កីឡាអន្តរជាតិ
អន្តរជាតិ
ករណី​រំលោភ​៖ មេធាវី​នឹង​ដក​បណ្តឹង​វិញ បើ​នារី​ដែល​ប្តឹង Neymar គ្មាន​ភស្តុតាង​បន្ថែម​
10, Jun 2019 , 9:59 pm        
រូបភាព
​មេធាវី​ថ្មី​របស់​ស្ត្រី​ម្នាក់​ដែល​ប្តឹងផ្តល់​រឿងអាស្រូវ​ក្នុង​បទ​រំលោភ​ប្រឆាំងនឹង​​កីឡាករ Neymar កំពុង​ពិចារណា​ដក​ពាក្យបណ្តឹង​វិញ ប្រសិនបើ​កូនក្តី​ខ្លួន​មិន​ផ្តល់​ភស្តុតាង​បន្ថែមទៀត​ទេនោះ​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​គេហទំព័រ​ពត៌មាន​ប្រេ​ស៊ី​ល G1 នៅ​ថ្ងៃទី​១០ ខែមិថុនា​នេះ​។​


 
អត្ថបទទាក់ទង
 
 ​លោក​មេធាវី Danilo Garcia Andrade បាន​ចូលរួម​ក្នុង​បណ្តឹង​របស់​នាង Najila Trindade Mendes de Souza កាលពីដើម​សប្ដាហ៍​កន្លងទៅ​។ លោក​ចង់ឃើញ​ខ្លឹមសារ​ក្នុង​ឃ្លី​ប​វីដេអូ​ទី​២​ដែលមាន​រយៈពេល​៧ នាទី​ដែល​ថត​អំឡុងពេល​ការជួបគ្នា​រវាង​តារា​ម៉ូ​ឌែ​ល​រូបនេះ​ជាមួយ​ខ្សែប្រយុទ្ធ Paris Saint-Germain នៅឯ​សណ្ឋាគារ​មួយ​ក្នុង​ក្រុងប៉ារីស ប្រទេស​បារាំង​។​
 
​នាង Najila Trindade បាន​បង្ហោះ​ឃ្លី​ប​វីដេអូ​ដំបូង​របស់​នាង​ដែលមាន​រយៈពេល​ជាង​មួយ​នាទី​លើ​បណ្តាញ​សង្គម​រួចមកហើយ រួមទាំង​ភស្តុតាង​ជាក់ស្តែង​មួយចំនួន​ទៀតផង​។ វីដេអូ និង​ភស្តុតាង​ទាំងនោះ​គឺ​នាង​ធ្លាប់​បានផ្តល់​ទៅ​ឲ្យ​ប៉ូលីស​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃទី​៧ ខែមិថុនា​រួចមកហើយ​ដែរ​។​

 
 
​បើតាម​ខ្សែ​វីដេអូ​ដំបូង​ដែល​នាង Najila Trindade បាន​បង្ហោះ​នោះ មើលទៅ​ហាក់ដូចជា​មិនមាន​ឥទ្ធិពល​អ្វី​ទៅលើ Neymar នោះទេ ដ្បិត​មិនបាន​បង្ហាញ​ពី​សកម្មភាព​រំលោភ​ណាមួយ​ឡើយ ផ្ទុយទៅវិញ​គឺ​ភាគី​ខាង​ស្រី​ទេ​ដែល​ផ្តួល​ខ្លួ​ល​ទៅលើ​ភាគី​ប្រុស​និង​ព្រមទាំង​មាន​ហិង្សា​ទៅខាង​ប្រុស​មុន​ទៀត​។​
 
​យ៉ាងណាក៏ដោយ​បើ​យោងទៅតាម G1 តារា​ម៉ូ​ឌែ​ល​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​អះអាង​ទៀតថា​នាង​មាន​ភស្តុតាង​ជា​វីដេអូ​ផ្សេងទៀត​ដែល​កំពុង​រក្សាទុក​នៅ​កន្លែង​សុវត្ថិភាព​។ លោក Garcia Andrade គឺ​ចង់បាន​វីដេអូ​ទី​ពីរ​នេះ​ពី​កូនក្តី​របស់លោក ប៉ុន្តែ​បើ​មិនមាន​ទេ​លោក​នឹង​ដក​ពាក្យបណ្តឹង​នេះ​ពី​តុលាការ​វិញ​។​
 
​លោក​មេធាវី​មុន​ដែល​ត្រូវ​ជំនួស​ដោយ​លោក Andrade បាន​ឈប់​កាន់​ករណី​របស់ Najila ក៏ដោយ​សា​តែ​នាង​បាន​ផ្លាស់ប្តូរ​ពាក្យបណ្តឹង​ពីបទ​រំលោភ​សេពសន្ថវៈ ទៅជា​បទ​ប្រើ​ហិង្សា​លើ​រាងកាយ​ទៅវិញ​៕
 

Tag:
 បាល់ទាត់​
  Neymar
© រក្សាសិទ្ធិដោយ thmeythmey.com