ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដល់​រដូវ​ភ្លៀងហើយ គេ​ខ្វល់​ច្រើនតែ​ជំងឺគ្រុនឈាម តែ​មិនសូវ​ចាប់អារម្មណ៍​អំពី​ជំងឺ​អាសន្នរោគ​ទេ​
11, Jun 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មាន​បញ្ហា​សុខភាព​ច្រើនណាស់​ដែល​កើត​ឡើងជា​ញឹកញាប់​ក្នុង​រដូវភ្លៀង​ជាង​រដូវ​ណា​ផ្សេងៗ ហើយ​រឿង​មួយ​ដែល​កើតឡើង​ញឹកញាប់​ដែរនោះ​គឺ​ជំងឺ​អាសន្នរោគ​តែម្តង​។ ជាធម្មតា​ជំងឺ​អាសន្នរោគ បង្កឡើង​ដោយ​ការ​ញ៉ាំ​អាហារ ឬ​ទឹក​ដែល​ផ្ទុកមេរោគ និង​ចេញពី​លាមក​របស់​អ្នកជំងឺ​ផ្ទុក​បាក់តេរី​អាសន្នរោគ Vibrio Cholerae​។ នៅពេល​បាក់តេរី​នេះ​ចូលក្នុង​ពោះវៀន វា​នឹង​បញ្ចេញ​ជាតិពុល​មួយ​ធ្វើ​ឲ្យ​រាករូស​ធ្ងន់ធ្ងរ​។ បើសិនជា​មិនមាន​ការព្យាបាល​ទាន់ពេលវេលា​ទេ ការ​រាករូស​ធ្ងន់ធ្ងរ នឹងធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក រហូតដល់​ស្លាប់​បាន​។



តាមរយៈ​អត្ថបទ​នេះ ខ្ញុំ​នឹង​បង្ហាញ​អ្នក​អំពី​គន្លឹះ​ខ្លះៗ​ក្នុងការ​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​អាសន្នរោគ​កើតឡើង​លើ​អ្នក និង​ក្រុមគ្រួសារ​បាន​សម្រាប់​រដូវ​ភ្លៀង​នេះ​។​

​ត្រូវមាន​សុវត្ថិភាព​ក្នុងការ​ញ៉ាំ​ទឹក​
 
​ការ​ញ៉ាំ​ទឹក​ចេញពី​ក្បាល​រ៉ូ​មី​ណេ​អាច​បង្កើន​ឱកាស​នៃ​ការកើត​ជំងឺ​អាសន្នរោគ​បាន​។ ហេតុដូច្នេះ​ហើយ​ទើប​ការជ្រើសរើស​ញ៉ាំ​ទឹក​សុទ្ធ ឬ​ទឹក​មានការ​វិច​ខ្ចប់​ក្នុង​ដប​គឺជា​ជម្រើស​ដ៏​ល្អ​វិញ​។ បើសិនជា​អ្នក​មិនអាច​រក​ទឹក​នេះ​ញ៉ាំ​បានទេ ចូរ​ជ្រើសរើស​ការ​ញ៉ាំ​ទឹក​ដែល​ត្រូវបាន​ដាំ​ឆ្អិន​ហើយ​។ សម្រាប់​ទឹក​ដែល​យក​ធ្វើ​ទឹកកក និង​ដុសធ្មេញ ក៏​ត្រូវតែ​ជ្រើសរើស​ឲ្យ​មាន​សុវត្ថិភាព​ដែរ​។ 
 
​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​ល្អ​
 
​គ្រប់គ្នា​ដឹង​ហើយ​ថា ការលាង​សម្អាត​ដៃ​ជា​ញឹកញាប់​គឺជា​មធ្យោបាយ​ដ៏​ឆ្លាត​វៃ​ក្នុង​ការបន្ថយ​ការឆ្លង​ជំងឺ​ផ្តាសាយ​។ តែ​រឿងនេះ​ក៏មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​រដូវភ្លៀង​ដែរ​ក្នុងការ​ទប់ស្កាត់​ការកើត​ជំងឺ​អាសន្នរោគ​។ ដូច្នេះ​ចូរ​ប្រាកដថា​ដៃ​អ្នក​ទាំងសងខាង​ស្អាត​ល្អ​ហើយ​មុនពេល​ចាប់​កាន់​អាហារ​ទទួលទាន​។ បើសិនជា​មិនមាន​ទឹក​ទេ អ្នក​អាច​ប្រើ​ទឹក​សម្រាប់​លាងដៃ​ជាពិសេស​ក៏បាន​ដែរ​។ 
 
​ចម្អិន​អាហារ​ឲ្យ​ឆ្អិន​ល្អ និង​ចៀសវាង​ការ​ញ៉ាំ​អាហារ​តាមផ្លូវ​
 
​ដូច​អ្វីដែល​បានបញ្ជាក់​ពី​ខាងលើ​អ៊ីចឹង​ថា អ្នក​គួរតែ​ដាំទឹក​ឲ្យ​ពុះ​ល្អ​មុនពេល​ញ៉ាំ ដើម្បី​សម្លាប់​បាក់តេរី​ដែល​បង្ក​ជា​ជំងឺ​អាសន្នរោគ​។ ហេតុដូច្នេះ​ហើយ​ទើប​វា​គឺជា​រឿង​ល្អ​មួយ​ដែល​អ្នក​ត្រូវ​ចម្អិន​អាហារ​ញ៉ាំ​ខ្លួនឯង​ឲ្យ​បានល្អ​។ នៅពេល​ត្រូវ​ញ៉ាំ​បន្លែ​និង​ផ្លែឈើ​ឆៅ កុំ​ភ្លេច​បកសម្បក​វា​ចេញ​ផង​។ អ្វីដែល​ត្រូវធ្វើ​ទៀត​នោះ​គឺថា ត្រូវ​ចៀសវាង​ការ​ញ៉ាំ​អាហារ​តាមផ្លូវ​ឲ្យ​បាន​ច្រើន​បំផុត​តាមតែ​អាចធ្វើ​បាន ដោយសារតែ​បញ្ហា​អនាម័យ​នៅមានកម្រិត​នៅឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com