កម្មវិធី SmartStart រដូវ​កាល​ទី​៣​ពង្រីក​ការច្នៃប្រឌិត​ជាច្រើន
អត្ថបទពាណិជ្ជកម្ម
កម្មវិធី SmartStart រដូវ​កាល​ទី​៣​ពង្រីក​ការច្នៃប្រឌិត​ជាច្រើន
10, Jun 2019 , 3:37 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ​២០១៩៖ កម្មវិធី​ប្រចាំឆ្នាំ​អ្នក​ច្នៃប្រឌិត​វៃក្មេង SmartStart បានជ្រើសរើស​ម្ចាស់​ជ័យលាភី​បន្ទាប់ ដែលមាន​គំ​និង​ច្នៃប្រឌិត​ជាច្រើន​ក្នុងការ​ប្រកួត​រដូវ​កាល​ទី​៣​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ក្រុម​ចំនួន​៥​បានឈ្នះ​ប្រាក់ឧបត្ថម្ភ​ចំនួន ៥ 000 ដុល្លារ​អាមេរិក​ដូចគ្នា និង​ទទួលបាន​ឱកាស​ចូលរួម​កម្មវិធី​បណ្ដុះបណ្ដាល​ផ្នែក​អាជីវកម្ម​ដែលមាន​រយៈពេល​៦​ខែ​ជាមួយ  Impact Hub Phnom Penh  ក្រោយពី​ធ្វើ​ឲ្យ​គណៈកម្មការ​វិនិច្ឆ័យ​ចាប់​អារ​ម្ម​ណ៏​ជាមួយ​ការបង្ហាញ​គំរូ​អាជីវកម្ម គំនិត​ផលិតផល​ឌីជីថល និង​ការធ្វើការងារ​ជា​ក្រុម​របស់ខ្លួន នៅឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​- កូរ៉េ​។​
 
​ការប្រកួតប្រជែង​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុងឆ្នាំនេះ បានបង្ហាញ​ពី​គំនិត​នានា ម្តងទៀត​របស់​ក្រុម​កំពូលៗ​ចំនួន​១៥ ដែល​បាន​ឆ្លងកាត់​សិក្ខាសាលា​ក្នុង​វគ្គ Technopreneurship Challenge នៅ​ខេត្តកំពង់ចាម កាលពី​ខែ​មុន​។ ក្រុម​ទាំងអស់នោះ​ត្រូវបាន​ជ្រើសរើស​កាលពី​ខែមេសា ពី​ក្នុងចំណោម​ក្រុម​ចំនួន​៣០​ក្រុម​ដែលមាន​បេក្ខភាព​ចូលរួម​ជាង​១២០​រូប មកពី​សាកលវិទ្យាល័យ​ចំនួន​១០ ទូទាំងប្រទេស​កម្ពុជា ក្រោយពី​ការចូលរួម​សិក្ខាសាលា Hackathon Challenge រយៈពេល​២​ថ្ងៃ នៅ​រាជធានី​ភ្នំពេញ​។​


 
​ក្នុងកំឡុងពេល​បិទ​កម្មវិធី ឯកឧត្ដម​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្តម​បណ្ឌិត   កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិកា​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​សម្តែង​នូវ​ភាពសប្បាយ​រីករាយ​រប​ស់​ខ្លួន​ដែល​កម្មវិធី SmartStart បាន​រីកចម្រើន​យ៉ាងខ្លាំង​ចាប់តាំងពី​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ឆ្នាំ​២០១៧​។ ឯកឧត្តម​ទាំង​២ បាន​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន Smart និង Impact Hub Phnom Penh ហើយ​និង​រាល់ដៃ​គូរ​ក្នុង​បច្ចេកវិទ្យា​ទាំងអស់ ឲ្យ​បន្ត​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ក្នុងការ​បណ្ដុះបណ្ដាល​អ្នក​មាន​ទេពកោសល្យ​វ័យក្មេង​របស់​កម្ពុជា​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍​។ ចាប់តាំងពី​ឆ្នាំ​២០១៨ កម្មវិធី SmartStart ត្រូវបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដោយ​ប្រាក់​រួមវិភាគទាន​រប​ស់​ក្រុមហ៊ុន Smart ក្នុង​មូលនិធិ​កសាង​សម្ថ​ត​ភាព និង ការ​ស្រាវ​ជាវ និង​អភិវឌ្ឍ​ន៏​។​


 
​លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata កោតសរសើរ​យ៉ាងខ្លាំង​ពី​ការប្ដេជ្ញាចិត្ត​របស់​ក្រុម​ទាំងអស់ និង​ការខិតខំ​ប្រឹងប្រែង​ដែល​ពួកគេ​បានធ្វើ​ក្នុង​កម្មវិធី​នេះ​។​
 
​លោក​បាន​មានប្រសាសន៍ថា​៖ «​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ យើង​បានឃើញ​បេក្ខជន​កាន់តែ​ល្អ គំនិត​អាជីវកម្ម​ក៏​កាន់តែ​ប្រសើរ និង​ការជ្រើសរើស​ផ្នត់គំនិត​ក៏​កាន់តែ​ល្អ ក្នុងកំឡុងពេល​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុងឆ្នាំនេះ​។ ដូចនេះហើយ​នៅ​ឆ្នាំនេះ យើង​បាន​សម្រេចចិត្ត​បង្កើន​ប្រាក់ឧបត្ថម្ភ​រហូតដល់ ៥ ០០០ ដុល្លារ​អាមេរិក​! សូម​អបអរសាទរ​ដល់​ក្រុម​ទាំងអស់​សម្រាប់​ការខិតខំ​ប្រឹងប្រែង និង​ការចូលរួម​របស់​ពួកគេ​»​។​
 
​លោក​បាន​បន្ថែមទៀតថា​៖ « SmartStart គឺជា​កម្មវិធី​ដ៍​អស្ចារ្យ​មួយ​ដែល​ខ្ញុំ​ចូល​ចិ​ត្ដ​ខ្លាំង ព្រោះ​កម្មវិធី​នេះ​បាន​ស្វែងរក​អ្នក​ឆ្នា​ត​វៃ​ជាច្រើន ហើយ​បាន​ផ្ដល់ឱកាស​សម្រាប់​អ្នកមាន​ទេពកោសល្យ​វ័យក្មេង​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាមួយ Impact Hub និង​ដៃគូរ​ជាច្រើន​ផ្សេងទៀត យើង​នឹង​បន្ត​គាំទ្រ​អ្នក​ច្នៃប្រឌិត​វ័យក្មេង​ទាំងនេះ​តាមរយៈ​កា​ចូលរួម​កម្មវិធី​ឌីជីថល​របស់​ពួកគេ​»​។ 


 
​ក្រុម​ចំនួន​៥​រួមមាន​៖ 
 
1-​ ​RENTECH ជួល​អ្នកប្រើប្រាស់​ជួល​កន្លែង​ស្នាក់នៅ​ជាពិសេស​អ្នក​ដែល​មកពី​ខេត្ត​នា​ន​ដែល​មក​ទីក្រុង​ចំបងៗ​សម្រាប់​ការសិក្សា​ថ្នាក់ឧត្ដម​។​
2-​ Sers Chborng ផ្ដល់​ការគាំទ្រ​ដល់​សិស្ស​ដែល​ចង់​ដាក់ពាក្យ​អាហារូបករណ៍ និង កម្មវិធី​ផ្លាស់ប្ដូរ​ការសិក្សា និង ការចូលរួម​ការប្រកួត​ប្រជែង​ផ្សេងៗ​។​
3-​ STYLE ផ្ដល់​ឲ្យ​អ្នកប្រើប្រាស់​នូវ​ឱកាស​ផ្សេងៗ​ក្នុង​ការជួល​អាវធំ រ៉ូ​ប និង ឈុត​សំលៀកបំពាក់​ប្រពៃណី​សម្រាប់​ពិធី​ពិសេសៗ​។​
4-​ ​PhumCAKE ផ្ដល់​ឲ្យ​អ្នក​គ្រប់គ្នា​រចនា​រូបរាង រសជាតិ និង ពណ៌​នំ​ខេ​ក​សម្រាប់​ឱកាស​ពិសេស​ផ្សេងៗ​។​
5-​ SpeakOut ជួយ​អ្នក​ដែល​កំពុង​ប្រឈមមុខ​នឹង​ជំងឺ​បាក់​ទឹកចិត្ត​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​អនាមិក ព័ត៌មាន​ការយល់ដឹង និង ភ្ជាប់​ពួកគេ​ជាមួយ​ពេទ្យ​ចិត្តសាស្ដ្រ​ដ៏​ជំនាញ​។ 
 
​កញ្ញា សូ សម្ផស្ស ដែលជា​សមាជិក​ក្រុម​មួយរូប​ក្នុងចំណោម​ក្រុម​ដែល​ឈ្នះ បាន​និយាយថា​៖ « រយៈពេល​៣​ខែ​នេះ​គឺជា​ពេលវេលា​ដ៍​អស្ចារ្យ​សម្រាប់​ក្រុម​របស់​ពួកយើង និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខណៈដែល​យើង​បាន​សិក្សា​ជាច្រើន​។ កម្មវិធី SmartStart ពិតជា​កម្មវិធី​ប្រកួតប្រជែង​បច្ចេកវិទ្យា​កំពូល​មួយ​ក្នុងប្រទេស​សម្រាប់​និស្សិត​សាកលវិទ្យាល័យ​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ភាគី​ទាំងអស់​ដែល​បាន​បង្កើត​កម្មវិធី​ដ៏​សម្បូរ​បែបនេះ​ឡើង​។ យើង​កំពុង​ទន្ទឹងរង់ចាំ​គំនិត​របស់​យើង​ដែល​នឹង​លេចចេញ​ជា​រូ​ចរាង​ឡើង​ក្នុង​រយៈពេល ៦ ខែ​ទៀត​» 
​លោកជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា បាន​រំភើបចិត្ត​យ៉ាងខ្លាំង​លើ​ការបង្ហាញ​ផ្ដ​ត់​គំនិត​ពី​សំណាក់​ក្រុម​ទាំងអស់​។ ដូចគ្នា​ទៅនឹង​លោក Thomas Hundt ដែរ លោកជំទាវ​ក៏​ជា​សមាជិក​មួយរូប​ក្នុង​គណៈកម្មការ​វិនិច្ឆ័យ​កិត្តិយស​ផងដែរ រួមជាមួយ​លោក គឹម បូរ៉ា ប្រធាន​ផ្នែក​វិនិយោគ​របស់​ក្រុមហ៊ុន Partner of Mekong Strategic Partners កញ្ញា Zoë Ng នាយក​គ្រប់គ្រង Raintree Development និង លោក Adriana Collini អនុប្រធាន​ផ្នែក​វិនិយោគ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Seedstars World​។​


 
​លោកជំទាវ​បាន​មានប្រសាសន៍ថា​៖ «​នេះ​គឺជា​ពេលវេលា​ដ៏​អស្ចារ្យ​ដែល​បានឃើញ​សក្តានុពល​ដ៏​ធំ​សម្បើម​របស់​យុវជន​យើង​តាមរយៈ​ការបង្កើត​គំនិត​ច្នៃប្រឌិត​របស់​ពួកគេ​លើ​របៀប​ដោះស្រាយ​បញ្ហា​ដែល​ពួកគេ​បានឃើញ​នៅលើ​ទីផ្សារ​។ ប្រទេស​កម្ពុជា កំពុង​រីកចម្រើន និង​អភិវឌ្ឍន៍ ហើយ​អ្នក​ច្នៃប្រឌិត​វ័យក្មេង​ទាំងនេះ​នឹង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​ជួយ​ដល់​អនាគត​ប្រកបដោយ​និរន្ត​ភាព​ដែលមាន​លទ្ធភាព​ប្រើប្រាស់​ឌីជីថល​»​។​
 
​ម្ចាស់​ជ័យលាភី​ទាំង​៥​ក្រុម​នឹង​បន្តទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​នេះ ដើម្បី​ប្រែក្លាយ​គំនិត​របស់​ពួកគេ​ឲ្យ​ក្លាយទៅជា​អាជីវកម្ម ឬ ផលិតផល​ពិតៗ​។ ជាមួយនឹង​ការគាំទ្រ​ពី Impact Hub Phnom Penh និង​ក្រុមហ៊ុន Smart Axiata ក្រុម​ទាំង​៥ នឹង​ទទួលបាន​ឱកាស​ប្រើប្រាស់​ធនធាន ការប្រឹក្សា​យោបល់ ការលើក​ទឺ​ក​ចិត្ត និង​ការធ្វើការ​រួមគ្នា​ផងដែរ ។​
 
​កញ្ញា Mélanie Mossard ប្រធាន​ផ្នែក​គាំទ្រ Impact Hub Phnom Penh មាន​ក្តីរំភើប​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​កម្មវិធី​នេះ​ម្ដងទៀត​។ កញ្ញា​បាន​ឲ្យ​ដឹងថា​៖ «​កម្មវិធី SmartStart បានបង្ហាញ​ពី​ភាពជោគជ័យ​របស់ខ្លួន​ម្ដងទៀត​! រយៈពេល ៦ ខែ​ខាងមុខនេះ ក្រុម​ទាំង​៥​នឹងត្រូវ​បំពេញ​ដោយ​បទពិសោធ​ន៏​ជាក់ស្តែង ស្របពេល​ដែល​យើង​ទន្ទឹងរង់ចាំ​លទ្ធភាព​ដ៏​ជោគជ័យ​របស់​ពួកគេ និង​ផ្តល់​ការណែនាំ​ទាក់ទង​នឹង​អាជីវកម្ម​ឌីជីថល​នាពេល​អនាគត​របស់​ពួកគេ​។ នៅ​ចុងបញ្ចប់​កម្មវិធី​រយៈពេល ៦ ខែ​ក្រុមការងារ​ដែលមាន​ការ​វិ​វ​ឌ្ឍ​ខ្លាំងជាងគេ​បំផុត នឹង​ទទួលបាន​ដំណើរ​ទស្សនកិច្ច​បច្ចេក​វិ​ទ្សា​នៅ Google, Microsoft Facebook និង LinkedIN នៅ​ប្រទេស​សឹង្ហ​បុរី​»​។​


 
​សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​គំនិត​ផ្តួចផ្តើម​ទំនួល​ខុសត្រូវ​របស់​ក្រុមហ៊ុន Smart សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក “Smart for Cambodia”  តាមរយៈ​គេហទំព័រ www.facebook.com/SmartforCambodia    ឬក៏​ចូលមក​កាន់​គេហទំព័រ www.smart.com.kh.៕


























 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម