ភ្នំពេញ៖ នៅពេលរដូវប្រមូលផលទុរេនចូលមកដល់ កសិករដាំទុរេននៅឃុំម៉ាក់ប្រាង្គស្រុកទឹកឈូ ខេត្តកំពត ស្ទើរគ្រប់គ្រួសារមានទឹកមុខរីករាយ ព្រោះទុរេនកំពតឆ្នាំនេះ លក់បានថ្លៃ និងមានទិន្នផលល្អគួរសម។ ទុរេនកំពត ត្រូវបានអតិថិជន ចាត់ទុកថា មានរសជាតិឆ្ងាញ់លេខ១ និងមានតម្លៃថ្លៃជាងគេ។ ដោយមានការគាំទ្រយ៉ាងគគ្រឹកគ្រេងបែបនេះ ដំណាំទុរេន បានធ្វើឲ្យកសិកររាប់រយគ្រួសារក្នុងខេត្តកំពតមានជីវភាពប្រសើរ។
ជាបន្តសូមអញ្ជើញស្តាប់បទយកការណ៍ ដែលរៀបចំដោយ លោក រ៉ឹម ភារី នៃសារព័ត៌មានថ្មីៗដូចតទៅ៖
ទុរេន ខេត្តកំពត ត្រូវបានគេចាត់ទុកថា ជាទុរេនដែលមានរសជាតិឆ្ងាញ់លេខ១ និងមានតម្លៃថ្លៃជាងទុរេនដែលមានប្រភពពីខេត្តដទៃ។ ហើយដាំណាំនេះ បានធ្វើឲ្យកសិករអ្នកដាំទុរេន នៅខេត្តកំពតនេះ មានជីវភាពធូរធារដែរ។
កំពុងអង្គុយលក់ទុរេននៅខ្លោងទ្វារចម្ការ ជាប់ផ្លូវចូលទៅរមណីយដ្ឋានដងព្រែក អ្នកស្រី ហាវ ធៀប អាយុ៤០ឆ្នាំ ជាកសិករដាំទុរេននៅឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូក បានឲ្យដឹងថា នៅឆ្នាំនេះ ទុរេនមានទិន្នផលល្អគួរសម និងមានតម្លៃខ្ពស់ដូចរាល់ឆ្នាំអ៊ីចឹងដែរ។ មាឌធាត់បន្តិច មុខញញឹមញញែម អ្នកស្រី ហាវ ធៀប បានរៀបរាប់ថា បច្ចុប្បន្នគ្រួសារអ្នកស្រីមានដីដាំទុរេនជាង១ហិចតា និងមានទុរេនដែលទទួលផលចំនួន១០០ដើម ហើយដើមនីមួយៗ មានផ្លែចន្លោះពី១០ទៅ៦០ផ្លែ។ អ្នកស្រី ហាវ ធៀប រៀបរាប់ពីតម្លៃទុរេនយ៉ាងដូច្នេះថា៖ «តម្លៃមិនទៀងទេ ដោយពូជ ពូជឱហ្កាក់លក់បានជាង២ម៉ឺនក្នុងមួយគីឡូក្រាម ពូជត្រដង់កិតលក់បាន២ម៉ឺនក្នុងមួយគីឡូក្រាម ពូជធម្មតាលក់បានជាង១ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ ពូជឱហ្កាក់ យកពីថៃមកដាំនៅទីនេះ ចំណែកពូជត្រដង់កិតជាពូជខ្មែរតាំងពីសង្គមតែម្តង»។
ជាអ្នកដាំទុរេនតាំងពីក្រោយសម័យខ្មែរក្រហមមក ស្ត្រីកូន៣រូបនេះ បានរៀបរាប់ថា ក្រៅពីដាំទុរេន គ្រួសារអ្នកស្រីមិនមានមុខរបរអ្វីឡើយ ព្រោះគ្រួសារអ្នកស្រីចេះតែដាំទុរេនមួយមុខគត់ ហើយទុរេននេះហើយ ដែលបានជួយលើកស្ទួយជីវភាពមកដល់បច្ចុប្បន្ន។
អ្នកស្រីបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំមានកូនរៀនចំនួន៣នាក់ រៀននៅសាកលវិទ្យាល័យម្នាក់ និង២នាក់ទៀត វារៀនថ្នាក់បឋម និងថ្នាក់តូចៗ។ ខ្ញុំមានផ្ទះ និងមានលុយឲ្យកូនរៀន គឺដោយសារតែដំណាំនេះ ព្រោះធ្វើម៉េចបើយើងជាអ្នកចម្ការ សង្ឃឹមតែទុរេនតែមួយហ្នឹង»។
អ្នកស្រី ហាវ ធៀប កសិករដាំទុរេននៅឃុំម៉ាក់ប្រាង្គ
ស្ថិតខាងលិចទីរួមខេត្តកំពតប្រហែល១០គីឡូម៉ែត្រ នៅតាមផ្លូវក្រួសក្រហមតូចមួយ ដែលជាផ្លូវចូលរមណីយដ្ឋានដងព្រែក នៅសងខាងផ្លូវនេះ សុទ្ធតែជាផ្ទះរបស់អ្នកភូមិ ដោយនៅជុំវិញផ្ទះ មានសុទ្ធតែដំណាំទុរេន។ អ្នកស្រី សុខ វី ដែលដាំទុរេនបាន១០០ដើម បានឲ្យដឹងថា ទុរេនឆ្នាំនេះ ដ្បិតចម្ការអ្នកស្រីទទួលបានផលតិច តែទុរេនលក់បានថ្លៃ។ កំពុងអង្គុយលក់ទុរេន និងផ្លែឈើផ្សេងទៀតនៅមុខផ្ទះ ស្ត្រីវ័យ៣៦ឆ្នាំរូបនេះ បានរៀបរាប់យ៉ាងដូច្នេះថា៖ «ដាំណាំខ្ញុំមានត្របែក មានដូង សាវម៉ាវ មង្ឃុត ទុរេន មានច្រើន។ ខ្ញុំអត់បោះដុំទេ តែខ្ញុំលក់ផ្ទាល់នៅទីនេះសម្រាប់ភ្ញៀវទេសចរ ដោយតម្លៃពេលមិនសូវសម្បូរមានតម្លៃ៣ម៉ឺនរៀល ក្នុងមួយគីឡូក្រាម និងពេលសម្បូរទុរេន លក់បាន២ម៉ឺន ឬជាងម៉ឺនរៀលក្នុងមួយគីឡូក្រាម។ ទុរេន បើសិនផ្លែច្រើន អាចបានមួយរដូវ២ ទៅ៣ម៉ឺនដុល្លារដែរ។ តែបើឆ្នាំហ្នឹងបានផ្លែតិច ដូចជា ទុរេនខ្ញុំ១០០ដើម ផ្លែបាន៣០ដើម តែបើសិនផ្លែទាំងអស់ វាអាចបានខ្ទង់ម៉ឺនដុល្លារ»។
បើតាមកសិកររូបនេះ ដំណាំទុរេន ទោះមានតម្លៃខ្ពស់មែន ប៉ុន្តែដំណាំប្រភេទនេះ ក៏ប្រើពេលវេលាដាំដុះយូរដែរ។ ការដាំទុរេនមានរយៈពេលចន្លោះពី៤ ទៅ៧ឆ្នាំ អាស្រ័យប្រភេទដី និងទទួលផលបានតែមួយរដូវប៉ុណ្ណោះ ពោលគឺប្រមូលផលចាប់ពី៤ទៅខែ៦។ ការដាំទុរេនតែម្តង វាអាចប្រមូលផលបានច្រើនឆ្នាំ តែទុរេន ជាដំណាំដែលជ្រើសរើសដី និងទាមទារឲ្យមានការថែទាំជាប្រចាំផងដែរ ទើបទទួលបានទិន្នផលល្អ។ យ៉ាងណាក៏ដោយ អ្នកស្រី សុខ វី បានចាត់ទុកទុរេន ជាផ្នែកមួយនៃជីវិតរបស់អ្នកស្រី ស្របពេលចំណូលមួយផ្នែកធំ បានមកពីដំណាំទុរេន ដែលបានធ្វើឲ្យអ្នកស្រីមានផ្ទះសម្បែងត្រឹមត្រូវ និងមានមុខមានមាត់នឹងគេ។
នៅមិនឆ្ងាយពីអ្នកស្រី សុខ វី គឺលោក អ៊ូ ម៉ា អាយុ៣៨ឆ្នាំ ដែលជាកសិករដាំទុរេនម្នាក់ទៀត ដែលមានដើមទុរេនក្រោយផ្ទះ២៨ដើម បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថ្មីៗទាំងញញឹមថា ចម្ការទុរេនរបស់គាត់ឆ្នាំនេះបានផលច្រើន និងមានតម្លៃខ្ពស់។
ទោះលក់បានថ្លៃ តែលោក អ៊ូ ម៉ា អះអាងថា លោកបានចំណាយច្រើនដែរ ក្នុងការថែទាំ ជាពិសេស ការប្រើជីធម្មជាតិ ដូចជា អាចម៍គោ និងអាចម៍ប្រជៀវ ដែលសុទ្ធតែមានតម្លៃថ្លៃ និងជាជីកម្រ។ យ៉ាងណាលោក លោក អ៊ូ ម៉ា ដែលមានកូន២នាក់ក្នុងបន្ទុក នៅបង្ហាញភាពរីករាយ ព្រោះ ទុរេនរបស់លោកស្ទើរគ្រប់ដើម មានផ្លែច្រើន និងធំៗ ព្រមទាំងលក់បានក្រែលដែរ។ លោកបញ្ជាក់យ៉ាងដូច្នេះ៖«មួយផ្លែមាន៣ ទៅ៤គីឡូក្រាម ហើយខ្ញុំដាក់លក់ខ្លួនឯងបានមួយគីឡូក្រាម២៥០០០រៀល និងបោះដុំឲ្យម៉ូយក្នុងមួយគីឡូក្រាម១៥០០០រៀល ឬ១៦០០០រៀល។ បោះដុំមានចំនួនច្រើនជាង លក់ខ្លួនឯង ព្រោះលក់ខ្លួនឯងលក់មិនអស់ទេ លក់ខ្លួនឯងបានតែថ្ងៃសៅរ៍អាទិត្យ ឬថ្ងៃបុណ្យទានប៉ុណ្ណោះ»។
នៅក្នុងខេត្តកំពត មានផ្ទៃដីដាំទុរេនចំនួន៨៤២ហិចតា ដែលមាននៅសង្កាត់អណ្តូងខ្មែរក្រុងកំពត និង៥ឃុំ ក្នុងស្រុកទឹកឈូ ដូចជា ឃុំម៉ាក់ប្រាង្គ ឃុំស្ទឹងកែវ ឃុំកំពង់គ្រែង ឃុំត្រពាំងព្រីង និងឃុំកូនសត្វ។ នេះជាការបញ្ជាក់របស់លោក ប៉ាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្មខេត្តកំពតដែលបានប្រាប់ដល់សារព័ត៌មានថ្មីៗ។ ចំណែក តួលេខគ្រួសារដាំទុរេននៅខេត្តកំពត ប្រធានមន្ទីរកសិកម្មខាងលើ មិនមានទិន្នន័យនេះឡើយ ប៉ុន្តែបើតាមរបាយការណ៍មន្ទីរកសិកម្មខេត្តកំពតនៅឆ្នាំ២០១៤ ខេត្តកំពត មានកសិករដាំទុរេនចំនួន១,២៥៦គ្រួសារ។
តាមពិតទៅ ដំណាំទុរេន មិនមានតែក្នុងខេត្តកំពតនោះទេ បច្ចុប្បន្ន ដំណាំដ៏ល្បីល្បាញមួយនេះ ត្រូវបានប្រជាកសិករដាំនៅខេត្តកំពង់ចាម ត្បូងឃ្មុំ បាត់ដំបង និងកោះកុងជាដើម។ នេះបើយោងតាមប្រសាសន៍របស់លោក គៀន សុភា ប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បើតាម គៀន សុភា បើទោះបីជាទុរេនអាចដាំបានច្រើនតំបន់មែន ប៉ុន្តែ ទុរេនដែលឆ្ងាញ់ជាងគេ គឺទុរេនខេត្តកំពត ជាពិសេសនៅក្នុងស្រុកទឹកឈូនេះតែម្តង។
លោកពន្យល់យ៉ាងដូច្នេះថា៖«តំបន់ហ្នឹង វាមានលក្ខណៈអាកាសធាតុ រយៈកម្ពស់ទឹកសមុទ្រ ទីតាំងហ្នឹង វាស្របនឹងដំណាំទុរេនហ្នឹង។ អ៊ីចឹង ពេលដាំទៅ វាលូតលាស់ផ្តល់គុណភាពផ្លែហ្នឹង ឆ្ងាញ់ ជាងកន្លែងធម្មតា។ ដីតំបន់ហ្នឹង មិនល្អជាងគេនោះទេ បើធៀបនឹងកំពង់ចាមដីទីនេះ ចាញ់ដីកំពង់ចាមផង នេះបើនិយាយពីគុណភាពដី ប៉ុន្តែ សំខាន់បំផុត តំបន់ស្រុកទឹកឈូគឺមានអាកាសធាតុក្តៅសើម និងនៅក្បែរសមុទ្រ»។
ភាពល្បីល្បាញនៃទុរេនខេត្តកំពត រហូតរដ្ឋាភិបាលសម្រេចយកផ្លែទុរេន ធ្វើជារូបតំណាងខេត្តកំពតផងនោះ ទើបអាជីវករមួយចំនួន តែងតែយកទុរេនពីតំបន់ផ្សេង ក្លែងបន្លំថាជាទុរេនកំពត ដើម្បីបង្កើនតម្លៃ និងលក់បានចំណេញច្រើន។ បញ្ហានេះ ទើបកសិករខាងលើ មិនយកទុរេនទៅលក់នៅផ្សារ ដោយសុខចិត្តដាក់លក់នៅមុខផ្ទះ ដើម្បីផ្តល់ភាពជឿជាក់ដល់អតិថិជន។ តែការធ្វើបែបនេះ ពេលខ្លះពួកគេក៏លក់មិនទាន់ទុរេនដែលទុំពេញដើមនោះដែរ។
ទាក់ទងនឹងបញ្ហានេះ លោក គៀន សុភា បានអះអាងថា អតិថិជន គួរតែរៀនសង្កេតរវាងទុរេនកំពត និងទុរេនមកតំបន់ផ្សេងទៀត។ លោកពន្យល់យ៉ាងដូច្នេះថា៖«ចំណុចសម្គាល់មួយសម្រាប់ចំណាំ គឺទុរេនកំពតមានក្លិនក្រអូបឆួល មុតជាងទុរេននាំចូល ព្រោះទុរេនប្រើជាតិគីមីមិនសូវជាក្រអូបប៉ុន្មានទេ។ ទុរេនក្រអូបក្លិនឆួលខ្លាំងហ្នឹង សម្បុរវាក៏អត់ល្អដូចគេដែរ ដោយសារយើងអត់ប្រើថ្នាំច្រើន»។
យ៉ាងណាក៏ដោយ ឧបសគ្គបន្តិចបន្តួចនេះ មិនបានធ្វើឲ្យកសិករបាក់ទឹកចិត្តនោះទេ។ ផ្ទុយទៅវិញ ពួកគេ ថា នឹងនៅតែបន្តដាំទុរេនដែលជារបរដូនតាមួយនេះ ព្រោះតែទុរេនរបស់ពួកគេនៅតែមានទីផ្សារល្អ និងមានតម្លៃខ្ពស់។ ហើយទុរេននេះហើយ ដែលបានផ្តល់ចំណូលជាច្រើនដល់គ្រួសាររបស់ពួកគេរហូតមក ឲ្យមានជីវភាពធូរធារដូចសព្វថ្ងៃនេះ៕