អន្តរជាតិ
នាយករដ្ឋមន្ត្រីលី សៀនឡុង៖ សិង្ហបុរី មិនអាចក្លាយជាឈ្នាន់របស់អាមេរិក ឬចិនបានឡើយ ...
× វិវាទពាណិជ្ជកម្មចិន និងអាមេរិក ហាក់មិនមានសញ្ញាណាមួយដែលត្រូវថមថយ និងវិលត្រលប់ទៅរកសភាពធម្មតាក្នុងរយៈពេលឆាប់ៗខាងមុខនេះឡើយ។ ទំនោរនេះ មិនត្រឹមតែបង្កផលលំបាកដល់គូវិវាទប៉ុណ្ណោះនោះទេ តែក៏ប៉ះពាល់ដល់សេដ្ឋកិច្ចសកល ដែលចំណុចនេះហើយធ្វើឲ្យនាយករដ្ឋមន្ត្រី សិង្ហបុរី ប្រកាសជំហរប្រកាន់ខ្ជាប់ផលប្រយោជន៍ជាតិជាធំ ដើម្បីបញ្ចៀសការធ្លាក់ចូលក្នុងអន្ទាក់មហាអំណាចទាំងពីរ។
នាកម្មវិធីផ្តល់ពានរង្វាន់ធុរកិច្ចរបស់សហគមន៍ចិននៅសិង្ហបុរីនៅថ្ងៃ៧ មិថុនា អ្នកសារព័ត៌មានបានចោទសួរលោកនាយករដ្ឋមន្ត្រី លី សៀនឡុង ថាតើប្រទេសតូចដូចជាសិង្ហបុរីគួរអនុវត្តគោលនយោបាយបែបណាចំពោះពិភពលោក ដែលកំពុងតែបែងចែកគ្នារវាងអាមេរិកនិងចិន ដោយសារតែវិវាទសេដ្ឋកិច្ច និងបច្ចេកវិទ្យា។
សម្រាប់បញ្ហានេះ លោកនាយករដ្ឋមន្ត្រី បានអះអាងថា ការអនុវត្តគោលនយោបាយ ដែលយកផលប្រយោជន៍ជាតិខ្លួនជាធំ នឹងផ្តល់លទ្ធភាពឲ្យសិង្ហបុរី អាចធានាពីជំហរខ្លួន ថា សិង្ហបុរី ក៏ជាមិត្តរបស់ចិន ហើយក៏ជាមិត្តអាមេរិកដូចគ្នា។ លោកនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា សកម្មភាពរបស់សិង្ហបុរី មិនតំណាងឲ្យអ្នកណាឡើយ។
លោកនាយករដ្ឋមន្ត្រី បន្ថែមថា ជំហរលក្ខណៈបែបនេះ ទើបមិនធ្វើឲ្យសិង្ហបុរី ក្លាយជាឈ្នាន់របស់ប្រទេសមហាអំណាចណាមួយ។
ជាមួយគ្នានេះផងដែរ លោកនាយករដ្ឋមន្ត្រី លី ក៏សង្ឃឹមផងដែរថា មហាអំណាចមិនដាក់សម្ពាធទៅកាន់រដ្ឋតូចៗដើម្បីជ្រើសរើសយកខ្លួន ហើយប្រឆាំងនឹងភាគីដែលជាគូវិវាទរបស់ខ្លួន ដែលជាហេតុនាំឲ្យពិភពលោក ត្រូវបែងចែកជាប៉ូលពីរដាច់ដោយឡែកពីគ្នានោះ។
ប្រមុខសិង្ហបុរីរូបនេះ យល់ឃើញថា បើមហាអំណាចអនុវត្តគោលនយោបាយបែបនេះ ទើបធ្វើឲ្យកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ អាចអភិវឌ្ឍបាន ព្រោះប្រទេសក្នុងតំបន់អាចមានទំនាក់ទំនងល្អបានទាំងជាមួយចិន ជប៉ុន អឺរ៉ុប និងអាមេរិកបានក្នុងពេលតែមួយ។
គួរជម្រាបផងដែរថា សិង្ហបុរី គឺជារដ្ឋមួយនៅក្នុងតំបន់ ដែលមានសក្តានុពល និងលេចធ្លោជាងគេ។ លក្ខណៈពិសេសនេះ បានធ្វើឲ្យមហាអំណាចដែលមានអាមេរិក និងចិន ត្រូវផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ។ ជាក់ស្តែងសម្រាប់អាមេរិក សិង្ហបុរី ប្រៀបប្រដូចទៅនឹង «យុថ្កា» មួយនៅក្នុងតំបន់ ខណៈសិង្ហបុរី ក៏ជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់ទៅវិញទៅមកជាមួយនឹងចិនផងនោះ៕
Tag:
សិង្ហបុរី
ចិន
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com