ជាតិ
អតីតចៅសង្កាត់បក្សប្រឆាំង កញ្ញា រ៉ូហ្ស៊េត អះអាងថា កម្មវិធីបរិភោគ «នំបញ្ចុក» ជារឿងល្អ
× ភ្នំពេញ៖ នៅថ្ងៃទី ៩ មិថុនា ប្រជាពលរដ្ឋ និងសមាជិកគណបក្សប្រជាជនកម្ពុជាជាច្រើន បានជួបជុំគ្នាបរិភោគនំបញ្ចុក តាមការអំពាវនាវរបស់សម្ដេចនាយកមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សកាន់អំណាច។ ដោយឡែកអតីតចៅសង្កាត់អូរចារ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ក៏បានចូលរួមកម្មវិធីបរិភោគនំបញ្ចុក ជាមួយអតីតសកម្មជនគណបក្សសង្គ្រោះជាតិ នៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ជាង ១០០នាក់ផងដែរ។
នៅថ្ងៃទី៩ខែមិថុនានេះ កញា ស៊ិន ចាន់ពៅរ៉ូហ្សេត ដែលជាអតីតចៅសង្កាត់អូរចារក្នុងក្រុងបាត់ដំបង ហើយដែលជាអ្នកលក់នំបញ្ចុកដែរនោះ បានបិទទ្វារហាងរបស់ខ្លួន ដើម្បីចូលរួមបរិភោគនំបញ្ចុកជាមួយសមាជិកអតីតគណបក្សសង្គ្រោះជាតិនៅក្នុងភូមិអូរតាកាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ នេះបើតាមការបញ្ជាក់របស់កញ្ញា រ៉ូហ្ស៊េត ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅព្រឹកថ្ងៃទី៩មិថុនានេះ។
ថ្ងៃអាទិត្យទី៩ខែមិថុនានេះហើយ គឺជាថ្ងៃដែលអតីតប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី បានអំពាវនាវដល់អតីតសកម្មជនរបស់ខ្លួន និងពលរដ្ឋបរិភោគនំបញ្ចុកខ្មែរទូទាំងប្រទេស។
ទាក់ទងនឹងព្រឹត្តិការណ៍បរិភោគនំបញ្ចុកដែលរួមមានទាំងការអនុវត្តការអំពាវនាវរបស់សម្តេច ហ៊ុន សែន ដែរនោះ កញ្ញា រ៉ូហ្ស៊េត បានបង្ហាញចំណាប់អារម្មណ៍ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា៖ «ខ្ញុំគិតថា ជាការល្អ ដែលនំបញ្ចុកត្រូវបានពេញនិយមសម្រាប់បងប្អូនខ្មែរយើង ដែលចាប់ផ្ដើមងាកមកហូបនំបញ្ចុក។ សម្រាប់ថ្ងៃនេះ នៅតាមភូមិស្រុកនានា ពលរដ្ឋខ្មែរបានហូបនំបញ្ចុក ដែលជារឿងដ៏ប្រសើរ និងអាចជួយដល់អ្នកលក់នំបញ្ចុកទៀតផង»។
ការជួបជុំបរិភោគនំបញ្ចុករបស់សកម្មជនអតីតគណបក្សសង្គ្រោះជាតិនេះ កើតចេញពីការរៃអង្គាសប្រាក់ផ្ទាល់របស់អ្នកចូលរួម ហើយអ្នកចូលរួមមានភាពសប្បាយរីករាយ។ នេះជាការអះអាងរបស់ កញ្ញា រ៉ូហ្ស៊េត ដែលបន្ថែមថា ការជួបជុំនេះ ទឹកចិត្តរបស់អ្នកចូលរួម គឺចង់ឲ្យគណបក្សសង្គ្រោះជាតិត្រឡប់មកវិញ និងចង់ឲ្យលោក កឹម សុខា ត្រូវបានដោះលែង។ អតីតចៅសង្កាត់គណបក្សប្រឆាំងរូបនេះ លើកឡើងថា៖ «ការហូបនំបញ្ចុកតែមួយថ្ងៃ ហើយនិយាយថាសាមគ្គីនោះ គឺមិនអាចទេ។ ទាល់តែបង្ហាញរូបភាពពីសាមគ្គីភាព ពេលនោះខ្ញុំ ជឿជាក់ថាពលរដ្ឋខ្មែរនឹងអបអរសាទរ»៕
© រក្សាសិទ្ធិដោយ thmeythmey.com