ជាតិ
ក្រសួង​ការងារ ហាម​មិន​ឲ្យ​យក​ក្មេង​ចូល​បរិវេណ​ឬ​ចូល​ធ្វើ​ការ​ក្នុង​សិប្បកម្ម​ឥដ្ឋ
10, Jun 2019 , 8:59 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកសិប្បកម្មផលិតឥដ្ឋ
រូបភាពពីទំព័រហ្វេសប៊ុកសិប្បកម្មផលិតឥដ្ឋ
​ក្រសួង​ការងារ ហាម​ដាច់ខាត​មិន​ឲ្យ​ម្ចាស់​សិប្បកម្ម នាំ​ក្មេង​ចូលក្នុង​បរិវេណ​ឬ​ឲ្យ​ក្មេង​ចូលធ្វើការ​ក្រោម​ទម្រង់​នៃ​ការកេងប្រវ័ញ្ច​ពលកម្ម​លើ​កុមារ ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​។ នេះ​បើតាម​សេចក្ដីណែនាំ​របស់​ក្រសួង​ការងារ ដែល​ចេញ​នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៩​។

 
​រដ្ឋមន្ត្រីក្រសួង​ការងារ លោក អ៊ិត សំហេង បានចេញ​សេចក្តីណែនាំ​ដល់​ប្រធាន​មន្ទីរ​រាជធានី​ខេត្ត និង​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ​ទាំងអស់ ឲ្យ​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួង គឺ​ត្រូវ​រៀបចំ​ដាក់​ស្លាក​សញ្ញា​ធំៗ និង​ងាយ​មើលឃើញ សម្រាប់​ហាម​ក្មេង​ចូលទៅក្នុង​បរិវេណ​សិប្បកម្ម​ផលិត​ឥដ្ឋ និង​ហាម​ដាច់ខាត​ការប្រើប្រាស់​ទាសភាព​បំណុល ដើម្បី​ដាក់បន្ទុក​សេរីភាព​ការងារ​កម្មករ​។ 
 
​លើសពីនេះ ប្រធាន​មន្ទី​រាជធានី ខេត្ត ត្រូវមាន​អ្នកឃ្លាំមើល​ជាប្រចាំ និង​ហាម​ក្មេង​ចូល​បរិវេណ​ឬ​ធ្វើការ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​។ ក្រសួង ព្រមាន​ដូច្នេះ​ថា «​ជន​ណា​នាំ​ក្មេង​ចូលក្នុង​បរិវេណ​សិប្បកម្ម​ផលិត​ឥដ្ឋ​ឬ​ការប្រើប្រាស់​ពលកម្ម​កុមារ​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ អាច​ប្រឈម​នឹង​បទល្មើស​ព្រហ្មទណ្ឌ​»​។ 
 
​ក្រៅពីនេះ ម្ចាស់​សិប្បកម្ម ត្រូវ​រៀបចំ​កន្លែង​ស្នាក់នៅ​ឲ្យ​ឃ្លាតឆ្ងាយ​ពី​ខ្សែចង្វាក់​ផលិតកម្ម និង​ត្រូវមាន​របង​ការងារ​សុវត្ថិភាព ដែល​ខណ្ឌ​ចែក​បរិវេណ​ខ្សែចង្វាក់​ផលិតកម្ម និង​កន្លែង​ស្នាក់នៅ ជាពិសេស គឺ​ហាមឃាត់​ដាច់ខាត​រាល់​ទម្រង់​នៃ​ការកេងប្រវ័ញ្ច​ពលកម្ម​លើ​កុមារ និង​ការបង្ខំ​ឲ្យ​កុមារ​ធ្វើការ ដើម្បី​ដោះបំណុល​។​
 
​តាម​ការបញ្ជាក់​របស់​ក្រសួង​ការងារ ការសម្រេច​ធ្វើបែបនេះ គឺ​ដើម្បី​បញ្ចៀស​ឧបទ្ទវ​ហេតុដែល​អាច​កើត​ចំពោះ​ក្មេង​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​។ សម្រាប់​ម្ចាស់​សិប្បកម្ម​ណាមួយ មិន​អនុវត្ត​ឬ​ខកខាន​តាម​ការណែនាំ​នេះ នឹងត្រូវ​ទទួល​នូវ​ការផាកពិន័យ ឬ​អាច​ឈានដល់​បិទ​អាជីវកម្ម និង​បទល្មើស​ព្រហ្មទណ្ឌ​៕ 

Tag:
 សិប្បកម្ម​ឥដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com