អន្តរជាតិ
ហ្វីលីពីន ទាត់ចោល​សំណើ​ស៊ើបអង្កេត​លើ​បញ្ហា​សិទ្ធិមនុស្ស​របស់​ក្រុម​សិទ្ធិមនុស្ស sUN
09, Jun 2019 , 4:59 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ម៉ានីល បាន​បដិសេធ​លើ​សំណើ​បើក​ការស៊ើបអង្កេត​របស់​អ្នកជំនាញ​អង្គការសហប្រជាជាតិ​លើ​ស្ថានភាព​សិទ្ធិមនុស្ស​ហ្វីលីពីន ដែល​កំពុងតែ​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​។ សម្រាប់​ក្រុង​ម៉ានីល សកម្មភាព​បែបនេះ គឺជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​អាស៊ាន​តែម្តង ។​

 
​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​៧ មិថុនា បានស្នើ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ដើម្បី​ពិនិត្យមើល​ស្ថានភាព​សិទ្ធិមនុស្ស​របស់​ហ្វីលីពីន ជាពិសេស​នោះ​លើ​ករណី​នៃ​ការសម្លាប់​ដោយ​ខុសច្បាប់ និង​ក្រៅ​ប្រព័ន្ធតុលាការ តាមរយៈ​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន ឬ​សង្គ្រាម​គ្រឿងញៀន ដែល​ជនរងគ្រោះ​ក៏មាន​រាប់បញ្ចូល​ទាំង​អ្នកការពារ​សិទ្ធិមនុស្ស​ផង​នោះ ។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​សំណើ​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស ធ្វើឡើង​បន្ទាប់ពី​មាន​របាយការណ៍​បាន​អះអាងថា តាមរយៈ​យុទ្ធនាការ​បោសសម្អាត​នេះ ប៉ូលិស បានសម្លាប់​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​រហូតដល់ ៥៣០០​នាក់ ត្រឹមតែ​រយៈពេល​បី​ឆ្នាំ​ប៉ុណ្ណោះ  ខណៈ​ចំណាត់ការ​នេះ ក៏​នៅតែ​បន្ត​អនុវត្ត រហូតដល់​ចប់​អាណត្តិ​របស់លោក​ប្រធានាធិបតី​តែម្តង​។ 
 
​យ៉ាងណាក៏ដោយ តាម​អ្នកនាំពាក្យ​របស់​ហ្វីលីពីន លោក Salvador Panelo បានចាត់ទុក​សំណើ​របស់​ក្រុម​អ្នកជំនាញ​សិទ្ធិ​ម​ន្សរ​បស់​អង្គការសហប្រជាជាតិ ដែលមាន​សមាសភាពរ​ហូត​ដល់​១១​នាក់​នោះ គឺជា​ការ​ប្រឈម និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​អធិបតេយ្យ​របស់​ហ្វីលីពីន​យ៉ាងធ្ងន់ធ្ងរ​។ អ្នកនាំពាក្យ​រូបនេះ ថែមទាំង​ចោទ​ក្រុម​អ្នកជំនាញ​ថា លម្អៀង ហើយ​ប្រឆាំងនឹង​អាជ្ញាធរ​ស្របច្បាប់​។ 
 
​អ្នកនាំពាក្យ ថែមទាំង​បាន​ទាញ​លទ្ធផល​នៃ​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​របស់​ហ្វីលីពីន​កាលពីពេល​ថ្មី​ជាមួយនឹង​ករណី​គ្រឿងញៀន​នេះ​យ៉ាង​ដូច្នេះ​ថា​៖«​បេក្ខជន ដែល​ឈរឈ្មោះ​តំណាង​ក្នុង​បោះឆ្នោត និង​មាន​ជំហរ​ប្រឆាំង​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​របស់លោក​ប្រធានាធិបតី មិន​ត្រូវបាន​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​ឡើយ​»​។ ពោលគឺ ប្រជាជន​ភាគច្រើន បាន​គាំទ្រ​គោលនយោបាយ​នេះ​។ 
 
​គួរ​ជម្រាប​បន្តិច​ថា នេះ មិនមែនជា​លើកដំបូង​ឡើយ ដែល​ហ្វីលីពីន បដិសេធ​ការប៉ុនប៉ង​បើក​ស៊ើបអង្កេត​លើ​ស្ថានភាព​សិទ្ធិមនុស្ស​។ ដោយសារតែ​បញ្ហា​នេះ មេដឹកនាំ​ហ្វីលីពីន​លោក ឌូ​ទើ​តេ ថែមទាំង​ដើរចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​ហ្វីលីពីន បាន​ក្លាយជា​សមាជិក​តាំងពី​ឆ្នាំ​២០១១​មក ក្រោយ​តុលាការ ប្រកាស​បើក​ស៊ើបអង្កេត​វាយតម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស​ហ្វីលីពីន ដើម្បី​ឈានដល់​ការកាត់ទោស​អ្នកទទួលខុសត្រូវ​ពីក្រោយ​៕ 

Tag:
 ហ្វីលីពីន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com