រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នឹងចូលរួម​ដាំ​កូនឈើ​នៅ​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា ក្នុង​ខេត្តរតនគិរី​
ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នឹងចូលរួម​ដាំ​កូនឈើ​នៅ​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា ក្នុង​ខេត្តរតនគិរី​
10, Jun 2019 , 4:49 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នឹង​អញ្ជើញ​ចូលរួម​ក្នុង​ទិវា​ដាំ​ដើមឈើ​នៅក្នុង​ជំរំ​អភិរក្ស​សត្វ​ដំរី​អៃ​រាវ​ត្តា នៅ​ខេត្តរតនគិរី នា​ថ្ងៃទី​០៦ កក្ត​ដា ខាងមុខនេះ​។ ការចូលរួម​នេះ គឺ​ឆ្លើយតប​នឹង​ការស្នើសុំ​ពី​ប្រធាន​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា លោកស្រី ខៃ ចិន្តា ដែល​ក្រុមការងារ​របស់លោក​ស្ត្រី បាន​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​លោក​រដ្ឋមន្ត្រី នៅ​ទីស្តីការក្រសួង​ព័ត៌មាន កាលពី​ថ្ងៃទី​៨ មិថុនា កន្លងទៅ​។​




​លោកស្រី ខៃ ចិន្តា បាន​ឲ្យ​ដឹង​ពី​គោលបំណង​នៃ​ការរៀបចំ​ទិវា​ដាំ​កូនឈើ​នៅ​ភូមិ​កា​ទៀង ឃុំ​ល្បាំ​ង​ពីរ ស្រុក​លំផាត់ ដែលជា​កន្លែង​អភិ​ក្ស​សត្វ​ដំរី​៤​ក្បាល នៅក្នុង​ខេត្តរតនគិរី​នេះ ថា ដើម្បី​ការពារ​បរិស្ថាន ផ្តល់​ជម្រក​ដល់​សត្វ​ដំរី  បង្កើត​ទេសចរណ៍​បៃតង​នៅក្នុង​ខេត្តរតនគិរី ទឹកដី​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ហើយ​ដើមឈើ​ដែល​ត្រូវ​ដាំ ជា​ប្រភេទ​ឈើ​កម្រ​និង​មានតម្លៃ​ខ្ពស់ជាង​១០​ប្រភេទ​។ លោកស្រី ចិន្តា បាន​បញ្ជាក់ថា សម្រាប់​អ្នកចូលរួម​ដាំ​ដើមឈើ​នេះ គឺ​បរិច្ចាគ​ថវិកា​ចំនួន​៨​ម៉ឺន​រៀល សម្រាប់​ដើមឈើ ១​ដើម ដែល​តម្លៃ​នេះ​រួមទាំង​ការថែទាំ​និង​ស្លាក​ឈ្មោះ​របស់​អ្នក​ឧ​ប​ត្ត​ម្ភ​ផងដែរ​។​



​ទន្ទឹមនឹង​ការយល់ព្រម​ចូលក្នុង​កម្មវិធី​ដំ​ដើមឈើ​នៅ​ជំរំ​អភិរក្ស​សត្វ​ដំរី ខេត្តរតនគិរី ដែល​ប្រធាន​ស​មាគ​អភិរក្ស​ដំរី​អៃ​រាវ​ត្តា​ស្នើសុំ លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ សរសើរ​និង​គាំទ្រ​សមាគម​ដែល​បាន​ទិញ​សត្វ​ដំរី​ពី​ប្រជាពលរដ្ឋ​យកមក​ចិញ្ចឹម​ក្នុងព្រៃ​សហគមន៍ ដោយ​អាច​មើល ឲ្យ​ចំណី​តាមបែប​ធម្មជាតិ​បាន​គ្រប់គ្រាន់ ហើយ​មិន​ធ្វើបាប​និង​ប្រើ​ឲ្យ​ហួសកម្លាំង​នៃ​សត្វ​ដំរី​ទាំងនោះ​។​



​ប្រធាន​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា​ខាងលើ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ស្រឡាញ់​សត្វ​ដំរី បរិស្ថាន និង​ការងារ​សង្គម ឲ្យ​ចូលរួម​ក្នុង​ទិវា​ដាំ​ដើមឈើ នៅ​ខេត្តរតនគិរី នា​ថ្ងៃទី​៦ ខែ​កក្ត​ដា ឆ្នាំ​២០១៩​ខាងមុខនេះ ឲ្យ​បាន​ច្រើន​កុះករ​។ អ្នកស្រី ខៃ ចិន្តា យល់ឃើញថា ការងារ​នេះ គឺជា​ការងារ​មួយ​ដែល​ជួយ​ឲ្យ​កាន់​តែមាន​ភាព​បៃតង ហើយ​ការណ៍​ដែល​យើង​មាន​ព្រៃឈើ គឺ​នឹង​ផ្តល់​ជា​ជម្រក​ដល់​សត្វ​បាន​គ្រប់​ប្រភេទ មិនមែន​ត្រឹមតែ​សត្វ​ដំរី​ប៉ុណ្ណោះ​ទេ​។

​សូម​ទំនាក់ទំនង​ព័ត៌មាន​បន្ថែម​សម្រាប់​លោកអ្នក​ដែល​ចូលរួម​ដាំ​កូនឈើ​នៅ​ភូមិ​កា​ទៀង ឃុំ​ល្បាំ​ង​ពីរ ស្រុក​លំផាត់ ដែលជា​កន្លែង​អភិ​ក្ស​សត្វ​ដំរី នៅក្នុង​ខេត្តរតនគិរី​៖

កញ្ញា ឌួង ហ្សូ​រី​ដា ៖ ០៩៥ ៧៧ ៧៧ ១៤
​លោក មុំ សា​ម៉េ​ត (VJ Hero)៖ ០១២ ៥៣ ៦៦ ៧៦
​អ្នកនាង ភួង ស្រី​មាស ៖ ០១៦ ៦៩ ១៥ ៩៩





© រក្សាសិទ្ធិដោយ thmeythmey.com