រថយន្ត
អន្តរជាតិ
ចោរ​ម្នា​ក់នៅ​កង់​បេ​រ៉ា លួច​រថយន្ត​៧​ក្នុង​រយៈពេល​៤០​នាទី ប៉ុន្តែ​ត្រូវបាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព​
10, Jun 2019 , 7:19 pm        
រូបភាព
ដោយ: ធីតា
Ashley Brian Figura អាយុ​២៤​ឆ្នាំ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​៤​ឆ្នាំ ក្រោយ​ប្រព្រឹត្ត​អំពើចោរកម្ម​ដោយ​លួច​រថយន្ត​រហូតដល់​ទៅ​៧​ក្នុង​រយៈពេល​ត្រឹមតែ​៤០​នាទី​។ សកម្មភាព​របស់​ជន​ល្មើស​រូបនេះ ត្រូវ​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់គេ​។ នេះ​បើតាម​ការផ្សាយ​របស់ The Canberra Times​។​

 
​កាលពី​ខែធ្នូ ឆ្នាំមុន Figuara ដែល​រស់នៅ​ក្រុង​កង់​បេ​រ៉ា បាន​ចូល​លួច​រថយន្ត HSV Culbsport, Jeep Wrangler, Subaru WRX, Hyundai Santa Fe, Subaru Liberty, BMW 15i និង HSV Commondore ដោយ​ជោគជ័យ​ពី​ហាង​លក់​រថយន្ត​ឈ្មោះ Pickles Auctions ក្នុង​រយៈ​ត្រឹមតែ​៤០​នាទី​ប៉ុណ្ណោះ​.
 
 បុគ្គលិក​នៅ​ក្រុមហ៊ុន Pikcles Auctions បាន​អះអាងថា ពួក​ចាក់​ទ្វាររបង​អគ្គិសនី និង​ដាក់​កណ្តឹង​រោទិ៍​យ៉ាង​ត្រឹមត្រូវ ប៉ុន្តែ​ពួកគេ​មិន​យល់​ទាល់តែសោះ​ថា របង​ត្រូវបាន​ទម្លាយ ហើយ​កណ្តឹង​គ្មាន​សំឡេង​រោទិ៍ ដែល​បណ្តាល​ឲ្យ Figura មានឱកាស​ចូល​លួច​រថយន្ត​រហូតដល់​ទៅ​៧​ក្នុង​រយៈពេល​មិន​ដល់​មួយ​ម៉ោង​ដោយ​ចាប់ផ្តើម​ពី​ម៉ោង​៤​យប់​។​
 
The Canberra Times បានបញ្ជាក់​ឲ្យ​ដឹងថា Figura បាន​យក​រថយន្ត​ដែល​ខ្លួន​បាន​លួច​ទៅ​លា​ក់នៅ​តំបន់ Crestwood ដែលជា​ផ្ទះ​ម្តាយ​របស់ខ្លួន ដែល​នៅក្បែរនោះ​។ ក្រោយ​ជោគជ័យ​នៅ​យប់​ដំបូង Figura បាន​ចូល​លួច​បន្ថែមទៀត​នៅ​យប់​បន្ទាប់ ស្រប​ពេលដែល​ក្រុមហ៊ុន Pikcles រៀបចំ​កា​ម៉េ​រា​សុវត្ថិភាព​ឡើងវិញ ហើយ​បន្ត​យក​រថយន្ត Land Rover Discovery និង Toyota Landcruiser ផុតពី​របង​បាន​ទៀត​។​
 
​គេ​មិនដឹងថា ចោរ​រូបនោះ មាន​វិធីសាស្ត្រ​យ៉ាងណា​នោះឡើយ ដែល​ក្រោយមក គេ​បាន​ព្យាយាម​ទៅ​លួច​រថយន្ត​នៅ​ហាង​លក់​រថយន្ត​ផ្សេងទៀត ដែល​ក្នុងនោះ​មាន BMW ពីរ​គ្រឿង​នៅ​ហាង Gulson Car Sales និង​រថយន្ត​៣​គ្រឿង​នៅ​ហាង​មួយទៀត​។​
 
​ពីរ​បី​ថ្ងៃ​ក្រោយមក ប៉ូលិស​បាន​តាម​ឃើញ​កន្លែង​លាក់​រថយន្ត​របស់ Figura ហើយ​បាន​យក​កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​នៅផ្ទះ​ម្តាយ​ជនល្មើស​ទៅពិនិត្យ​មើល ហើយ​បានឃើញ​សកម្មភាព​បើករថយន្ត​ចូល​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​ប៉ូលិស​ឈឺក្បាល​នោះ គឺថា អ្នកបើករថយន្ត​មិនមែនជា Figura នោះឡើយ​។​
 
​ប៉ូលិស​សន្និដ្ឋានថា ជនល្មើស​មាន​គ្នា​ជាច្រើន​ទៀត​ដែល​សហការ ប៉ុន្តែ Figura ដែល​ត្រូវបាន​ឃុំខ្លួន​អស់​រយៈពេល​ជាង​៥​ខែ មិនបាន​សារភាព​ទាក់ទង​នឹង​មនុស្ស​ដែល​ពាក់ព័ន្ធ​នោះទេ​។ តាមពិតទៅ​ជនល្មើស ធ្លាប់​មានរឿង​ក្តីក្តាំ​ជាច្រើន​រួចហើយ ដោយ​គេ​ជា​មនុស្ស​ដែល​ប្រើប្រាស់​សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន ជា​រឿង​រាល់ថ្ងៃ​។​
 
​ការកំណត់​ទោស​ដាក់ពន្ធនាគារ គ្រាន់តែ​ធ្វើឡើង​ទៅតាម​ផ្លូវច្បាប់​ប៉ុណ្ណោះ ប៉ុន្តែ​ជនល្មើស​ចាំបាច់​ត្រូវ​ទទួល​ការអប់រំ និង​កែប្រែ​ក្នុង​សហគមន៍ ដោយសារតែ​គេ​ជា​មនុស្ស​ញៀន​ថ្នាំ ហើយ​ម្យ៉ាងទៀត សមត្ថកិច្ច​កំពុង​តាម​វែកមុខ​មនុស្ស​ដែល​ពាក់ព័ន្ធ ពីព្រោះ Figura ទំនងជា​មនុស្ស​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com