ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ដំណាំ​ទុរេន ធ្វើ​ឲ្យ​កសិករ​នៅ​ឃុំ​ម៉ាក់​ប្រាង្គ​ខេត្តកំពត មាន​ជីវភាព​ប្រសើរ
09, Jun 2019 , 9:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅពេល​រដូវ​ប្រមូល​ផល​ទុរេន​ចូលមក​ដល់ កសិករ​ដាំ​ទុរេន​នៅ​ឃុំ​ម៉ាក់​ប្រាង្គ​ស្រុក​ទឹកឈូ ខេត្តកំពត ស្ទើរ​គ្រប់​គ្រួសារ​មាន​ទឹកមុខ​រីករាយ ព្រោះ​ទុរេន​កំពត​ឆ្នាំនេះ លក់បាន​ថ្លៃ និង​មាន​ទិន្នផល​ល្អ​គួរសម​។ ទុរេន​កំពត ត្រូវបាន​អតិថិជន ចាត់ទុកថា មាន​រសជាតិ​ឆ្ងាញ់​លេខ​១ និង​មានតម្លៃ​ថ្លៃ​ជាងគេ​។ ដោយមាន​ការគាំទ្រ​យ៉ាង​គគ្រឹក​គ្រេង​បែបនេះ ដំណាំ​ទុរេន បានធ្វើ​ឲ្យ​កសិករ​រាប់រយ​គ្រួសារ​ក្នុង​ខេត្តកំពត​មាន​ជីវភាព​ប្រសើរ​។


 
​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍ ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖ 



 
​ទុរេន ខេត្តកំពត ត្រូវបាន​គេ​ចាត់ទុកថា ជា​ទុរេន​ដែលមាន​រសជាតិ​ឆ្ងាញ់​លេខ​១ និង​មានតម្លៃ​ថ្លៃ​ជាង​ទុរេន​ដែលមាន​ប្រភពពី​ខេត្ត​ដទៃ​។ ហើយ​ដាំ​ណាំ​នេះ បានធ្វើ​ឲ្យ​កសិករ​អ្នក​ដាំ​ទុរេន នៅ​ខេត្តកំពត​នេះ មាន​ជីវភាព​ធូរធារ​ដែរ​។  
 
​កំពុង​អង្គុយ​លក់​ទុរេន​នៅ​ខ្លោងទ្វារ​ចម្ការ ជាប់​ផ្លូវ​ចូលទៅ​រមណីយដ្ឋាន​ដងព្រែក អ្នកស្រី ហាវ ធៀប អាយុ​៤០​ឆ្នាំ ជា​កសិករ​ដាំ​ទុរេន​នៅ​ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹក​ឈូក បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំនេះ ទុរេន​មាន​ទិន្នផល​ល្អ​គួរសម និង​មានតម្លៃ​ខ្ពស់​ដូច​រាល់​ឆ្នាំ​អ៊ីចឹង​ដែរ​។ មាឌ​ធាត់​បន្តិច មុខ​ញញឹមញញែម អ្នកស្រី ហាវ ធៀប បាន​រៀបរាប់ថា បច្ចុប្បន្ន​គ្រួសារ​អ្នកស្រី​មាន​ដី​ដាំ​ទុរេន​ជាង​១​ហិច​តា និង​មាន​ទុរេន​ដែល​ទទួលផល​ចំនួន​១០០​ដើម ហើយ​ដើម​នីមួយៗ មាន​ផ្លែ​ចន្លោះ​ពី​១០​ទៅ​៦០​ផ្លែ​។ អ្នកស្រី ហាវ ធៀប រៀបរាប់​ពី​តម្លៃ​ទុរេន​យ៉ាង​ដូច្នេះ​ថា​៖ «​តម្លៃ​មិន​ទៀងទេ ដោយ​ពូជ ពូជ​ឱ​ហ្កា​ក់​លក់បាន​ជាង​២​ម៉ឺន​ក្នុង​មួយ​គីឡូក្រាម ពូជ​ត្រ​ដង់​កិត​លក់បាន​២​ម៉ឺន​ក្នុង​មួយ​គីឡូក្រាម ពូជ​ធម្មតា​លក់បាន​ជាង​១​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ពូជ​ឱ​ហ្កា​ក់ យក​ពី​ថៃ​មក​ដាំ​នៅទីនេះ ចំណែក​ពូជ​ត្រ​ដង់​កិត​ជា​ពូជខ្មែរ​តាំងពី​សង្គម​តែម្តង​»​។ 
 
​ជា​អ្នក​ដាំ​ទុរេន​តាំងពី​ក្រោយ​សម័យ​ខ្មែរក្រហម​មក ស្ត្រី​កូន​៣​រូបនេះ បាន​រៀបរាប់ថា ក្រៅពី​ដាំ​ទុរេន គ្រួសារ​អ្នកស្រី​មិនមាន​មុខរបរ​អ្វី​ឡើយ ព្រោះ​គ្រួសារ​អ្នកស្រី​ចេះតែ​ដាំ​ទុរេន​មួយ​មុខ​គត់ ហើយ​ទុរេន​នេះហើយ ដែល​បាន​ជួយ​លើកស្ទួយ​ជីវភាព​មកដល់​បច្ចុប្បន្ន​។ 
 
​អ្នកស្រី​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​មានកូន​រៀន​ចំនួន​៣​នាក់ រៀន​នៅ​សាកលវិទ្យាល័យ​ម្នាក់ និង​២​នាក់​ទៀត វា​រៀន​ថ្នាក់​បឋម និង​ថ្នាក់​តូចៗ​។ ខ្ញុំ​មានផ្ទះ និង​មាន​លុយ​ឲ្យ​កូន​រៀន គឺ​ដោយសារតែ​ដំណាំ​នេះ ព្រោះ​ធ្វើ​ម៉េច​បើ​យើង​ជា​អ្នកចម្ការ សង្ឃឹម​តែ​ទុរេន​តែមួយ​ហ្នឹង​»​។​
 

អ្នកស្រី ហាវ ធៀប កសិករដាំទុរេននៅឃុំម៉ាក់ប្រាង្គ
 
​ស្ថិត​ខាងលិច​ទី​រួម​ខេត្តកំពត​ប្រហែល​១០​គីឡូម៉ែត្រ នៅតាម​ផ្លូវ​ក្រួស​ក្រហម​តូច​មួយ ដែលជា​ផ្លូវ​ចូល​រមណីយដ្ឋាន​ដងព្រែក នៅ​សងខាង​ផ្លូវ​នេះ សុទ្ធតែជា​ផ្ទះ​របស់​អ្នកភូមិ ដោយនៅ​ជុំវិញ​ផ្ទះ មាន​សុទ្ធតែ​ដំណាំ​ទុរេន​។ អ្នកស្រី សុខ វី ដែល​ដាំ​ទុរេន​បាន​១០០​ដើម បាន​ឲ្យ​ដឹងថា ទុរេន​ឆ្នាំនេះ ដ្បិត​ចម្ការ​អ្នកស្រី​ទទួលបាន​ផល​តិច តែ​ទុរេន​លក់បាន​ថ្លៃ​។ កំពុង​អង្គុយ​លក់​ទុរេន និង​ផ្លែឈើ​ផ្សេងទៀត​នៅមុខ​ផ្ទះ ស្ត្រី​វ័យ​៣៦​ឆ្នាំ​រូបនេះ បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​ដាំ​ណាំ​ខ្ញុំ​មាន​ត្របែក មាន​ដូង សាវម៉ាវ មង្ឃុត ទុរេន មាន​ច្រើន​។ ខ្ញុំ​អត់​បោះ​ដុំ​ទេ តែ​ខ្ញុំ​លក់​ផ្ទាល់​នៅទីនេះ​សម្រាប់​ភ្ញៀវទេសចរ ដោយ​តម្លៃ​ពេល​មិនសូវ​សម្បូរ​មានតម្លៃ​៣​ម៉ឺន​រៀល ក្នុង​មួយ​គីឡូក្រាម និង​ពេល​សម្បូរ​ទុរេន លក់បាន​២​ម៉ឺន ឬ​ជាង​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ទុរេន បើសិន​ផ្លែ​ច្រើន អាច​បាន​មួយ​រដូវ​២ ទៅ​៣​ម៉ឺន​ដុល្លារ​ដែរ​។ តែបើ​ឆ្នាំ​ហ្នឹង​បាន​ផ្លែ​តិច ដូចជា ទុរេន​ខ្ញុំ​១០០​ដើម ផ្លែ​បាន​៣០​ដើម តែបើ​សិន​ផ្លែ​ទាំងអស់ វា​អាច​បាន​ខ្ទង់​ម៉ឺន​ដុល្លារ​»​។​


 
​បើតាម​កសិករ​រូបនេះ ដំណាំ​ទុរេន ទោះ​មានតម្លៃ​ខ្ពស់​មែន ប៉ុន្តែ​ដំណាំ​ប្រភេទ​នេះ ក៏​ប្រើ​ពេលវេលា​ដាំ​ដុះ​យូរ​ដែរ​។ ការដាំ​ទុរេន​មាន​រយៈពេល​ចន្លោះ​ពី​៤ ទៅ​៧​ឆ្នាំ អាស្រ័យ​ប្រភេទ​ដី និង​ទទួលផល​បានតែ​មួយ​រដូវ​ប៉ុណ្ណោះ ពោលគឺ​ប្រមូល​ផល​ចាប់ពី​៤​ទៅ​ខែ​៦​។ ការដាំ​ទុរេន​តែម្តង វា​អាច​ប្រមូល​ផល​បាន​ច្រើន​ឆ្នាំ តែ​ទុរេន ជា​ដំណាំ​ដែល​ជ្រើសរើស​ដី និង​ទាមទារ​ឲ្យ​មានការ​ថែទាំ​ជាប្រចាំ​ផងដែរ ទើប​ទទួលបាន​ទិន្នផល​ល្អ​។ យ៉ាងណាក៏ដោយ អ្នកស្រី សុខ វី បានចាត់ទុក​ទុរេន ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​អ្នកស្រី ស្របពេល​ចំណូល​មួយផ្នែកធំ បានមកពី​ដំណាំ​ទុរេន ដែល​បានធ្វើ​ឲ្យ​អ្នកស្រី​មានផ្ទះ​សម្បែង​ត្រឹមត្រូវ និង​មានមុខ​មាន​មាត់​នឹង​គេ​។ 
 
​នៅ​មិន​ឆ្ងាយ​ពី​អ្នកស្រី សុខ វី គឺ​លោក អ៊ូ ម៉ា អាយុ​៣៨​ឆ្នាំ ដែលជា​កសិករ​ដាំ​ទុរេន​ម្នាក់ទៀត ដែលមាន​ដើម​ទុរេន​ក្រោយ​ផ្ទះ​២៨​ដើម បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ទាំង​ញញឹម​ថា ចម្ការ​ទុរេន​របស់គាត់​ឆ្នាំនេះ​បាន​ផល​ច្រើន និង​មានតម្លៃ​ខ្ពស់​។ 
 
​ទោះ​លក់បាន​ថ្លៃ តែ​លោក អ៊ូ ម៉ា អះអាងថា លោក​បាន​ចំណាយ​ច្រើន​ដែរ ក្នុងការ​ថែទាំ ជាពិសេស ការប្រើ​ជីធម្មជាតិ ដូចជា អាចម៍គោ និង​អាចម៍​ប្រជៀវ ដែល​សុទ្ធតែ​មានតម្លៃ​ថ្លៃ និង​ជា​ជីក​ម្រ​។ យ៉ាងណា​លោក លោក អ៊ូ ម៉ា ដែលមាន​កូន​២​នាក់​ក្នុងបន្ទុក នៅ​បង្ហាញ​ភាព​រីករាយ ព្រោះ ទុរេន​របស់លោក​ស្ទើរ​គ្រប់​ដើម មាន​ផ្លែ​ច្រើន និង​ធំៗ ព្រមទាំង​លក់បាន​ក្រែល​ដែរ​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​មួយ​ផ្លែ​មាន​៣ ទៅ​៤​គីឡូក្រាម ហើយ​ខ្ញុំ​ដាក់លក់​ខ្លួនឯងបាន​មួយ​គីឡូក្រាម​២៥០០០​រៀល និង​បោះ​ដុំ​ឲ្យ​ម៉ូយ​ក្នុង​មួយ​គីឡូក្រាម​១៥០០០​រៀល ឬ​១៦០០០​រៀល​។ បោះ​ដុំ​មាន​ចំនួន​ច្រើនជាង លក់​ខ្លួនឯង ព្រោះ​លក់​ខ្លួនឯង​លក់​មិន​អស់​ទេ លក់​ខ្លួនឯង​បានតែ​ថ្ងៃ​សៅរ៍​អាទិត្យ ឬ​ថ្ងៃ​បុណ្យទាន​ប៉ុណ្ណោះ​»​។  


 
​នៅក្នុង​ខេត្តកំពត មាន​ផ្ទៃដី​ដាំ​ទុរេន​ចំនួន​៨៤២​ហិច​តា ដែល​មាននៅ​សង្កាត់​អណ្តូង​ខ្មែរ​ក្រុង​កំពត និង​៥​ឃុំ ក្នុងស្រុក​ទឹកឈូ ដូចជា ឃុំ​ម៉ាក់​ប្រាង្គ ឃុំ​ស្ទឹង​កែវ ឃុំ​កំពង់​គ្រែង ឃុំ​ត្រពាំង​ព្រីង និង​ឃុំ​កូន​សត្វ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប៉ាន់ រិ​ទ្ធិ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពត​ដែល​បាន​ប្រាប់​ដល់​សារព័ត៌មាន​ថ្មីៗ​។ ចំណែក តួលេខ​គ្រួសារ​ដាំ​ទុរេន​នៅ​ខេត្តកំពត ប្រធាន​មន្ទីរ​កសិកម្ម​ខាងលើ មិនមាន​ទិន្នន័យ​នេះឡើយ ប៉ុន្តែ​បើតាម​របាយការណ៍​មន្ទីរ​កសិកម្ម​ខេត្តកំពត​នៅ​ឆ្នាំ​២០១៤ ខេត្តកំពត មាន​កសិករ​ដាំ​ទុរេន​ចំនួន​១,២៥៦​គ្រួសារ​។​


 
​តាមពិតទៅ ដំណាំ​ទុរេន មិន​មានតែ​ក្នុង​ខេត្តកំពត​នោះទេ បច្ចុប្បន្ន ដំណាំ​ដ៏​ល្បីល្បាញ​មួយ​នេះ ត្រូវបាន​ប្រជាកសិករ​ដាំ​នៅ​ខេត្តកំពង់ចាម ត្បូងឃ្មុំ បាត់ដំបង និង​កោះកុង​ជាដើម​។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់លោក គៀន សុភា ប្រធាន​នាយកដ្ឋាន​សាកវប្បកម្ម និង​ដំណាំ​រួមផ្សំ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ បើតាម គៀន សុភា បើទោះបីជា​ទុរេន​អាច​ដាំ​បាន​ច្រើន​តំបន់​មែន ប៉ុន្តែ ទុរេន​ដែល​ឆ្ងាញ់​ជាងគេ គឺ​ទុរេន​ខេត្តកំពត ជាពិសេស​នៅក្នុង​ស្រុក​ទឹកឈូ​នេះ​តែម្តង​។ 
 
​លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​តំបន់​ហ្នឹង វា​មាន​លក្ខណៈ​អាកាសធាតុ រយៈកម្ពស់​ទឹកសមុទ្រ ទីតាំង​ហ្នឹង វា​ស្រប​នឹង​ដំណាំ​ទុរេន​ហ្នឹង​។ អ៊ីចឹង ពេល​ដាំ​ទៅ វា​លូតលាស់​ផ្តល់​គុណភាព​ផ្លែ​ហ្នឹង ឆ្ងាញ់ ជាង​កន្លែង​ធម្មតា​។ ដី​តំបន់​ហ្នឹង មិនល្អ​ជាងគេ​នោះទេ បើ​ធៀប​នឹង​កំពង់ចាម​ដី​ទីនេះ ចាញ់​ដី​កំពង់ចាម​ផង នេះ​បើ​និយាយ​ពី​គុណភាព​ដី ប៉ុន្តែ សំខាន់បំផុត តំបន់​ស្រុក​ទឹកឈូ​គឺមាន​អាកាសធាតុ​ក្តៅ​សើម និង​នៅក្បែរ​សមុទ្រ​»​។ 


 
​ភាពល្បីល្បាញ​នៃ​ទុរេន​ខេត្តកំពត រហូត​រដ្ឋាភិបាល​សម្រេច​យក​ផ្លែ​ទុរេន ធ្វើជា​រូបតំណាង​ខេត្តកំពត​ផង​នោះ  ទើប​អាជីវករ​មួយចំនួន តែងតែ​យក​ទុរេន​ពី​តំបន់​ផ្សេង ក្លែងបន្លំ​ថា​ជា​ទុរេន​កំពត ដើម្បី​បង្កើន​តម្លៃ និង​លក់បាន​ចំណេញ​ច្រើន​។ បញ្ហា​នេះ ទើប​កសិករ​ខាងលើ មិន​យក​ទុរេន​ទៅ​លក់​នៅ​ផ្សារ ដោយ​សុខចិត្ត​ដាក់លក់​នៅមុខ​ផ្ទះ ដើម្បី​ផ្តល់​ភាពជឿជាក់​ដល់​អតិថិជន​។ តែ​ការធ្វើ​បែបនេះ ពេលខ្លះ​ពួកគេ​ក៏​លក់​មិនទាន់​ទុរេន​ដែល​ទុំ​ពេញ​ដើម​នោះដែរ​។​
 
​ទាក់ទង​នឹង​បញ្ហា​នេះ លោក គៀន សុភា បាន​អះអាងថា អតិថិជន គួរតែ​រៀន​សង្កេត​រវាង​ទុរេន​កំពត និង​ទុរេន​មក​តំបន់​ផ្សេងទៀត​។ លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​ចំណុច​សម្គាល់​មួយ​សម្រាប់​ចំណាំ គឺ​ទុរេន​កំពត​មាន​ក្លិនក្រអូប​ឆួល មុត​ជាង​ទុរេន​នាំចូល ព្រោះ​ទុរេន​ប្រើ​ជាតិគីមី​មិនសូវ​ជា​ក្រអូប​ប៉ុន្មាន​ទេ​។ ទុរេន​ក្រអូប​ក្លិន​ឆួល​ខ្លាំង​ហ្នឹង សម្បុរ​វា​ក៏​អត់​ល្អ​ដូច​គេ​ដែរ ដោយសារ​យើង​អត់​ប្រើ​ថ្នាំ​ច្រើន​»​។​
 
​យ៉ាងណាក៏ដោយ ឧបសគ្គ​បន្តិចបន្តួច​នេះ មិនបាន​ធ្វើ​ឲ្យ​កសិករ​បាក់​ទឹកចិត្ត​នោះទេ​។ ផ្ទុយទៅវិញ ពួកគេ ថា នឹង​នៅតែ​បន្ត​ដាំ​ទុរេន​ដែលជា​របរ​ដូនតា​មួយ​នេះ ព្រោះតែ​ទុរេន​របស់​ពួកគេ​នៅតែមាន​ទីផ្សារ​ល្អ និង​មានតម្លៃ​ខ្ពស់​។ ហើយ​ទុរេន​នេះហើយ ដែល​បានផ្តល់​ចំណូល​ជាច្រើន​ដល់​គ្រួសារ​របស់​ពួកគេ​រហូតមក ឲ្យ​មាន​ជីវភាព​ធូរធារ​ដូច​សព្វថ្ងៃនេះ​៕ 



Tag:
 ​ទុរេន​កំពត​
 ​កសិករ​ដាំ​ទុរេន
© រក្សាសិទ្ធិដោយ thmeythmey.com