ពលរដ្ឋ​ហុងកុង​ជាង​មួយ​លាន​នាក់ ធ្វើបាតុកម្ម​ប្រឆាំង​សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​
អន្តរជាតិ
ពលរដ្ឋ​ហុងកុង​ជាង​មួយ​លាន​នាក់ ធ្វើបាតុកម្ម​ប្រឆាំង​សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​
10, Jun 2019 , 9:45 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​ពលរដ្ឋ​ហុងកុង​មកពី​គ្រប់​ស្រទាប់វណ្ណៈ​សង្គម នៅ​ថ្ងៃទី​៩ ខែមិថុនា បាន​ប្រមូល​ផ្ដុំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​។ អ្នករៀបចំ​បាតុកម្ម​និយាយថា មនុស្ស​ជាង​មួយ​លាន​នាក់ ចូលរួម​ក្នុង​ការតវ៉ា ដែល​នេះ​ជាការ​ប្រមូលផ្ដុំ​ដ៏​ធំ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ហុងកុង ជាទី​តែមួយគត់​ក្នុង​ទឹកដី​ចិន​ដែល​ការធ្វើ​បា​តុម្ម​បញ្ចេញមតិ​អាចធ្វើ​បាន​ដោយ​សេរី​។ ប៉ុន្តែ​បាតុកម្មអហិង្សា​ប្រែ​ទៅជា​ហិង្សា​វិញ​នៅពេល​យប់ ដោយ​បាតុករ​បាន​ប៉ះទង្គិច​ជាមួយ​ក្រុមប៉ូលិស​។​

 
​សេចក្ដីព្រាងច្បាប់​ដែល​អនុញ្ញាត​ឲ្យ​បញ្ជូន​ជនសង្ស័យ​ទៅកាន់​កាត់ក្ដី​ក្នុង​តុលាការ​ចិន ធ្វើ​ឲ្យ​ប្រជាជន​ហុងកុង​មិន​ពេញចិត្ត​យ៉ាងខ្លាំង ហើយ​រហូត​ផ្ដុំគ្នា​តវ៉ា​រហូត​មាន​ចំនួន​ខ្ទង់លាន​នាក់​ឯណោះ​។ ការតវ៉ា​ទ្រង់ទ្រាយ​ធំ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​៩ ខែមិថុនា ដោយ​ពលរដ្ឋ​ហុងកុង​បាន​ជួបគ្នា​បង្ហាញ​ការមិន​ស​ប្បា​ចិត្ត​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​ហិរញ្ញវត្ថុ​ដ៏​សំខាន់បំផុត​មួយ​របស់​ចិន​។ បាតុករ​បាន​ស្លៀក​សម្លៀកបំពាក់​ពណ៌​ស ដែល​តំណាង​ឲ្យ​យុត្តិធម៌​។ 
 
​អ្នករៀបចំ​បាតុកម្ម​ដ៏​ធំ​នេះ​អះអាងថា អ្នកចូលរួម​ដល់​ទៅ​ច្រើនជាង​មួយ​លាន​នាក់ ដែល​នោះ​ជា​ចំនួន​ច្រើន​បំផុត​តាំងពី​ការផ្ទេរ​ទឹកដី​ហុងកុង​ទៅ​ចិន​កាលពី​ឆ្នាំ​១៩៩៧ មក​។ បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប​ផុត​ក្នុង​ប្រវត្តិសាស្ត្រ​ហុងកុង កើតឡើង​នៅ​ឆ្នាំ​២០០៣ ពេល​ពលរដ្ឋ​ជាង​ប្រាំ​សែន​នាក់​នាំគ្នា​ប្រឆាំង​ច្បាប់​សន្តិសុខ​ជាតិ​។ ប៉ុន្តែ​ប៉ូលិស​ហុងកុង បានផ្ដល់​ទិន្នន័យ​ទាប​ជាង​អ្នករៀបចំ​សម្រាប់​ការប្រមូលផ្ដុំ​ថ្ងៃទី​៩ ខែមិថុនា ដោយ​ប៉ូលិស​បញ្ជាក់ថា បា​តុ​ការ​មានតែ​ជាង​២៤​ម៉ឺន​នាក់​ប៉ុណ្ណោះ​។  
 
​បាតុកម្មអហិង្សា បានបញ្ចប់​ម៉ោង​១០​យប់​ថ្ងៃទី​៩ ខែមិថុនា ហើយ​បាតុករ​ភាគច្រើន​បាន​បំបែក​គ្នា​ជា​បន្តបន្ទាប់ ប៉ុន្តែ​អំពើហិង្សា​បាន​ផ្ទុះឡើង​រវាង​យុវជន​ក្មេងៗ​ដែល​បន្ត​ប្រមូលផ្ដុំ​ខាងមុខ​អាគារ​សភា​ទីក្រុង​ហុងកុង និង​កម្លាំង​ប៉ូលិស​ដែល​ព្យាយាម​ទប់ស្កាត់​ការប៉ុនប៉ង​ចូល​អាគារ​ពី​សំណាក់​បាតុករ​។ ក្នុងការ​ប៉ះទង្គិច​ដែល​ឈានចូល​ថ្ងៃទី​១០ ខែមិថុនា មនុស្ស​ជាច្រើន​រាប់ទាំង​ប៉ូលិស​ផង បាន​រងរបួស និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ខណៈ​បាតុករ​ច្រើន​នាក់​ទៀត ត្រូវបាន​ឃាត់ខ្លួន​។ 
 
​ជុំវិញ​គម្រោង​ច្បាប់​ថ្មី​នេះ មេដឹកនាំ​ហុងកុង​ធ្លាប់​បកស្រាយ​ថា ជាការ​បំពេញ​ចន្លោះ​បន្ថែម​លើ​ច្បាប់​ដែលមាន​ស្រាប់ ហើយ​មាន​គោលដៅ​បញ្ចប់​ការយក​ហុងកុង​ជា​ឋានសួគ៌​ដោយ​ឧក្រិដ្ឋជន​ដីគោក ព្រោះ​ចិន និង​ហុងកុង​មិនមែន​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​ពីមុនមក​ឡើយ​។ លើសពីនោះ រដ្ឋាភិបាល​ហុងកុង ក៏​ធ្លាប់​អះអាងថា អ្នក​រិះគន់​ដីគោក ឬ​ក្រុមប្រឆាំង​នៅ​ហុងកុង នឹងមិន​ត្រូវបានធ្វើ​បត្យាប័ន​ឡើយ​។ គម្រោង​ធ្វើ​បត្យាប័ន​នេះ ក៏​មិនមែន​អនុវត្ត​តែ​ជាមួយ​ចិន​នោះដែរ​។​
 
​យ៉ាងណាមិញ ការបកស្រាយ​របស់រ​ដ្ឋា​ភិ​បាល​ហុងកុង មិន​ចូល​ត្រចៀក​ក្រុម​ម​ប្រឆាំង​ឡើយ ហើយ​នៅតែ​បារម្ភ​ថា ក្រោម​ច្បាប់​ថ្មី ពួកគេ​អាច​ត្រូវបញ្ជូន​ទៅកាន់​ដីគោក​គ្រប់ពេល​។ តាមពិតទៅ អាជ្ញាធរ​ហុងកុង ក៏បាន​ធ្វើ​សម្បទាន​ខ្លះ​ហើយ​ពេល​ក្រុមប្រឆាំង​បង្ហាញ​ការមិន​ពេញចិត្ត​នោះ​។ ទីក្រុង​ហុងកុង​ធានាថា ខ្លួន​នឹង​ពិចារណា​សំណើសុំ​ធ្វើ​បត្យាប័ន​តែ​បទល្មើស​ដែល​ត្រូវ​ជាប់ពន្ធនាគារ​ច្រើនជាង​៧​ឆ្នាំ ហើយ​សំណើ​ត្រូវធ្វើ​ដោយ​ស្ថាប័នរដ្ឋ​អាជ្ញា​កំពូល​ចិន​ទៀតផង​។​
 
​យ៉ាងណាមិញ អ្នកចូលរួម​បាតុកម្ម​ថ្ងៃទី​៩ ខែមិថុនា ភាគច្រើន​មិន​ជឿជាក់​លើ​ការធានា​នេះ​ទៀតឡើយ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ការបាត់​ខ្លួន​ដោយ​អាថ៌កំបាំង​របស់​សកម្ម​ជន​ប្រឆាំង​ជាច្រើន​នាពេល​កន្លងមក ដែល​ចុងក្រោយ​បែរជា​លេចមុខ​ក្នុង​តុលាការ​ចិន ជា​រឿង​ដែល​ធ្វើ​ឲ្យ​ពួកគេ​នៅតែ​បារម្ភ​ជានិច្ច​។ យុត្តិធម៌ និង​ភាពមិនលំអៀង​ក្នុង​ប្រព័ន្ធតុលាការ​ចិន ក៏​ជា​កត្តា​ដែល​ពួកគេ​មិន​ពេញ​ចិត្តនឹង​គម្រោង​ធ្វើ​បត្យាប័ន​នេះដែរ​៕ 

Tag:
 ចិន​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com