ភ្នំពេញ៖ ជាច្រើនថ្ងៃមកហើយ ដែលពលរដ្ឋខ្មែរនាំគ្នានិយាយអំពីថ្ងៃបរិភោគនំបញ្ចុកទ្រង់ទ្រាយធំ នៅថ្ងៃអាទិត្យ ទី៩ខែមិថុនា។ ជាការបរិភោគនំបញ្ចុក នៅស្ទើរទូទាំងប្រទេស ពីព្រោះមេដឹកនាំនយោបាយធំទាំងពីរ បានអំពាវនាវឲ្យពលរដ្ឋបរិភោគនំបញ្ចុកទាំងអស់គ្នា។ ផ្ទុយទៅវិញ ក៏មានដែរអ្នកដែលមិនបរិភោគនំបញ្ចុក ហើយមិនចាប់អារម្មណ៍នឹងសកម្មភាពនេះ។
ទោះបីរូបភាពនំបញ្ចុក ទឹកសម្លខ្មែរ ការី ណាំយ៉ា ហោះអណ្តែតព្រោងព្រាតពេញបណ្តាញសង្គមហ្វេសប៊ុក តាំងពីព្រឹកព្រឹលឹមថ្ងៃអាទិត្យ ទី៩ខែមិថុនានេះមែន វានៅតែមិនបានធ្វើឱ្យនិស្សិត ឃុន តុលា ដូរការយល់ឃើញនោះឡើយ។ គឺ ពុំមានប្រយោជន៍។ និស្សិតរូបនេះអះអាងថា ព្រឹត្តិការណ៍ថ្ងៃអាទិត្យនេះ គ្រាន់តែត្រូវបានបង្កើតឡើង ដោយអ្នកនយោបាយនៃគណបក្សកាន់អំណាច និងអតីតគណបក្សប្រឆាំង ដើម្បីឆ្លើយឆ្លងសារនយោបាយដាក់គ្នាតែប៉ុណ្ណោះ។ និស្សិតរូបនេះនិយាយថា អ្នកនយោបាយ គួរតែរួមគ្នាដោះស្រាយបញ្ហាប្រទេសជាតិ ដែលសំខាន់ជាងការបរិភោគនំបញ្ចុក។
លោក តុលា ដែលយល់ឃើញថា សកម្មភាពបែបនេះ នឹងជាគំរូមិនល្អសម្រាប់ក្មេងជំនាក់ក្រោយនោះ បានបញ្ជាក់ប្រាប់អ្នកកាសែតថ្មីៗយ៉ាងដូច្នេះ៖« អ្នកនយោបាយទាំងពីរ សុទ្ធតែជាមនុស្សចាស់ទុំ។ កុំបង្កើតព្រឹត្តិការណ៍ដែលគ្មានប្រយោជន៍បែបនេះ វាខាតទាំងពេលវេលា និងថវិកា។ អ្វីដែលសំខាន់ គឺករណី EBA ដែលបានបង្កើតការងារឲ្យពលរដ្ឋខ្មែររាប់សែននាក់ មានការងារធ្វើទៅវិញទេ»។
លោក យ៉េង ឈាងលី បុគ្គលិកក្រុមហ៊ុនឯកជនមួយ យល់ស្របគំនិតរបស់និស្សិត តុលា ខាងលើ ហើយបានដាក់សំណួរយ៉ាងខ្លីដូច្នេះ៖«ចុះបើហូបនំបញ្ចុកហើយ អ្នកនយោបាយនៅតែឈ្លោះគ្នា?»។ ប្រសិនបើការអំពាវនាវរបស់អ្នកនយោបាយគ្រប់និន្នាការ មានប្រសិទ្ធភាពបែបនេះ លោក ឈាងលី សំណូមពរឲ្យ អ្នកនយោបាយបង្កើតព្រឹត្តិការណ៍សម្អាតបរិស្ថានវិញ។
អ្នកណាក៏និយាយអំពីព្រឹត្តិការណ៍បរិភោគនំបញ្ចុក នៅថ្ងៃទី៩មិថុនា។ ចម្លែកតែ អ្នកស្រី លាងស៊ិន ដែលជាអាជីរករម្នាក់ ដែលមិនបានដឹងអំពីព្រឹត្តិការណ៍នេះ។ ប៉ុន្តែទោះបីជាអ្នកកាសែតបានពិពណ៌ប្រាប់ឱ្យអ្នកស្រីបានដឹងក៏ដោយ អ្នកស្រីនៅតែបង្ហាញអាការ មិនចាប់អារម្មណ៍ដដែល។ អាជីវកររូបនេះ មិនសូវនិយាយច្រើនឡើយ គ្រាន់តែថ្លែងយ៉ាងខ្លីថា អ្នកនយោបាយគួររួមគ្នាលុបបំបាត់អំពើពុលរលួយវិញ ទើបសំខាន់ជាង។
មានអ្នកដែលមិនចាប់អារម្មណ៍មែន។ តែបើអ្នកចាប់អារម្មណ៍វិញ មិនត្រឹមតែបង្ហោះរូបភាពបរិភោគនំបញ្ចុកប៉ុណ្ណោះទេ ថែមទាំងសរសេរពាក្យពេចន៍អត្ថាធិប្បាយ ឬអ្នកខ្លះទៀតតែងកំណាព្យទៀតផង។
«ពិសានំបញ្ចុកប្រកបដោយស្នាមញញឹមសាមគ្គីភាព និងឯកភាពជាតិខ្មែរ», «នំបញ្ចុកខ្មែរ ថែរក្សាប្រពៃណីជាតិ », «នំបញ្ចុកសាមគ្គីភាព» ។ល។ ទាំងនេះជាឃ្លា ដែលគេឃើញនៅលើហ្វេសប៊ុក។
គ្រឹះស្ថានសិក្សាសាធារណៈខ្លះ ក៏ចូលរួមតាមការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោក ជេត ជាលី សាកលវិទ្យាធិកានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានអះអាងថា ការរៀបចំកម្មវិធីបរិភោគជុំគ្នានេះ គឺមិនមែនជានិន្នាការនយោបាយអ្វីនោះទេ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាសឲ្យសមាជិក សមាជិកាបក្សខ្លួនទាំងអស់ រៀបចំកម្មវិធីបរិភោគនំបញ្ចុកតាមមូលដ្នាននោះ បានសរសេរលើហ្វេសប៊ុក អមជាមួយរូបថតសម្ដេចបរិភៅកនំបញ្ចុកនៅថ្ងៃទី៩ មិថុនា ដូច្នេះថា៖«អរគុណដល់បងប្អូនទាំងអស់គ្នា ដែលបានរៀបចំនំបញ្ចុកហូបរួមគ្នា ដោយមិនប្រកាន់ក្រុម ប្រកាន់ជំនឿសាសនា ឬប្រកាន់និន្នាការនយោបាយអ្វីឡើយ។ បងប្អូនហូបនំបញ្ចុកថ្ងៃនេះ គឺបានបង្ហាញពីមិត្តភាព សាមគ្គីភាព ការស្រឡាញ់រាប់អាន និងឯកភាពជាតិយើង កាន់តែរឹងមាំថែមទៀត»។
ប្រមុខរដ្ឋាភិបាល ប្រកាសឲ្យរៀបចំបរិភោគនំបញ្ចុកនេះ គឺស្របពេលដែលអតីតគណបក្សសង្គ្រោះជាតិ ក៏បានកំណត់យកថ្ងៃទី៩ មិថុនានេះ បរិភោគនំបញ្ចុករួមគ្ នាជាលក្ខណៈទ្រង់ទ្រាយធំដែរ។
មេដឹកនាំ និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស បាននាំគ្នាបង្កើតកម្មវិធីហូបនំបញ្ចុកជាបន្តបន្ទាប់។ តាមរយៈការរៀបចំកម្មវិធីនេះ អ្នកគាំទ្រអតីតបក្សប្រឆាំង បានអំពាវនាវដល់ពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែងទាំងក្នុង ទាំងក្រៅប្រទេសចូលរួមហូបនំបញ្ចុកជុំគ្នា នៅថ្ងៃទី៩ មិថុនា។ ពួកគេយល់ថា ការបរិភោគនំបញ្ចុកនេះ គឺជាការចូលរួមថែរក្សាវប្បធម៌ប្រពៃណី ម្ហូបអាហារខ្មែរ ក៏ដូចជាការរួបរួមគ្នា និងសាមគ្គីគ្នា។
មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរដូច្នេះថា៖«សូមបងប្អូន និងកូនក្មួយ អញ្ជើញអ្នកជិតខាងមកទទួលទាននំបញ្ចុកនេះជាមួយយើងផង ហើយបើគេអញ្ជើញយើងទៅហូបជាមួយគេ សូមអញ្ជើញទៅដោយចិត្តរីករាយ ក្នុងស្មារតីភាតរភាព ពីព្រោះយើងទាំងអស់គ្នា ជាមហាគ្រួសារខ្មែរតែមួយ»៕