ជាតិ
សង្គមជាតិ
ក្រសួងទេសចរណ៍​ហាម​ម្ចាស់​អាហា​រដ្ឋា​ន​ដាក់ឈ្មោះ​មុខម្ហូប​ដែល​ប៉ះពាល់​ដល់​សាសនា វប្បធម៌
09, Jun 2019 , 10:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍​បានចេញ​សារាចរ​ណែនាំ​ឲ្យ​ម្ចាស់​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​នានា​រៀបចំ​បញ្ជី​ឈ្មោះ​មុខម្ហូប និង​ស្លាក​យីហោ​ឲ្យ​បាន​ត្រឹមត្រូវ ដែល​តម្រូវ​ឲ្យ​មន្ត្រី​ទេសចរណ៍ និង​មន្ត្រី​ច្រកចេញ ចូល​តែមួយ ទាំង​រាជធានី​ខេត្ត ក្រុង ខណ្ឌ ទូទាំងប្រទេស ជា​អ្នកតាមដាន និង​ពង្រឹង​ការប្រតិបត្តិ​លើ​ករណី​ណា​ដែលមាន​ម្ចាស់​ភោជនីយដ្ឋាន​បំពាន​លើ​សារាចរ​ណែនាំ​របស់​ក្រសួង​។


 
​កន្លងមក​ក្រសួងទេសចរណ៍​ធ្លាប់​បានចេញ​សារាចរ​ណែនាំ​ដែល ចុះ​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​ស្តីពី​ការហាម​ការប្រើប្រាស់​បញ្ជី​មុខម្ហូប​ឈ្មោះ​«​ព្រះ​ផ្លោះ​ប​ញ្ជាំ​ង​ស៊ុប​» ក្នុង​គោលបំណង​ណែនាំ​ដល់​គ្រប់​អាជីវកម្ម ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ទេសចរណ៍​មិនត្រូវ​ប្រើ​ឈ្មោះ​ម្ហូប​ដែល​ប៉ះពាល់​ដល់​សាសនា វប្បធម៌ និង​ប្រពៃណីជាតិ​។ 
 
​ទន្ទឹមនឹង​ក្រសួង​ក៏បាន​ចេញ​សារាចរ​ដែល​ចុះ​នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ ហើយ​នោះ ម្ចាស់​អាហា​រដ្ឋា​ន​នានា​ត្រូវ​រៀបចំ​តារាងបញ្ជី​មុខម្ហូប​ជា​ភាសា​ខ្មែរ អង់គ្លេស និង​ភាសាបរទេស មក​ដា​ក់នៅ​ក្រសួងទេសចរណ៍ ឬ​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ដើម្បី​ស្នើសុំ​បញ្ជាក់​ឯកភាព​លើ​ការប្រើប្រាស់​ពាក្យពេចន៍​មុននឹង​បោះពុម្ពផ្សាយ ដោយ​មុខម្ហូប​នីមួយៗ ត្រូវគោរព​តាម​អត្តសញ្ញាណ​ជាតិ សាសនា វប្បធម៌ និង​ប្រពៃណីជាតិ​។ បើ​មាន​ករណី​ប្រាសចាក ឬ​ប៉ះពាល់​ដោយ​ប្រការ​ណាមួយ ម្ចាស់​អាជីវកម្ម​ត្រូវ​លុបចេញ​ជាបន្ទាន់ និង​ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចំពោះ​អ្នកប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ស្តីពី​ទេសចរណ៍​។​
 
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​អះអាង​ក្រោយពី​មាន​ម្ចាស់​អាជីវកម្ម​នានា​ត្រូវបាន​រុះរើ​ដោយសារតែ​សររ​សេរ​អក្សរ​ខ្មែរ​ខុស​ន័យ​ឈ្មោះ​ដែល​បាន​ចុះ​ក្នុង​បញ្ជី​ក្រសួងពាណិជ្ជកម្ម ជាពិសេស​មិន​សុំ​ការអនុញ្ញាត​ជាមុន​ថា​៖«​ម្ចាស់​អាជីវកម្ម​មិន​ចង់​ប្រឆាំងនឹង​រដ្ឋអំណាច ឬ​ប្រព្រឹត្ត​ខុស​នូវ​ច្បាប់​នោះទេ គ្រាន់តែ​ពួកយើង​មិនបាន​ប្រាប់​ពួកគេ​ឲ្យ​ច្បាស់លាស់​តែប៉ុណ្ណោះ​»​។ 
 
​ដើម្បី​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​ជនជាតិ​ចិន ដែល​មករក​ស៊ី​នៅ​កម្ពុជា ហើយ​អនុវត្ត​មិនបាន​ត្រឹមត្រូវ​តាមច្បាប់​នេះ លោក ថោង ខុន ស្នើឱ្យ​មន្ត្រី​ជំនាញ​ច្បាប់​នៃ​វិស័យ​ទេសចរណ៍​ទាំងអស់ ពង្រឹង​ការផ្សព្វផ្សាយ និង​ពន្យល់​ផ្នែក​ច្បាប់ ជា​ភាសា​ចិន​ទៅដល់​ម្ចាស់​អាជីវកម្ម​ចិន ដែល​កំពុង​សម្រុក​មក​រកស៊ី​នៅ​កម្ពុជា​ផងដែរ​។​
​គួររំលឹកថា មួយរយៈ​នេះ​អាជ្ញាធរ​បាន​រុះរើ​ម្ចាស់​អាជីវកម្ម​ជាច្រើន​កន្លែង​ដែល​សុទ្ធតែ​ប្រើពាក្យ​ពេចន៍​មិន​ត្រឹមត្រូវ ដែល​ទីតាំង​ទាំងនោះ​ភាគច្រើន​ជា​របស់​ជនជាតិ​ចិន​ដែល​មក​រស់នៅ និង​រកស៊ី​នៅ​ប្រទេស​កម្ពុជា​។​
 
​សូមបញ្ជាក់ថា ជនជាតិ​ចិន​ដែល​បានមក​បើក​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា មាន​ចំនួន ២៦២​កន្លែង ខណៈ​មាន​មគ្គុទ្ទេសក៍​និយាយ​ភាសា​ចិន​ជាង​១០០០​នាក់ នៅត្រឹម​ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​របាយការណ៍​ដែល​ផ្តល់​ដោយ​ក្រសួងទេសចរណ៍​កន្លងមក​៕
 

Tag:
 ​ក្រសួងទេសចរណ៍​
 ​ភោជនីយដ្ឋាន​
 ​ម្ហូប​
 ​សាសនា​
 ​វប្បធម៌​
 ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com