ជាតិ
វីដេអូ
ស្ដារលូ​ជិត​៣០​ឆ្នាំ​, លោក ណន អង្វរ​ពលរដ្ឋ​កុំ​បោះ​សំរាម​ចូល​លូ​
09, Jun 2019 , 7:29 pm        
រូបភាព
​ភ្នំពេញ​៖ ជា​កម្មករ​ស្ដារលូ​ក្នុង​រាជធានី​ភ្នំពេញ តាំងពី​ឆ្នាំ​១៩៩១​មក លោក ប៉ិច ណន បានស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​បោះ​សំរាម​ចូល​លូ​បន្តទៀត ដោយ​ចេះ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។ បុរស​ដែល​ស្ដារលូ​ជិត​៣០​ឆ្នាំ​រូបនេះ អះអាងថា សំរាម​នៅតែមាន​ក្នុង​លូ ដោយសារ​ការ​ចោល​សំរាម​របស់​ប្រជាពលរដ្ឋ​។ ជា​រៀងរាល់ថ្ងៃ លោក ណន តែងតែ​ចុះ​ស្ដារលូ​នៅតាម​គោលដៅ​នានា​ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង​៤​ល្ងាច​។​


 
​នៅពេល​ធ្វើដំណើរ​ឆ្លងកាត់​ទីតាំង​ដែលមាន​សំរាម និង​លូទឹកស្អុយ មនុស្ស​ភាគច្រើន​តែងតែ​ខ្ទប់​ច្រមុះ ដោយសារតែ​មិនអាច​ទ្រាំ​នឹង​ក្លិនស្អុយ​។ សម្រាប់ លោក ប៉ិច ណន ដែលជា​កម្មករ​ស្ដារលូ​ជិត ៣០​ឆ្នាំនេះ តែងតែ​នៅ​ជាមួយ​ក្លិនស្អុយ និង​កាក់សំណល់​កខ្វក់​ជា​រៀងរាល់ថ្ងៃ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ប៉ិច ណន បញ្ជាក់​យ៉ាង​ដូច្នេះ​៖ « នេះ​ជា​ឆន្ទៈ​របស់ខ្ញុំ​។ ធ្វើការ​យូរ​ឆ្នាំទៅ​ស៊ាំ​នឹង​ការងារ​នេះ ហើយ​ចាត់ទុកជា​ការងារ​ធម្ម​តា​»​។ 

​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក ប៉ិច ណន កម្មករ​ស្ដារលូ​ក្នុង​រាជធានី​ភ្នំពេញ​ដូចតទៅ​៖ 

 
 
​រដូវ​ដែល​លោក ប៉ិច ណន រវល់​ជាងគេ គឺ​រដូវវស្សា ដោយសារតែ​ភ្លៀង​ធ្លាក់​ធ្វើ​ឲ្យ​ជន់​លិច​ក្នុង​រាជធានី ដូច្នេះ​លោក​ត្រូវតែ​ចុះទៅ​ស្ដារលូ ទោះ​យប់​ឬ​ថ្ងៃ​ក៏ដោយ​។ បើតាម​បុរស​វ័យ​៦១​ឆ្នាំ​រូបនេះ ទឹកលូ ដែល​លោក​តែងតែ​ចុះ​ស្ដារ មានពេលខ្លះ​ត្រឹម​ចង្កេះ និង ខ្លះទៀត ត្រឹម​ដើមទ្រូង​ក៏មាន​។ ទោះបី​លោក ប៉ិច ណន មាន​បទពិសោធ​ច្រើន​លើ​ការងារ​ស្ដារលូ​នេះ​ក៏ដោយ ក៏​លោក​នៅតែ​ជួបនឹង​បញ្ហា​ផងដែរ​។ បញ្ហា​នោះ គឺ​បញ្ហា​មុត​អំបែង​កែវ ឡា​ម និង​ដែក ដែល​គេ​បោះ​ចូលក្នុង​លូ​។ លោក ប៉ិច ណន ប្រាប់ថា​៖ «​ពេលខ្លះ ក៏មាន​អារម្មណ៍​ខឹង​នឹង​អ្នក​ចោល​សំរាម​ចូលក្នុង​លូ ប៉ុន្តែ​មិនដឹង​ធ្វើ​ម៉េច មានតែ​ខំប្រឹង​ធ្វើទៅ​»៕

បើសិនលោកអ្នកចង់ជួយលោក ប៉ិច ណន សូមទាក់ទងតាមលេខទូរសព្ទនេះ ០៩៦ ៨៣ ៤៩ ១០៤

 

Tag:
 កម្មករ​
  ស្ដារលូ​
  សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com