ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​​​ន​យោ​បាយ​ជាតិ​
លោក ព្រាប កុល បង្កើត​ក្លិប​មេដឹកនាំ​វ័យក្មេង ប៉ុន្តែ​គ្មាន​បំណង​ធ្វើ​នយោបាយ
09, Jun 2019 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល នឹង​បង្កើត​ក្លិប​មេដឹកនាំ​វ័យក្មេង នៅ​ខែកក្កដា ដើម្បី​ជំរុញ​ឲ្យ​យុវជន​ជំនាន់​ក្រោយ អាចមាន​លទ្ធភាព និង​សមត្ថ​ភាពរឹងមាំ ក្នុងការ​ដឹកនាំ​​នៅក្នុង​ស្ថាប័ន អង្គភាព និង​វិស័យ​នយោបាយ​ជាដើម​។​

 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ព្រាប កុល អះអាងថា ការបង្កើត​ក្លិប​មេដឹកនាំ​វ័យក្មេង​នេះ​ឡើង គឺ​ដើម្បី​បង្រៀន​ផ្លូវចិត្ត​របស់​យុវជន ឲ្យ​មាន​ការចេះ​យោគយល់ ចេះ​អធ្យាស្រ័យ និង​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​ភាព​វ័យឆ្លាត ប្រកបដោយ​គុណធម៌ និង​សីលធម៌​។ បើតាម​លោក ព្រាប កុល ភាពជា​មេដឹកនាំ​វ័យក្មេង​នេះ មិន​សំដៅ​តែ​លើ​ការដឹកនាំ​ក្នុង​វិស័យ​នយោបាយ​ទេ ពោលគឺ​ការដឹកនាំ​នៅតាម​ស្ថាប័ន អង្គភាព​នានា ក៏ត្រូវ​ការ​អ្នក​នាំ​ប៉ិនប្រសប់​ដែរ​។​
 
​ជា​បន្ត​លោក​អ្នកនាង ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នក​សារ​ព័ត​មាន​ថ្មីៗ និង​លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា ដូចតទៅ​៖



 
​ក្រៅពី​គម្រោង​បង្កើត​ក្លិប​មេដឹកនាំ​វ័យក្មេង​នេះ លោក ព្រាប កុល ក៏​តែងតែ​និយាយ​រិះគន់ និង​បកស្រាយ​ពី​បញ្ហានយោបាយ​ច្រើន នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ នៅពេល​សួរថា តើ​លោក​បង្កើត​ក្លិប​មេដឹកនាំ​វ័យក្មេង​នេះ​ឡើង ក្នុង​គោលបំណង​រៀបចំ​ខ្សែបណ្ដោយ​មួយ សម្រាប់​លោក​ឈានទៅដល់​ការបង្កើត​គណបក្សនយោបាយ​មែន​ទេ​?


 
​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​រូបនេះ បាន​បដិសេធថា លោក​គ្មាន​បំណង​ធ្វើ​នយោបាយ​នោះទេ ព្រោះ​ការងារ​នយោបាយ​ជាការ​ងារ​លំបាក ដែល​វា​មិនមែនជា​គោលដៅ​ដែល​លោក​ចង់​ធ្វើ​នោះឡើយ ។ ប៉ុន្តែ​អ្វីដែល​លោក ចង់​ធ្វើ​នោះ គឺ​កិច្ចការងារ​សង្គម និង​ការបណ្ដុះបណ្ដាល​យុវជន​ឲ្យ​ក្លាយទៅជា​ទំពាំង​ស្នង​ឫស្សី និង​ជា​សសរទ្រូង​ដ៏​រឹងមាំ​ដល់​ប្រទេសជាតិ​។ «​រឿង​ធ្វើជា​អ្នកនយោបាយ ជា​រឿង​ដ៏​លំបាក បើសិនជា​សួរ​ខ្ញុំ​ថា ចង់​ធ្វើជា​អ្នកនយោបាយ​ទេ ខ្ញុំ​មើលថា​វា​គ្មាន​ហេតុផល​អ្វី​ទេ ដែល​ខ្ញុំ​ត្រូវ​ចង់​ធ្វើ​។ ប្អូន​ត្រូវ​ក្រ​ឡេង​មើលទៅ បើសិនជា​យើង​យល់​និយមន័យ​នយោបាយ​ច្បាស់ គឺ​ត្រូវ​បម្រើ​ជាតិ ត្រូវ​លះបង់​ដើម្បី​បុព្វហេតុ​ជាតិ ហើយ​មិនមែន​ធ្វើ​ដើម្បី​ចំណេញ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយក៏​មិនមែនជា​ការងារ​ដែល​ស្រួល ហើយ​សប្បាយចិត្ត​ដែរ​។រឿង​អី​បាន​មនុស្ស​ដូច​ខ្ញុំ ម៉េច​បានជា​ចង់ទៅ​ធ្វើការ​ងារ​ដែល​អ​ត់​ស្រួល និង​អត់​សប្បាយ​អ៊ីចឹង​។ ដូច្នេះ​បើ​សួរ​ខ្ញុំ​ថា ចង់​ធ្វើ​នយោបាយ​ទេ គឺ​អត់​ទេ ចម្លើយ​គឺ​អត់​តែម្ដង​»។ នេះជាការបញ្ជាក់របស់លោក ព្រាប កុល ៕

Tag:
 ព្រាប កុល​
  តម្លាភាព​
  មេដឹកនាំ​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com