រថយន្ត
អន្តរជាតិ
កាមេរ៉ាក្នុងតាក់ស៊ី ការពារអ្នកបើកបរ តែប៉ះពាល់សិទ្ធិឯកជនរបស់អ្នកជិះ?
× ការស្ទង់មតិមួយតាមអនឡាញ បានបង្ហាញថា ជនជាតិសិង្ហបុរីដែលអាយុលើស១៥ឆ្នាំភាគច្រើន គាំទ្រការបំពាក់កាមេរ៉ាក្នុងរថយន្តតាក់ស៊ី រថយន្តឈ្នួល និងរថយន្តក្រុងសាធារណៈ ប៉ុន្តែពួកគេក៏ព្រួយបារម្ភពីការរំលោភបំពានសិទ្ធិឯកជនផងដែរ។ នេះបើយោងតាមការផ្សាយរបស់ The Strait Times។
៩នាក់ក្នុងចំណោម១០នាក់ បានមើលឃើញពីសារសំខាន់ក្នុងការបំពាក់កាមេរ៉ាក្នុងរថយន្តតាក់ស៊ី រថយន្តឈ្នួល ក៏ដូចជារថយន្តក្រុងសាធារណៈ។ ខណៈមនុស្សមួយចំនួន ថែមទាំងសំណូមពរឲ្យមានការថតសំឡេងភ្ជាប់ជាមួយរូបភាពវីដេអូ មនុស្សមួយចំនួនទៀតយល់ថា វាជាការរំលោភលើសិទ្ធិឯកជនរបស់អ្នកជិះ។
ចាប់តាំងពីឆ្នាំ២០១៥មក សមាគមតាក់ស៊ីជាតិសិង្ហបុរី បានទាមទារឲ្យមានការបំពាក់កាមេរ៉ាក្នុងរថយន្ត ដើម្បីការពារអ្នកបើកបរពីការយាយីរបស់អ្នកជិះមួយចំនួន ក៏ដោយជាអ្នកបន្លំថ្លៃធ្វើដំណើរ។ អាជ្ញាធរដឹកជញ្ជូនផ្លូវគោកសិង្ហបុរី (LTA) ជាអ្នកទទួលភារកិច្ចក្នុងការបំពាក់ឧបករណ៍នេះ។
យោងការស្ទង់មតិតាមអនឡាញ ជនជាតិសិង្ហបុរី ពិតជាបានមើលឃើញពីសារសំខាន់ក្នុងការបំពាក់កាមេរ៉ាក្នុងរថយន្ត ដែលជាប្រយោជន៍សម្រាប់អ្នកបើកបរ ប៉ុន្តែគណៈកម្មាធិការទិន្នន័យឯកជន ក៏បានរកឃើញផងដែរថា ក្រុមអ្នកធ្វើដំណើរមិនចង់ឲ្យមានការថតសកម្មភាពរបស់ពួកគេនៅពេលធ្វើដំណើរនោះឡើយ។
លោក Janil Puthucheary រដ្ឋមន្ត្រីដឹកជញ្ជូនសិង្ហបុរី បានសរសេរនៅលើហ្វេសប៊ុកខ្លួនថា អាជ្ញាធរ LTA ត្រូវស្រង់លទ្ធផលនៃការស្ទង់មតិឲ្យបានច្បាស់លាស់មុននឹងឈានដល់ការសម្រេចជាផ្លូវការណាមួយ។ ទាក់ទងនឹងការប៉ះពាល់សិទ្ធិឯកជនភាព លោក Puthucheary បានអះអាងថា មានតែស្ថាប័នមានសមត្ថកិច្ច និងភ្នាក់ងារប្រតិបត្តិការប៉ុណ្ណោះ ដែលអាចឃ្លាមើលពីសកម្មភាព រីឯអ្នកលួចបញ្ចេញរូបភាពផ្សេងៗ ត្រូវប្រឈមមុខច្បាប់។
តាមរយៈកាមេរ៉ាក្នុងរថយន្ត កាលពីខែកុម្ភៈកន្លងមក គេឃើញសកម្មភាពទាស់ទែងគ្នារវាងអ្នកបើក Gojek ម្នាក់ និងអ្នកដំណើររបស់ខ្លួន។ អ្នកដំណើរអះអាងថា អ្នកបើកបរព្យាយាមចាប់ជំរិតខ្លួន។ ក្រោយ LTA បានសម្រេចព្រមានអ្នកបើកបរ។
កាលពីខែមិនា លោក Li Yipeng កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី លី សៀនឡុង បានជិះរថយន្តឯកជនមួយ ហើយក្រោយមករូបភាពវីដេអូត្រូវបានផ្សព្វផ្សាយ ដោយប៉ូលិសអះអាងថា សាម៉ីខ្លួន មិនបានដឹង ឬផ្តល់ការអនុញ្ញាតឲ្យផ្សព្វផ្សាយនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com