កីឡាជាតិ
ជាតិ
បាល់ទះ​អង្គុយ​ជនពិការ​កម្ពុជា​ប្រជែង​កៅអី Paralympic ក្នុង​ជើងឯក​អាស៊ី​អូ​សេ​អា​នី​នៅ​ថៃ
10, Jun 2019 , 5:19 pm        
រូបភាព
ដោយ:
​លោក យី វាសនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​(CPCC)​រំពឹងថា ក្រុម​បាល់ទះ​អង្គុយ​ជនពិការ​កម្ពុជា​នឹង​ដណ្តើមបាន​កៅអី​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​កនៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន ពី​ការប្រកួត​ជើងឯក​អាស៊ី​ប្រចាំ​តំបន់​អូ​សេ​អា​នី ដែល​រៀបចំ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​។ ជាមួយ​ការជំរុញ​ឲ្យ​កីឡាករ​ប្រឹងប្រែង​ប្រកួត​អស់ពី​សមត្ថភាព លោក​ក្រើនរំលឹក​ឲ្យ​ចេះ​សាមគ្គី​គ្នា ស្តាប់​គ្រូបង្វឹក និង​ប្រធាន​ក្រុម ពិសេស​កុំ​ប្រព្រឹត្ត​អំពើ ដែល​នាំ​ឲ្យ​ប៉ះពាល់​កិត្តិយស​ជាតិ​។

 
​ក្រោយ​ខកខាន​ឱកាស​ក្នុងការ​ប្រជែង​កៅអី​ប៉ា​រ៉ា​ឡាំ​ពិ​កនៅ​ប្រទេស​កូរ៉េ​ម្តង​កាលពី​ឆ្នាំ​២០១៧ ក្រុម​បាល់ទះ​អង្គុយ​ជនពិការ​កម្ពុជា​បាន​ទៅ​ប្រជែង​ដណ្តើម​កៅអី Paralympic នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​នា​ឆ្នាំ​២០២០ សាជាថ្មី ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​អាស៊ី​អូ​សេ​អា​នី ដែល​រៀបចំ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ចន្លោះ​ពីថ្ងៃ​ទី​១០-១៦ ខែមិថុនា​។ វា​នឹង​ក្លាយជា​ប្រវត្តិសាស្ត្រ​សម្រាប់​វិស័យ​កីឡា​ជនពិការ ក៏ដូចជា​កម្ពុជា​ទាំងមូល បើ​ក្រុម​កីឡាករ​បាល់ទះ​ជនពិការ​អាច​ឈ្នះ​កៅអី​ពេញសិទ្ធិ​មែន​នោះ​។ ខណៈ​កន្លងមក​កម្ពុជា​បាន​ចូលរួម​ព្រឹត្តិការណ៍​នេះ តាមរយៈ​សិទ្ធិ​អនុគ្រោះ​តែប៉ុណ្ណោះ​។​


 
​កៅអី​ពេញសិទ្ធិ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​ក​ឆ្នាំ​២០២០ នឹង​អាច​កើតមាន​សម្រាប់​កម្ពុជា បើ​ក្រុម​កីឡាករ​បាល់ទះ​អង្គុយ​ជនពិការ​អាច​ដណ្តើមបាន​មេដាយមាស​ពី​ការប្រកួត​ជើងឯក​អាស៊ី​ប្រចាំ​តំបន់​អូ​សេ​អា​នី​នេះ​។ កម្ពុជា ត្រូវ​ប្រកួត​បើកឆាក​ជាមួយ​ក្រុម​អ៊ីរ៉ង់​នៅ​ថ្ងៃទី​១០ មិថុនា​នេះ មុន​បន្ត​ជួប​ក្រុម​កា​ហ្សា​ក់​ស្ថាន ជប៉ុន ចិន កូរ៉េ និង​ម្ចាស់ផ្ទះ​ថៃ​។​
 
​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​លោក យី វាសនា ដែល​អះអាងថា ក្រុម​កីឡាករ​បាល់ទះ​អង្គុយ​ជនពិការ​កម្ពុជា​បាន​ហ្វឹកហាត់​ពង្រឹង​ត្រៀម​អស់​រយៈពេល​៤​ខែ រំពឹងថា កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ល្អ​ពី​ការប្រកួត​នេះ​។ ជាមួយគ្នានេះ​លោក​ជំរុញ​ឲ្យ​កីឡាករ​ត្រូវ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ចេះ​សាមគ្គី​គ្នា និង​ស្តាប់​គ្រូបង្វឹក និង​ប្រធាន​ក្រុម​។​


 
​លោក យី វាសនា បាន​បន្ថែមថា​៖«​ខ្ញុំ​បាន​ព្យាយាម​ជាមួយ​កីឡា​ជនពិការ​នេះ យូរណាស់​មកហើយ ប៉ុន្តែ​យើង​នៅ​មិនទាន់​រកបាន​កៅអី​ទៅ​ប្រកួត​ជើងឯក​ពិភពលោក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​ពេញ​សិទ្ធ​នៅឡើយ​ទេ គឺ​យើង​ទៅ​ចូលរួម​តាមរយៈ​សិទ្ធ​អនុគ្រោះ​ប៉ុណ្ណោះ​។ យើង​ត្រូវតែ​ក្លាហាន​ឡើង ដើម្បី​ដណ្តើម​កិត្តិយស​មក​ស្រុក​យើង​វិញ​។ ខ្ញុំ​សង្ឃឹមថា បងប្អូន​នឹង​ដណ្តើមបាន​កៅអី និង​មេដាយ​ជូន​ប្រទេសជាតិ​ពី​ការប្រកួត​ជើងឯក​អាស៊ី​អូ​សេ​អា​នី​នេះ​»​។​
 
​ជាមួយគ្នានេះ លោក យឹម វណ្ណា ដែលជា​គ្រូបង្វឹក​បាន​អះអាងថា តាមរយៈ​ការបរាជ័យ​កន្លងមក​នៅ​ប្រទេស​កូរ៉េ លោក​បាន​កែប្រែ​ចំណុចខ្សោយ​មួយចំនួន និង​បាន​បញ្ជ្រាប​បន្ថែម​នូវ​បច្ចេកទេស​ថ្មីៗ​។ «​តាម​បទពិសោធ ពេល​ទៅ​ប្រកួត​នៅ​កូរ៉េ គឺ​យើង​បាន​ផ្លាស់ប្តូរ​បច្ចេកទេស​ទាំង​អស់ ដោយ​យើង​បាន​បង្កើន​ទៅលើ​កម្លាំងកាយ តា​ក់ទិច និង​បច្ចេកទេស​ល្អប្រសើរ​ជាង​មុន ហេតុនេះ​យើង​នឹង​ប្រឹងប្រែង​ដណ្តើមយក​កិត្តិយស​ជូន​ជាតិ​ឲ្យ​បាន​»​។ នេះ​ជាការ​លើកឡើង​របស់លោក យឹម វណ្ណា​។   


 
​កីឡាករ​កម្ពុជា​ទាំង​១០​រូប កីឡាករ អ៊ូ ផល្លា​, កៅ ហឿន​, អ៊ីង ភី​រៀម​, តង់ រ៉ាវី​, សាំង វាសនា​, ម៉ន យ៉ា​រ៉ា​ញ់​, ញូញ សុខ​, ពូន ឌី​ណា​, យ៉ុម ក្រឹម និង អឿន ណុ​ត​។ ក្រុមកីឡា​បាល់ទះ​ជនពិការ​កម្ពុជា​ដឹកនាំ​ដោយ​លោក ប៉ឹង សារ៉េត (​ប្រធាន​ប្រតិភូ​) លោក ស្រៀ ចន្ថា (​អនុប្រធាន​ប្រតិភូ​) លោក យឹម វណ្ណា និង​លោក យ៉ុង សុខុម (​គ្រូ​ជំនួយ​)​។ កីឡាករ​ទាំងអស់​ទទួល​បាន​ប្រាក់​ហៅ​ប៉ាវ​ម្នាក់ៗ​២០០​ដុល្លារ​ពី​ក្រសួង​អប់រំ យុវជន​និង​កីឡា​៕ 


ក្រុមកីឡាករបាល់ទះអង្គុយជនពិការកម្ពុជាហ្វឹកហាត់នៅថៃ, រូបភាពពី CPCC

Tag:
 បាល់ទះ​អង្គុយ​ជនពិការ​
  យី វាសនា​
  CPCC
© រក្សាសិទ្ធិដោយ thmeythmey.com