឲ្យ​បក្ស​កុម្មុយនីស្ត រដ្ឋ និង​ប្រជាជន​វៀតណាម លោក​ប្រធានាធិបតី លោក Nguyen Phu Trong បាន​អរគុណ និង​ចាត់ទុក​ការបោះឆ្នោត​គាំទ្រ​វៀតណាម​ជា​សមាជិក​មិន​អ​ន្ត្រៃ​យ៍រ​បស់​ក្រុមប្រឹក្សាសន្តិសុខ គឺជា​ការទទួលស្គាល់​ពី​សហគមន៍​លើ​តួនាទី និង​ការចូលរួមចំណែក​រប​ស់​វៀតណាម​នៅលើ​ឆាក​អន្តរជាតិ និង​ក្នុង​តំបន់ ក៏​ដូច​កិត្យានុភាព​របស់​វៀតណាម​លើ​ឆាក​អន្តរជាតិ​ផងដែរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Vietnam News​។ 
 
​លោក​ប្រធានាធិបតី និង​ជា​អគ្គលេខាបក្ស​កុម្មុយនីស្ត​វៀតណាម តាមរយៈ​សេចក្តីថ្លែងការណ៍​ដដែល​នោះ បាន​បន្តទៀតថា នេះ គឺជា​កិត្តិយស​មួយ​ដ៏​ធំ​របស់​វៀតណាម ដែល​ក្លាយជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ ហើយ​នេះ ក៏​ជាការ​ទទួលខុសត្រូវ​មួយ​ដ៏​ធ្ងន់​របស់​វៀតណាម ដែល​ត្រូវ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​បំពេញការងារ ដែល​កំណត់ដោយ​សហគម​ន៍​អន្តរជាតិ​។ 
 
​ប្រមុខ​ដឹកនាំ​កំពូល​របស់​វៀតណាម​រូបនេះ ថ្លែង​ជឿជាក់ថា តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ការបរទេស ឯករាជ្យ​, ពហុភាគី​និយម និង​ពិពិធ​កម្ម​លើ​ទំនាក់ទំនង​បរទេស ក៏ដូចជា​ការ​សកម្ម​ក្នុង​សមាហរណកម្ម​ទៅកាន់​ពិ​ព​ភ​លោក​របស់​វៀតណាម នឹងធ្វើ​ឲ្យ​វៀតណាម បំពេញ​តួនាទី​នេះ​ប្រកបដោយ​ជោគជ័យ​ជាក់​មិន​ខាន​។ 
 
​គួរ​រម្លឹក​បន្តិច​ថា នៅ​ថ្ងៃ​៧ មិថុនា មហាសន្និបាត​អង្គការសហប្រជាជាតិ បាន​បោះឆ្នោត​ជ្រើសរើស​រដ្ឋ​ចំនួន​ប្រាំ ដើម្បី​ជា​តំណាង​របស់​តំបន់​សម្រាប់​កៅអី​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​ត្រូវ​ចាប់ពី​ឆ្នាំ​២០២០​ដល់​២០២១​។ ជា​លទ្ធផល វៀតណាម អេ​ស្តូ​នី នី​ហ្សេ ទុយ​នី​ស៊ី និង​កោះ Saint Vincent and the Grenadines ត្រូវបាន​ជាប់ឆ្នោត​។ 
 
​វៀតណាម ធ្លាប់​ត្រូវបាន​ជ្រើសរើស​មកកាន់​តំណែង​ដ៏​មាន​ឥទ្ធិពល​របស់​អង្គការសហប្រជាជាតិ​មួយ​នេះ​ម្តង​រួចហើយ​សម្រាប់​អាណត្តិ ២០០៨-២០០៩​។ ពោលគឺ​នេះ ជា​លើក​ទី​២​ហើយ​សម្រាប់​វៀតណាម​៕

Tag:
 វៀតណាម​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com