អន្តរជាតិ
នាយករដ្ឋមន្ត្រី​ឡាវ​៖ ឡាវ មិន​ព្រួយបារម្ភ​រឿង​បំណុល​ចិន​ឡើយ ព្រោះ​រដ្ឋ​មាន​សមត្ថភាព​សង​ក្នុង​រយៈពេល​វែង​
10, Jun 2019 , 8:59 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍ បាន​ទាត់ចោល​ការព្រមាន​រប​ស់​អង្គការ​អន្តរជាតិ​មួយចំនួន ដែលថា ឡាវ អាច​ធ្លាក់​ទៅក្នុង​អន្ទាក់​នៃ​បំណុល ខណៈ​កម្រិត​កម្ចី​អភិវឌ្ឍ​ឡាវ​ពី​ចិន កាន់តែ​កើនឡើង​។ សម្រាប់​ក្រុង​វៀងចន្ទន៍ កម្ចី​ដែល​បានធ្វើ​កន្លងមក ឈរលើ​គោលការណ៍​នៃ​សមត្ថភាព​របស់​ប្រទេស និង​លក្ខខណ្ឌ​អនុគ្រោះ​ពី​ដៃគូ ដែល​មិន​អាចធ្វើ​ឲ្យ​ឡាវ ត្រូវ​ក្លាយជា​ជនរងគ្រោះ​ឡើយ​។​

 
​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន​ជប៉ុន Nikkei  កាលពីពេល​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថុង​លួ​ន ស៊ី​សូលី​ត បាន​ឲ្យ​ដឹងថា កម្ចី​របស់​ឡាវ​ពី​ចិន និង​បណ្តា​ប្រទេស​ដៃគូ​ដទៃ​ផ្សេងទៀត គឺ​សម្រាប់តែ​គម្រោង​ដែល​លក្ខណៈ​សំខាន់ ចាំបាច់ និង​មាន​ផលប្រយោជន៍​សម្រាប់​សេដ្ឋ​កិច្ច​របស់​ប្រទេស​ប៉ុណ្ណោះ​នោះទេ​។​
 
​ខណៈ​មិន​ទទួលយក​ការព្រមាន​ពី​ការ​វ័ណ្ឌក​ដោយសារតែ​បំណុល​បរទេស ជាពិសេស​ជាមួយ​ចិន​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ លោកនាយក​រដ្ឋមន្ត្រី ស៊ី​សូលី​ត បាន​គូសបញ្ជាក់ថា ប្រសិនបើ ឡាវ ដែលជា​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច​មួយ​របស់​ពិភពលោក មិន​ខ្ចី​បរទេស​ទេ ប្រទេស​ក៏​នឹងមិន​មានការ​អភិវឌ្ឍ​អ្វី​ដែរ​។ 
 
​ប្រមុខ​ដឹកនាំ​រូបនេះ បាន​បន្ថែមថា ឡាវ មាន​ខ្នាត​រង្វាស់ និង​យុទ្ធសាស្ត្រ​ដើម្បី​គ្រប់គ្រង និង​ធានា​ពី​តុល្យភាព​នៅក្នុង​បំណុល​សាធារណៈ​ខ្លួនឯង ហើយ​ឡាវ តែងតែ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​ការអនុវត្ត​គម្រោង​ដែលជា​កម្ចី​រយៈពេល​វែង ដែលមាន​អត្រា​ការប្រាក់​តិច​។​
 
​លោកនាយក​រដ្ឋមន្ត្រី លើកឡើងថា ក្រុមអ្នកតាមដាន​ដែល​តែង​បង្ហាញ​ការព្រួយបារម្ភ​ហួសហេតុ​រឿង​បំណុល ប្រហែលជា​គ្មាន​ព័ត៌មាន​គ្រប់គ្រាន់​លើ​ការវាយតម្លៃ​ពី​សមត្ថភាព​រដ្ឋាភិបាល​ទើបបានជា​ចេញ​ជា​សេចក្តីថ្លែងការណ៍​បែបនេះ​។ 
 
​គួរ​ជម្រាប​ថា ឡាវ គឺជា​រដ្ឋ​ដែល​គ្មាន​ព្រំដែន​ជាប់​នឹង​សមុទ្រ​សមុទ្រ​សូម្បីតែ​បន្តិច​។ កត្តា​អកុសល​នេះ ជំរុញ​ឲ្យ​ឡាវ ត្រូវ​ប្រឹងប្រែង​ត​ភ្ជាប់​ខ្លួន​ជាមួយនឹង​បណ្តា​ប្រទេសជិតខាង និង​ប្រទេស​ដៃគូ តាមរយៈ​ហេដ្ឋារចនាសម្ព័ន្ធ​ដែន​គោក​វិញ​។ ចំណុច​នេះហើយ ដែល​ធ្វើ​ឲ្យ​អង្គការ ឬ​ក្រុមអ្នកតាមដាន​មួយចំនួន​ព្រួយបារម្ភ ព្រោះ​គម្រោង​អភិវឌ្ឍ​ឡាវ ត្រូវធ្វើឡើង​ជាមួយនឹង​កម្ចី​ច្រើន​ពី​ប្រទេស​ដៃគូ ជាពិសេស​ចិន​តែម្តង​។ 
 
​ជាក់ស្តែង​ក្នុង​គម្រោង​ផ្លូវ​រថភ្លើង​ចម្ងាយ​ឆ្ងាយ និង​ល្បឿន​លឿន​របស់​ប្រទេស ដែល​ឡាវ កំពុងតែ​ធ្វើឡើង​ជាមួយនឹង​ចិន ឡាវ មាន​ចំណែក​របស់​ខ្លួនឯង​ត្រឹមតែ​៣០​ភាគរយ ខណៈ​ចំណែក​សេសសល់​ជា​ផ្នែក និង​កម្ចី​របស់​ចិន​៕ 
 

Tag:
 ឡាវ​
  ចិន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com