ជាតិ
លោកថោង ខុន ថានឹងពិភាក្សាជាមួយលោកស្រីភឿង សកុណា ពីការស្នើបញ្ចូល«នំបញ្ចុក»ជាសម្បត្តិបេតិកភណ្ឌពិភពលោក
× លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា លោកនឹងពិភាក្សាជាមួយ លោកស្រី ភឿង សកុណ រដ្ឋមន្ត្រីក្រសួងវប្បធម៌ ពីការដាក់បញ្ចូលនំបញ្ចុក ជាម្ហូបតំណាងអត្តសញ្ញាណជាតិខ្មែរ និងស្នើទៅអង្គការយូណេស្កូដាក់បញ្ចូល«នំបញ្ចុក»ជាសម្បត្តិបេតិកភណ្ឌរូបិយពិភពលោក។
លោក ថោង ខុន បញ្ជាក់ដូច្នេះ នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងសមាជិកក្រុងការងារថ្នាក់ជាតិស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ អំពីត្រៀមរៀបចំពិធីបរិភោគនំបញ្ចុកជាមួយពលរដ្ឋ កាលពីថ្ងៃទី៨ ខែមិថុនា និងត្រូវបានចុះផ្សាយក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍។
ទាក់ទងនឹងគម្រោងស្នើដាក់បញ្ចូល«នំបញ្ចុក»ជាសម្បត្តិបេតិកភណ្ឌរូបិយពិភពលោកនេះ លោកស្រី ភឿង សកុណា ក៏មិនទាន់ហ៊ានឆ្លើយយ៉ាងណាដែរ។ លោកស្រីគ្រាន់តែនិយាយថា កាលពីជាងកន្លះឆ្នាំ ឬជិតមួយឆ្នាំមុន ក្រសួង ធ្លាប់គិតចង់ចុះបញ្ជីមុខម្ហូបខ្មែរមួយចំនួនជាសម្បត្តិបេតិកភណ្ឌពិភពលោក នៃអង្គការ UNESCO ដែរ ដូចជា ប្រហុក ផ្អក សម្លកកូរ។ល។ អំពី«នំបញ្ចុក» លោកស្រីថា អាចនឹងលើកគំនិតនេះ ទៅពិភាក្សា និងពិចារណាជាមួយក្រុមការងារជំនាញដែរ៕
Tag:
នំបញ្ចុក
សម្បត្តិបេកតិភណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com