កីឡាអន្តរជាតិ
អន្តរជាតិ
អធិរាជ​ដីក្រហម Nadal ផ្តួល Thiem ដើម្បី​លើក​ពាន French Open លើក​ទី​១២
10, Jun 2019 , 3:05 pm        
រូបភាព
​កីឡាករ​វាយ​កូន​បាល់ Rafael Nadal បាន​ក្លាយជា​ម្ចាស់​ពានរង្វាន់ French Open លើក​ទី​១២ និង​៣​ឆ្នាំ​ជាប់​គ្នា ក្រោយ​យកឈ្នះ Dominic Thiem ក្នុងការ​ប្រកួត​ចំនួន​៤​សិត នា​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​៩ ខែមិថុនា នាទី​ក្រុងប៉ារីស ប្រទេស​បារាំង​។​


 
​នៅលើ​ទីលាន Roland Garros ឬ​ទីលាន​ដីឥដ្ឋ កីឡាករ​វាយ​កូន​បាល់​លំដាប់​ទី​២​ពិភពលោក Nadal បានទទួល​ជ័យជម្នះ​៣​សិត​ក្នុងចំណោម​ការប្រកួត​ចំនួន​៤​សិត លើ​កីឡាករ​លំដាប់​ទី​៤​ពិភពលោក Thiem ដោយ​លទ្ធផល​ពិន្ទុ ៦-៣ ៥-៧ ៦-១ និង ៦-១​។​
 
​អ្នក​វាយ​កូន​បាល់​សញ្ជាតិ​អេ​ស្ប៉ា​ញ វ័យ​៣៣​ឆ្នាំ​ដែលមាន​រហស្ស​នាមអធិរាជ​ដីក្រហម ជា​កីឡា​ករទី​១​ហើយ ដែល​ឈ្នះ​ពានរង្វាន់​ឯកត្តជន​ចំនួន​១២​លើក​ក្នុង​ព្រឹត្តិការណ៍ Grand Slam តែមួយ ក្នុងចំណោម Grand Slam ទាំង​១៨ ដែល​រូបគេ​ទទួលបាន​។​


 
«​ខ្ញុំ​មិនអាច​រៀបរាប់​ពី​អារម្មណ៍​របស់ខ្ញុំ​នៅពេលនេះ​បានទេ ខ្ញុំ​ពិតជា​រំភើប​ណាស់​។ ខ្ញុំ​លេង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅទីនេះ​លើកដំបូង​ក្នុង​ឆ្នាំ​២០០៥ ហើយ​ខ្ញុំ​មិនដែល​គិតថា​នៅ​ឆ្នាំ ២០១៩ ខ្ញុំ​នៅតែ​នៅទីនេះ​ហើយ​សម្រេចបាន​ល​ទ្ធ​ផល​ដ៏​អស្ចារ្យ​បែបនេះ​ទេ​»​។​
 
​ការ​ឈ្នះ Grand Slam ជា​លើក​ទី​១៨ នេះ​មានន័យថា Nadal នៅតាម​ពីក្រោយ​គូប្រជែង Roger Federer ខណៈដែល​កំពូល​អ្នក​វា​យ​កូន​បាល់​លំដាប់​ទី​៣​ពិភពលោក​សញ្ជាតិ​ស្វ៊ី​ស​កំពុង​គ្រង​កំណត់ត្រា Grand Slam ចំនួន ២០​លើក​។​
 
Nadal បាន​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ French Open ឆ្នាំ​២០១៩ តាមរយៈ​ការទម្លាក់ Federer នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​កីឡាករ​សញ្ជាតិ​អូទ្រីស Dominic Thiem ដែលមាន​វ័យ​២៥​ឆ្នាំ បាន​ផ្តួល​កីឡាករ​លំដាប់​ទី​១​ពិភពលោក Novak Djokovic៕
 

Tag:
 បាល់ទាត់​
  Rafael Nadal
  French Open
  Grand Slam
© រក្សាសិទ្ធិដោយ thmeythmey.com