កីឡាជាតិ
ជាតិ
ONE៖ Yoshihiro Akiyama ពី​កីឡាករ​យូ​ដូ ក្លាយជា​តារា​គុន​ចម្រុះ​លំដាប់​ពិភពលោក​
10, Jun 2019 , 8:39 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
Yoshihiro Akiyama រហស្សនាម  «Sexy Yama» មាន​ជំនាញ​ខាង​ក្បាច់គុន​យូ​ដូរ​ហូត​ក្លាយខ្លួនជា​តារា​គុន​ចម្រុះ​លេចធ្លោ​ក្នុង​លោក​ដល់​សព្វថ្ងៃ​។  Akiyama ធ្លាប់​ប្រកួត​ទល់នឹង​កីឡាករ​ល្បីៗ និង​ទទួលបាន​លទ្ធផល​ជាទី​គាប់ចិត្ត​។ កីឡាករ​ជើងចាស់​ជនជាតិ​ជប៉ុន​រូបនេះ​នឹង​បង្ហាញខ្លួន​លើកដំបូង​នៅ​សង្វៀន ONE Championship ដែល​តតាំង​នឹង​ជើង​ខ្លាំង​ម៉ាឡេស៊ី Agilan Thani ដែលមាន​អាយុ​ប្អូន​ដល់​២០​ឆ្នាំ នៅ ONE: LEGENDARY QUEST នា​ថ្ងៃទី​១៥ ខែមិថុនា ក្នុង​ក្រុង​សៀង​ហៃ ប្រទេស​ចិន​។


 
​ក្នុងការ​ឈានដល់​ជា​កីឡាករ​កម្រិត​កំពូល “Sexy Yama” ត្រូវបានគេទទួលស្គាល់​ថា​មាន​កម្រិត​ក្បាច់គុន​យូ​ដូ​ខ្លាំងក្លា បត់បែន​ក្នុងការ​ប្រកួត​លើ​រេញ មានការ​ប្រកួតប្រជែង​ដ៏​ជោគជ័យ​នៅក្នុង​អាជីព មាន​រូបរាង​ស្អាត​ស្រស់​សង្ហា និង មាន​ក្រមសីលធម៌​ល្អ​។ «​ខ្ញុំ​គិតថា គោលបំណង និង មនោសញ្ចេតនា នៅ​ពីក្រោយ ONE Championship គឺ​ផ្សារភ្ជាប់​ទៅនឹង​ក្បាច់គុន​ចម្រុះ​។ នេះ​ជា​ស្ថាប័ន​ដែល​ឲ្យ​តម្លៃ​និង ការគោរព​សម្រាប់​គូប្រកួត​។ ទាំងនេះ​ជា​អ្វីដែល​ខ្ញុំ​បាន​រៀន​ពី យូ​ដូ ហើយ​ខ្ញុំ និង ONE មានរឿង​ស្រដៀង​គ្នាច្រើន​»​។ នេះ​ជាការ​ថ្លែង​របស់ Akiyama​។ 


 
“Sexy Yama” បានចាប់ផ្ដើម​ជីវិត​រៀន​ក្បាច់គុន​នៅ​អាយុ ៣ ឆ្នាំ ដែលមាន​ឳ​ពុក​ជា​គ្រូបង្វឹក និង នាំ​គេ​ទៅ​កន្លែង​ហ្វឹកហាត់​រហូត​។ ពេល​កាន់តែ​ធំ គេ​បាន​ហ្វឹកហាត់​យ៉ាង​យកចិត្តទុកដាក់ ជាពិសេស​ស្រលាញ់​ក្នុង​ការប្រើ​កម្លាំង និង បច្ចេកទេស​ពី​ក្បាច់គុន​នេះ​។ ក្បាច់គុន​បាន​ជះឥទ្ធិពល​ខ្លាំង​ជាង​អ្វី​ទាំងអស់​ក្នុង​ជីវិត​របស់គេ​។ អ្នកលេង​គុន​ចម្រុះ​វ័យ ៤៣ ឆ្នាំ​ដដែល​ពន្យល់ថា ៖«​វា​ជា​ការពិត​ខ្ញុំ​ស្រលាញ់​ការប្រកួត ប៉ុន្តែ អ្វីដែល​នាំ​ឲ្យ​ខ្ញុំ​ចូលចិត្ត​ក្នុង​ជីវិត យូ​ដូ​នោះ​គឺពាក់ព័ន្ធ​នឹង​វិន័យ​ល្អ​។ ខ្ញុំ​បាន​រៀន​ច្រើន​អំពី​វា ហើយ​វា​ជា​ទស្សនៈវិស័យ​របស់​កីឡា​យូ​ដូ​»​។ 
 
​ដោយសារតែ​វិន័យ​និង​ការខិតខំ​ប្រឹងប្រែង​ទើប​ធ្វើ​ឲ្យ​កីឡាករ​សញ្ជាតិ​ជប៉ុន​រូបនេះ​ឈ្នះ​ជើងឯក​ជាច្រើន និង មានឈ្មោះ​បោះ​សំឡេង​ក្នុង​ពិភពលោក​។ នៅ​ឆ្នាំ ២០០១  Akiyama ឈ្នះ​មេដាយមាស នៅក្នុង​កម្មវិធី  Kodokan Cup និង ព្រឹត្តិការណ៍​ប្រកួត​យូ​ដូ​ទ្វីបអាស៊ី (Asian Judo Championships)​។ នៅ​ឆ្នាំ ២០០២ គេ​ក៏​ឈ្នះ​មេដាយមាស Jigoro Kano Cup, មេដាយមាស​នៅ Tournoi De Paris, និង ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games​។ នៅ​ឆ្នាំ ២០០៣ កីឡាករ​ជប៉ុន​រូបនេះ​ឈ្នះ​ជើងឯក  All-Japan Championships បន្ទាប់ពី​ឈ្នះ​ម្ចាស់​មេដាយ​អូឡាំពិក Kenzo Nakamura, និង ទទួលបាន​កៅអី​ក្នុង​ក្រុម​ជប៉ុន​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក World Judo Championships​។ 
 
​អ្នកលេង​គុន​ចម្រុះ​រូប​សង្ហា​គូសបញ្ជាក់​ដូច្នេះ ៖«​ខ្ញុំ​ចង់ដឹងថា​ខ្ញុំ​នៅ​ល្អ​កម្រិតណា ហើយក៏​ត្រូវដាក់​កំហិត​ខ្លួនឯង​ដែរ តើ​អាចទៅរួច​ប៉ុណ្ណា​ក្នុងការ​ប្រកួត​។ ទោះ​ខ្ញុំ​ឈ្នះ​ការប្រកួត​ជាច្រើន​ក្នុង​ពិភព​កីឡា​យូ​ដូ ហើយ​រឿង​ដ៏​មានន័យ​បំផុត​ក្នុង​ជីវិត គឺ ឈ្នះ​ជើងឯក​ពិភពលោក World Judo Championships »​។  រហូតដល់​ឆ្នាំ ២០០៤ “Sexy Yama” បាន​ផ្លាស់ប្ដូរ​ដោយ​ទៅ​ហ្វឹកហាត់​ធ្វើជា​កីឡាករ​អាជីព ហើយ​គេ​ធ្វើ​បានល្អ​ខ្លាំងណាស់​តាមរយៈ​ទេពកោសល្យ​របស់ខ្លួន​។ មិនយូរប៉ុន្មាន  “Sexy Yama” បាន​ក្លាយជា​ជើងឯក « K-1 HERO’S Grand Prix Champion»​។ ការប្រកួត​ដ៏​មាន​ជំនាញ ក្បាច់​បោក និង​ក្បាច់​សម្លាប់ បានធ្វើ​ឲ្យ​រូបគេ​ជោគជ័យ ហើយក៏​ជា​ផ្នែក​សំខាន់​ក្នុងការ​ត្រលប់មក​សង្វៀន​Baoshan Arena នា​ក្រុង​សៀង​ហៃ​នាពេលខាងមុខ​។ 
 
Akiyama សង្កត់ធ្ងន់ថា ៖«​រឿង​សំខាន់​ក្នុង​យូ​ដូ ដែល​ក្លាយជា​កីឡាករ​គុន​ចម្រុះ គឺជា​ភស្តុតាង​តាមរយៈ​ការ​ទស្សនា​ការប្រកួតរ​បស់​ខ្ញុំ​។ បច្ចេកទេស​កាច់​បោក ឬ ផ្ដួល​គូប្រកួត​គឺជា​តិច​និក​សំខាន់​។ ដូច្នេះ​ខ្ញុំ​គិតថា យូ​ដូ វា​ពិតជា​ចាំបាច់​ណាស់​សម្រាប់​ការប្រកួត​គុន​ចម្រុះ​។ ក្បាច់គុន បង្ហាញ​ភាពខ្លាំង សុភាពរាបសា និង ល្អ​សម្រាប់​រាល់គ្នា​។ នេះ​ជាគោលការណ៍​របស់ខ្ញុំ ហើយ​ទៅ​ថ្ងៃមុខ​ក៏​ខ្ញុំ​ប្រកាន់​គោលជំហរ​បែប​ហ្នឹង​»​។ យ៉ាងណាក្ដី បុរស​វ័យ​៤៣​ឆ្នាំ ក៏មាន​ជំនាញ​ចាប់ ដែល​ធ្វើ​ឲ្យ​គេ​ក្លាយជា​និមិត្តរូប​កំពូល​មួយ​ក្នុងចំណោម​អ្នកលេង​គុន​ចម្រុះ​ក្នុង​លោក​។ 
 
​ការប្រកួត​របស់​ជើងឯក​យូ​ដូ​លំដាប់​ពិភពលោក​រូបនេះ​តែងតែ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​សន្ធឹក​ពី​អ្នកគាំទ្រ​។ បន្ទាប់ពី​សម្រាក​ជិត ៤ ឆ្នាំ Akiyama បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​បង្ហាញខ្លួន​ក្នុងការ​ប្រកួត​លើស​ង្វៀន​លំដាប់​ពិភពលោក ONE លើកដំបូង​ក្នុងការ​ស្វែងរក​អ្នកគាំទ្រ​ថ្មី​។ កីឡាករ​គុន​ចម្រុះ​លំដាប់​ពិភពលោក​រូបនេះ​សង្ឃឹមថា​យុវជន​ជំនាន់​ក្រោយ​ចូលរួម​ហ្វឹកហាត់​កីឡា​ក្បាច់គុន ដើម្បី​ប្រកួត​តំណាង​ជាតិ​បាន​ល្បីឈ្មោះ និង ទទួលបាន​ការគាំទ្រ​ដូច​ខ្លួន​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com