អន្តរជាតិ
នយោបាយអន្តរជាតិ
បក្សកាន់អំណាចអង់គ្លេស ចាប់ផ្ដើមដំណើរការរើសមេដឹកនាំថ្មីជំនួសលោកស្រី ម៉េយ៍ អ្នកនយោបាយបក្សអភិរក្សដែលចង់ប្រជែងកៅអីនាយករដ្ឋមន្រ្តីជំនួសលោកស្រី ថេរ៉េសា ម៉េយ៍ ។
× នៅថ្ងៃទី១០ ខែមិថុនានេះ បក្សអភិរក្សដែលជាបក្សកាន់អំណាចនៅចក្រភពអង់គ្លេស បានចាប់ផ្ដើមដំណើរការជ្រើសរើសមេដឹកនាំថ្មីជំនួសលោកស្រី ថេរ៉េសា ម៉េយ៍ ដែលចុះចេញពីតំណែង។ បេក្ខជនដែលក្លាយជាប្រធានបក្សអភិរក្ស ក៏នឹងក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មីស្វ័យប្រវត្តិផងដែរ ខណៈលោកស្រី ម៉េយ៍ កំពុងបន្តដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្នរហូតដល់មានអ្នកស្នងតំណែង។ ឥស្សរជនប្រមាណដប់នាក់ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការប្រជែងកៅអីនាយករដ្ឋមន្ត្រី។
ជានីតិវិធី ការចុះឈ្មោះបេក្ខជន នឹងត្រូវចាប់ផ្ដើមពីម៉ោង១០ព្រឹក (ម៉ោងនៅអង់គ្លេស) រហូតដល់ម៉ោង៥ល្ងាចថ្ងៃទី១០ ខែមិថុនា។ បេក្ខជនដែលមានចំណាប់អារម្មណ៍ ត្រូវចុះឈ្មោះក្នុងរយៈពេលនេះ ដោយមានការគាំទ្រពីសមាជិកសភាបក្សអភិរក្សយ៉ាងហោចណាស់ចំនួន៨នាក់។ ការបោះឆ្នោតជម្រុះជុំទីមួយ នឹងធ្វើនៅថ្ងៃទី១៣ ខែមិថុនា ក្នុងចំណោមសមាជិកសភារបស់បក្សអភិរក្សទាំង៣១៤នាក់។
បេក្ខជនដែលទទួលសំឡេងតិចជាង១៦ ត្រូវជម្រុះចេញ។ បើបេក្ខជនទាំងអស់ទទួលសំឡេងច្រើនជាង១៦ដូចគ្នា បេក្ខជនដែលទទួលសំឡេងតិចជាងគេ ត្រូវកាត់ចោល។ ការបោះឆ្នោតជុំទីពីរ នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា។ បេក្ខជនដែលទទួលការគាំទ្រ៣២សំឡេងឬតិចជាង ត្រូវជម្រុះចេញ តែបើបេក្ខជនទាំងអស់ទទួលបានការគាំទ្រលើស៣២សំឡេងដូចគ្នា បេក្ខជនមានសំឡេងតិចជាងគេ ត្រូវកាត់ចោលទៀត។ ការជម្រុះ ត្រូវរៀបចំជាបន្តបន្ទាប់រហូតសល់បេក្ខជនតែពីរនាក់ប៉ុណ្ណោះ។
បេក្ខជនពីរនាក់ចុងក្រោយ នឹងត្រូវទុកពេលឲ្យធ្វើយុទ្ធនាការស្វែងរកការគាំទ្រ មុននឹងការបោះឆ្នោតចុងក្រោយដែលគ្រោងធ្វើនៅសប្ដាហ៍ទីបីក្នុងខែកក្កដា។ សមាជិកបក្សអភិរក្សទាំងជាង១៦ម៉ឺននាក់ទូទាំងប្រទេស ជាអង្គបោះឆ្នោត។ ការងារចម្បងរបស់ប្រធានបក្សថ្មី និងនាយករដ្ឋមន្ត្រីថ្មី គឺការបន្តដំណើរការចែកផ្លូវជាមួយសហភាពអឺរ៉ុបដែលជាប់គាំងត្រឹមរដ្ឋសភាអង់គ្លេស។
ដ្បិតមានបេក្ខជនច្រើន បង្ហាញចំណាប់អារម្មណ៍ក្នុងការប្រជែងតំណែងមេបក្ស និងកៅអីនាយករដ្ឋមន្ត្រីមែន ប៉ុន្តែបេក្ខភាពដែលគេមើលឃើញថា សក្តិសមនោះមានមិនច្រើនឡើយ។ អតីតរដ្ឋមន្ត្រីការបរទេស បូរីស ចនសុន គឺជាបេក្ខជនដែលមានភាគរយខ្ពស់ក្នុងការដឹកនាំបក្សអភិរក្ស និងចក្រភពអង់គ្លេសក្នុងកាលៈទេសៈមិនច្បាសលាស់ដូចបច្ចុប្បន្ននេះ។ លើរឿងចាកចេញពីអង់គ្លេស លោក ចនសុន សន្យាថា នឹងអូសអង់គ្លេសចេញឲ្យបាន ទោះគ្មានកិច្ចព្រមព្រៀងក្ដី។
រដ្ឋមន្ត្រីបរិស្ថាន Michael Gove ក៏ជាបេក្ខភាពដែលមានសង្ឃឹមខ្ពស់ដែរ។ លោកជាអ្នកនយោបាយគាំទ្រការចាកចេញពីអឺរ៉ុបកាលពីឆ្នាំ២០១៦ ប៉ុន្តែវាសនារបស់លោកបែរជាស្រអាប់ទៅវិញ បន្ទាប់ពីសារភាពថា ធ្លាប់ប្រើថ្នាំកូកាអ៊ីនកាលពីជាងពីរទសវត្សមុន។ បេក្ខជនម្នាក់ទៀតដែលមានភាគរយខ្ពស់ដែរនោះ គឺរដ្ឋមន្ត្រីការបរទេសសព្វថ្ងៃ Jeremy Hunt នៃរដ្ឋាភិបាលចាំផ្ទះរបស់លោកស្រី ម៉េយ៍ ។ លោក Hunt មានជំហរចរចាជាមួយអឺរ៉ុបឡើងវិញលើកិច្ចព្រមព្រៀងរបស់លោកស្រី ម៉េយ៍ ៕
Tag:
Brexit
អង់គ្លេស
ថេរ៉េសា ម៉េយ៍
© រក្សាសិទ្ធិដោយ thmeythmey.com