លោក សុខ ឥសាន៖ បក្សប្រជាជន ហូបនំបញ្ចុកដូចមហាស៊ូណាមិ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុខ ឥសាន៖ បក្សប្រជាជន ហូបនំបញ្ចុកដូចមហាស៊ូណាមិ
10, Jun 2019 , 12:50 pm        
រូបភាព
ដោយ: ថ្មីៗ
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សរសើរគណបក្សខ្លួន ថាមានមនុស្សចូលរួមពិសានំបញ្ចុកយ៉ាងច្រើន ដូចជារលកមហាស៊ូណាមិហើយបង្អាប់អតីតគណបក្សប្រឆាំង ថាមានអ្នកចូលត្រឹមស៊ូណាមិប៉ុណ្ណោះ។ លោក សរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាមយ៉ាងដូច្នេះថា «អតីតបក្សប្រឆាំងស៊ូណាមិតែ១០ភាគរយ ឯបក្សប្រជាជនកម្ពុជាមហាស៊ូណាមិ៩០ភាគរយឯណោះ»។

 

លោក សុខ ឥសាន បន្តថា គណបក្សប្រជាជនកម្ពុជា ហូបនំបញ្ចុកមួយកន្លែងរាប់តោន ដែលបង្ហាញពីភាពខ្លាំងនិងមានឧត្តមភាពលើបក្សដទៃ។ លោក បានហៅយុទ្ធសាស្ត្រនេះ ថាជានយោបាយយកពូថៅវាយកម្ទេចបន្លា។

ទោះជាយ៉ាងនេះក្តី លោក សម រង្ស៊ី ប្រកាសថា អតីតគណបក្សប្រឆាំង បានទទួលជ័យជម្នះលើព្រឹត្តិការណ៍ហូបនំបញ្ចុកនេះ ដោយបានបង្ខំឲ្យសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើតាម។ លោក សរសេរក្នុងបណ្តាញសង្គមថា «មានយុទ្ធសាស្ត្រមួយ ដែលចែងថា បើយើងមិនអាចយកឈ្នះលើគេបានទេ យើងត្រូវតែទៅចូលរួមជាមួយគេ»។

នៅថ្ងៃទី៩មិថុនា អ្នកគាំទ្រគណបក្សកាន់អំណាច និងអ្នកគាំទ្រអតីតគណបក្សប្រឆាំង បានចូលរួមពិសានំបញ្ចុកតាមការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន និង លោក សម រង្ស៊ី។ សម្តេចនាយករដ្ឋមន្រ្តី អះអាងថា ការហូបនំបញ្ចុកទូទាំងប្រទេសនេះ គឺជាលើកតម្កើងនិងជំរុញការទិញផលិតផលក្នុងស្រុក ហើយក៏ដើម្បីសាមគ្គីនិងឯកភាពជាតិផងដែរ។

ព្រឹត្តិការណ៍ហូបនំបញ្ចុកនេះ មិនមែនកើតតែក្នុងស្រុកទេ សូម្បីប្រជាពលរដ្ឋខ្មែរតាមបណ្តាប្រទេសមួយចំនួន ក៏បានចូលរួមហូបផងដែរ៕

Tag:
 ហ៊ុន សែន
  សម រង្ស៊ី
  សុខ ឥសាន
  នំបញ្ចុក
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម