អន្តរជាតិ
កាហ្សាក់ស្ថាន ជ្រើសរើសប្រធានាធិបតីថ្មីជំនួសលោក ណាហ្សាបាយេវ លោក កាស៊ីម-ចូម៉ាត តូកាយេវ ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់កាហ្សាក់ស្ថាន។ រូបភាព AFP
× កាហ្សាក់ស្ថាន មានប្រធានាធិបតីថ្មីហើយ! លោក កាស៊ីម-ចូម៉ាត តូកាយេវ (Kassym-Jomart Tokayev) ដែលដឹកនាំកាហ្សាក់ស្ថានបណ្ដោះអាសន្នតាំងពីខែមីនាមក បានជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់អាស៊ីកណ្ដាលមួយនេះក្នុងការបោះឆ្នោតថ្ងៃទី៩ ខែមិថុនា។ ជ័យជម្នះរបស់លោក ត្រូវបានរំពឹងទុកជាស្រេច ព្រោះលោកជាបេក្ខជនបក្សកាន់អំណាច ហើយត្រូវបានជ្រើសរើសជាអ្នកតំណែងដោយអតីតប្រធានាធិបតី នួរស៊ុលតង់ ណាហ្សាបាយេវ ផ្ទាល់ផង។
ក្នុងលទ្ធផលផ្សាយថ្ងៃទី១០ ខែមិថុនា គណៈកម្មការរៀបចំការបោះឆ្នោតកាហ្សាក់ស្ថានប្រកាសថា ប្រធានាធិបតីបណ្ដោះអាសន្ន កាស៊ីម-ចូម៉ាត តូកាយេវ ទទួលសំឡេងគាំទ្រចំនួន៧០,៧៦ភាគរយ។ លោក បានផ្ដួលបេក្ខជន៦ទៀតដែលចូលរួមការបោះឆ្នោតថ្ងៃទី៩ ខែមិថុនា។ បេក្ខជនបក្សប្រឆាំង Amirzhan Kosanov ស្ថិតលំដាប់ទីពីរ តែមានសំឡេងដាច់ឆ្ងាយខ្លាំង ដោយមានអ្នកគាំទ្រចំនួន១៦,២ភាគរយប៉ុណ្ណោះ។
ក្នុងនាមជាប្រធានព្រឹទ្ធសភា លោក តូកាយេវ បានដឹកនាំកាហ្សាក់ស្ថានបណ្ដោះអាសន្នក្រោយលោក នួរស៊ុលតង់ ណាហ្សាបាយេវ (Nursultan Nazarbayev) ប្រកាសចុះចេញពីតំណែងក្នុងខែមីនា។ លោក ណាហ្សាបាយេវ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការប្រកាសលាលែងចុះចេញពីតំណែងដែលធ្លាប់កាន់កាប់តាំងពីឆ្នាំ១៩៨៩ មកនោះ។
ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់លោក តូកាយេវ មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលឡើយព្រោះលោកទទួលបានភ្លើងខៀវពីលោក ណាហ្សាបាយេវ ដែលសព្វថ្ងៃជាប្រធានបក្សកាន់អំណាច នួរអូតង់ ជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិដ៏មានឥទ្ធិពល និងជាប់ងារជាបិតាជាតិផងនោះ។ ទោះកាន់អំណាចប្រធានាធិបតីក្ដី លោក តូកាយេវ ធ្លាប់និយាយហើយថា លោកនឹងជជែកជាមួយអតីតប្រធានាធិបតីលើបញ្ហាជាតិសំខាន់ៗដដែល។
ប៉ុន្តែការបោះឆ្នោតចុងសប្ដាហ៍មុន បានគ្របដណ្ដប់ដោយការធ្វើបាតុកម្មប្រឆាំងដ៏ក្នុងរយៈពេលបីឆ្នាំចុងក្រោយ។ ក្រុមបាតុករ បានអំពាវនាវឲ្យមានការធ្វើពហិការការបោះឆ្នោតថ្ងៃទី៩ ខែមិថុនា ដោយលើកឡើងថា ជោគជ័យរបស់លោក តូកាយេវ ត្រូវបានកំណត់ទុកមុនទៅហើយ។ លើសពីនោះ អាជ្ញាធរក៏បានបង្កើនការបោសសម្អាតលើក្រុមប្រឆាំងតាមរយៈការកាត់ទោសអ្នកប្រឆាំងឲ្យជាប់គុករយៈពេលខ្លី និងការចូលឆែកឆេរផ្ទះអ្នកប្រឆាំងជាដើម។
តាមពិតទៅ ការបោះឆ្នោតទាំងអស់នៅកាហ្សាក់ស្ថានទាំងពីមុនៗមក មិនដែលត្រូវបានអន្តរជាតិទទួលស្គាល់ទូលំទូលាយឡើយ។ អង្គការដើម្បីសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) ដែលតែងបញ្ជូនអ្នកសង្កេតការណ៍ទៅត្រួតពិនិត្យការបោះឆ្នោតកន្លងមក ចាត់ទុការបោះឆ្នោតនៅរដ្ឋអាស៊ីកណ្ដាលមួយនេះ ថា មិនត្រឹមត្រូវ និងមិនមានប្រជាធិបតេយ្យឡើយ។ ប៉ុន្តែភោគទ្រព្យរ៉ែ ឧស្ម័នធម្មជាតិ ធ្វើឲ្យប្រទេសលោកខាងលិចមើលប្រទេសនេះក្នុងក្រសែភ្នែកផ្សេងវិញ។
ទោះសង្កត់សង្កិនសំឡេងប្រឆាំងយ៉ាងណាក្ដី លោក ណាហ្សាបាយេវ ដឹកនាំប្រទេសឲ្យស្គាល់ភាពរីកចម្រើនមានបាន និងជាប្រភពថាមពលដ៏សំខាន់តាមរយៈការអភិវឌ្ឍធនធានរ៉ែឧស្ម័នរបស់ខ្លួន ដោយបើកឲ្យក្រុមហ៊ុនបរទេសពីលោកខាងលិច រុស្ស៊ី និងចិនជាដើមនោះ ឲ្យចូលរកស៊ីក្នុងវិស័យនេះ។ លើគោលនយោបាយក្រៅប្រទេស លោក ណាហ្សាបាយេវ បានដឹកនាំកាហ្សាក់ស្ថានឲ្យឈរលើជំហរកណ្ដាលរវាងមហាអំណាចអាមេរិក រុស្ស៊ី និងចិន៕
Tag:
កាហ្សាក់ស្ថាន
Kassym-Jomart Tokayev
Nursultan Nazarbayev
© រក្សាសិទ្ធិដោយ thmeythmey.com