កីឡាអន្តរជាតិ
អន្តរជាតិ
ព័រទុយហ្គាល់ក្លាយជាម្ចាស់ពានអឺរ៉ុប Nations League ក្រោយឈ្នះហូឡង់ ១-០
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ UEFA Nations League ក្នុងនាមជាម្ចាស់ផ្ទះដំបូងគេបន្ទាប់ពីយកឈ្នះហូឡង់ដោយលទ្ធផល ១-០ នាជំនួបវគ្គផ្តាច់ព្រ័ត្រនៅយប់ថ្ងៃទី៩ ខែមិថុនា។ អង់គ្លេសទទួលបានចំណាត់ថ្នាក់ទី៣តាមរយៈការឈ្នះស្វ៊ីសដោយបាល់កាត់សេចក្តីប៉េណាល់ទី ៦-៥។
នាកីឡដ្ឋាន Estadio do Dragao ម្ចាស់ផ្ទះព័រទុយហ្គាល់បានបង្ហាញភាពខ្លាំងដោយបើកការវាយសម្រុកទៅលើក្រុមភ្ញៀវហូឡង់តាំងពីវគ្គទី១។ បើទោះជាមានឱកាសច្រើនក្តីប៉ុន្តែម្ចាស់ផ្ទះមិនអាចបំបែករបាំងការដ៏រឹងមាំរបស់ហូឡើង់បាន។
ចូលដល់វគ្គទី២ ក្រុមដែលដឹកនាំដោយលោក Fernando Santos នៅតែបន្តគាបសង្កត់ដដែលរហូតសម្រេចទីបាន១គ្រាប់ដែលធ្វើបានដោយខ្សែប្រយុទ្ធ Goncalo Guedes នៅនាទី៦០។ ហូឡង់ដែលមានឱកាសតិចតួចក្នុងការវាយបកមិនអាចធ្វើអ្វីបានឡើងយដោយចប់ការប្រកួតពួកគេចាញ់ព័រទុហ្គាល់ ១-០។
ជ័យជម្នះនេះបាននាំឲ្យព័រទុហ្គាល់ក្លាយជាម្ចាស់ពានដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទ្វីអឺរ៉ុប UEFA លើកទី២ក្នុងរយៈពេល៣ឆ្នាំ ពោលគឺបន្ទាប់ពីពួកគេលើកពាន Euro ឆ្នាំ២០១៦ នៅបារាំងរូចមក។
ព័រទុហ្គាល់ជើងឯក Nations League ឆ្នាំ ២០១៨-២០១៩ ទទួបានប្រាក់រង្វាន់ ៨,៥៦លានដុល្លារអាមេរិក ខណៈក្រុមរងជើងឯកហូឡង់ទទួបាន ៥,១១លានដុល្លារ។
តោកំណាចអង់គ្លេសដែលដណ្តើមបានចំណាត់ថ្នាក់ទី៣ ពីក្រុមស្វ៊ីសដោយការទាត់បាល់កាច់សេចក្តីប៉េណាល់ទីក្រោយលេងម៉ោងផ្លូវការ និងថែម១៥នាទីពីរដងនោះទទួលបានប្រាក់លើកទឹកចិត្ត ចំនួន ៣,៩៦លានដុល្លារ រីឯក្រុមលេខ៤ស្វ៊ីសបាន ២,៨១លានដុល្លារ។
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ជាម្ចាស់ស្បែកជើងមាស និងគ្រាប់បាល់ស៊ុតបញ្ចូលទីអស្ចារ្យជាងគេពីព្រឹត្តិការណ៍នេះ ខណៈខ្សែបម្រើហូឡង់ Frenkie de Jong ឈ្នះពានកីឡាករវ័យក្មេងល្អបំផុត៕
Tag:
បាល់ទាត់
Nations League
ព័រទុយហ្គាល់
© រក្សាសិទ្ធិដោយ thmeythmey.com