អន្តរជាតិ
ឥណ្ឌូណេស៊ី ត្រៀម​កម្ទេច​ទូក​នេសាទ​ខុសច្បាប់​ភាគច្រើន​មកពី​វៀតណាម និង​ចិន​៣០​គ្រឿង​ទៀត
10, Jun 2019 , 9:19 pm        
រូបភាព
រដ្ឋមន្ត្រីកិច្ចការសមុទ្រនិងនេសាទលោកស្រី Susi Pudjiastuti (Netralnews)
រដ្ឋមន្ត្រីកិច្ចការសមុទ្រនិងនេសាទលោកស្រី Susi Pudjiastuti (Netralnews)
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បន្ត​អនុវត្ត​គោលនយោបាយ​ម៉ឺងម៉ាត់ និង​គ្មាន​ប្រណី​ទៅលើ​ទូក​នេសាទ​បរទេស​ទាំងឡាយណា ដែល​ចូលក្នុង​ដែនសមុទ្រ​របស់ខ្លួន​ដោយ​ខុសច្បាប់​។ ជាក់ស្តែង​តាម​ផែនការ​ក្នុង​ខែ​នេះ ក្រុង​ហ្សា​ការ​តា នឹង​បន្ត​កម្ទេច​ទូក​នេសាទ​ប្រមាណ ៣០ គ្រឿង​បន្ថែម​។​

 
​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ដែនសមុទ្រ និង​នេសាទ​ឥណ្ឌូណេស៊ី លោកស្រី Susi Pudjiastuti នៅ​ថ្ងៃ​៦​មិថុនា​កន្លងទៅ បាន​ឲ្យ​ដឹងថា នៅក្នុង​ខែ​នេះ លោកស្រី នឹង​ដឹកនាំ​ពន្លិច​ទូក​នេសាទ​ខុសច្បាប់​៣០​គ្រឿង​បន្ថែមទៀត ដែល​ទូក​នេសាទ​ភាគច្រើន​មកពី​វៀតណាម និង​ចិន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Jakarta Post​។​
 
​ប្រភពព័ត៌មាន​ដដែល លោកស្រី​រដ្ឋមន្ត្រី បាន​អះអាងថា ទូក​នេសាទ​ដែល​ឥណ្ឌូណេស៊ី បាន​រឹបអូស​នោះ​មកពី​ភូមិសាស្ត្រ​ផ្សេងៗ​គ្នា ដែល​ចូលទៅ​នេសាទ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​។ លោកស្រី បន្ថែមថា ចំណាត់ការ​នេះ ធ្វើឡើង​ក្រោយពី​តុលាការ ក៏​បានចេញ​សម្រេច​ផ្លូវការ​ក្នុងការ​ចោទប្រកាន់​ពី​សកម្មភាព​ខុសច្បាប់​នេះ​រួចហើយ​ដែរ​។ 
 
​បើតាម​របាយការណ៍រ​បស់​ក្រសួង​កិច្ចការ​ដែនសមុទ្រ និង​ជលផល​ឥណ្ឌូណេស៊ី គិត​ចាប់ពី​ខែមករា ឆ្នាំ​២០១៩ នេះ ឥណ្ឌូណេស៊ី​បាន​រឹបអូស និង​ពន្លិច​ទូក​នេសាទ​បរទេស​ចំនួន​៣២​គ្រឿង​មកហើយ ក្នុងនោះ​មកពី​វៀតណាម មាន ១៥ គ្រឿង​, ម៉ាឡេស៊ី ១៤ គ្រឿង និង​មកពី​ហ្វីលីពីន មាន​៣​គ្រឿង​។​
 
​ឥណ្ឌូណេស៊ី បាន​រឹបអូស និង​កម្ទេច​ទូក​នេសាទ​បរទេស​ខុសច្បាប់ ស្ទើរតែ​រៀងរាល់ខែ​ទៅហើយ ខណៈដែល​តួលេខ​សម្រាប់​អាណត្តិ​ទីមួយ​របស់លោក​ប្រធានាធិបតី​ចូ​កូ វី​ដូ​ដូ ឥណ្ឌូណេស៊ី បាន​កម្ទេច​ទូក​នេសាទ​បរទេស ដែល​ភាគច្រើន​មកពី​វៀតណាម និង​ចិន រហូតដល់​ជាង​៥០០​គ្រឿង​ទៅហើយនោះ​។ 
 
​ចំណាត់ការ​នេះ ក៏មាន​ការរិះគន់​ខ្លះ​ពី​ក្រុមអ្នកតាមដាន​គោលនយោបាយ ដោយ​ចាត់ទុកថា ការកម្ទេច​ទូក​នេសាទ​បែបនេះ គឺជា​គោលនយោបាយ​ឃោរឃៅ​មួយ​។ ក៏ប៉ុន្តែ​ក្រុង​ហ្សា​ការ​តា នៅតែ​ប្រកាន់ខ្ជាប់ និង​ប្រកាស​អនុវត្ត​មិន​ដកថយ ដ្បិត​កន្លងមក ដោយសារតែ​ការ​លួច​ចូល​នេសាទ​របស់​ទូក​នេសាទ​បរទេស ធ្វើ​ឲ្យ​ឥណ្ឌូណេស៊ី បាត់បង់​ចំណូល​ជាច្រើន​លាន​ដុល្លារ​រួចទៅហើយ​៕ 

Tag:
 ឥណ្ឌូណេស៊ី​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com